កម្ពុជា-នយោបាយ

ចៅ​សង្កាត់​អតីត​CNRP​មួយ​ចំនួន​ភៀស​ខ្លួន​ចេញ​ក្រៅ និង​ខ្លះ​ទៀត​រក្សា​ជំហរ​នៅ​ក្នុងស្រុក

រូបតំណាងៈបដា​​ទាមទារ​​ឲ្យ​​ដោះ​លែង​​លោក កឹម សុខា នៅ​មុខ​​​ទី​​ស្នាក់​ការ​​គណបក្ស​​សង្គ្រោះ​ជាតិ​
រូបតំណាងៈបដា​​ទាមទារ​​ឲ្យ​​ដោះ​លែង​​លោក កឹម សុខា នៅ​មុខ​​​ទី​​ស្នាក់​ការ​​គណបក្ស​​សង្គ្រោះ​ជាតិ​ REUTERS

ចៅ​សង្កាត់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ភាព​លេច​ធ្លោ​នា​ពេល​កន្លង​មក​បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ ខណៈ​ដែល​អតីត​ចៅ​សង្កាត់​ខ្លះ​ទៀត​រក្សា​ជំហរ​​នៅ​ក្នុង​ស្រុក​ដើម្បី​បាន​នៅ​ជិត​អ្នក​គាំទ្រ​របស់​ពួក​គេ។ ជា​ការ​កត់​សម្គាល់​ការភៀស​ខ្លួន​របស់​ពួក​គេ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។  

ផ្សាយពាណិជ្ជកម្ម

អតីត​ចៅ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​លោក ជិន សុខងេង ដែល​បាន​ជាប់​ឆ្នោត​ជាចៅ​សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប​ បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈមក​ហើយ​ទំនង​ជា​គេច​ចេញ​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ នេះ​បើ​តាមប្រភព​ស្និទ្ធិ​និង​លោក ជិន សុខងេង បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ។

ការ​ភៀស​ខ្លួន​របស់​លោក ជិន សុខងេង​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​លោក យិន ធារី អតីត​ចៅ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ក្រុង​បាវិត ក៏​ដូច​ជា​អតីត​ចៅ​សង្កាត់​អូរចា ក្រុង​បាត់ដំបង់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ គាំទ្រ​ដោយ​សារ​ពួកគេ​យល់​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​អំពាវនាវ​ឲ្យ​មាន​ការ​ចុះចូល​ជាមួយ​គណបក្ស​ម្ខាង​ទៀត ការ​ភៀស​ខ្លួន​គឺជាជម្រើស​មួយ​ល្អ​បំផុត។

គួររម្លឹកថា កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅ​សមាជិក​ក្រុម​ប្រឹក្សា ឃុំ ​សង្កាត់ គណបក្ស​សង្គ្រោះជាតិ​គេច​ខ្លួន​បណ្ដោះ​​​អាសន្ន​ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ ។ បើតាមលោក សម រង្ស៊ី សមាជិក​ក្រុមប្រឹក្សា​គណ​បក្ស​សង្គ្រោះ​ជាតិ​គេច​ខ្លួន​ទៅស្នាក់​នៅ​ផ្ទះ​បង​ប្អូន ឬ​ទៅ​ទី​កន្លែង​ណា​ដែល​ឆ្ងាយ​។

ជា​ការ​កត់​សម្គាល់ ទន្ទឹម​នឹង​ការ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​នេះ គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា ​ចៅ​សង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះទៀត ក៏​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​ដដែល​។ សម្រាប់ លោក យិន ធារី ការណ៍​ដែល​លោក​មិន​ភៀស​ខ្លួន គឺ​ដើម្បី​បាន​នៅជិត​ពលរដ្ឋ​ដែល​ធ្លាប់​បោះឆ្នោត​គាំទ្រ​រូប​លោក។ លោក​យល់​ឃើញ​ទៀត​ថា បើកាលណា​លោក​ភៀស​ខ្លួន ពលរដ្ឋ​នៅ​ក្រុង​បាវិត​នឹង​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច​មិន​ខាន។ នេះ​បើតាម លោក យិន ធារី។ ចំណែក កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា នាង​មិនអាច​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​បាន​ទេ ព្រោះ​ជាប់​កាតព្វកិច្ច​នៅ​មើល​ម្ដាយ ដែល​កញ្ញាបាន​គូស​បញ្ជាក់​ថា គាត់​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។

ដោយឡែក ស្រប​ពេល​ដែល​ឱសានវាទ​នៃ​ការ​ទុក​ពេល​ឲ្យ​ចូល​រួម​ជីវិត​នយោបាយ​ជា​មួយ​​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ចប់​នៅ​ថ្ងៃ​នេះ​ទៅ​ហើយ ទាំង​លោក យិន ធារី អតីត​ចៅ​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រុង​បាវិត និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីត​ចៅ​សង្កាត់​អូចារ នៅ​តែ​បង្ហាញ​ជំហរ​ជាថ្មី​ទៀត​ថា ពួកគេ​នឹង​មិន​ចុះ​ចូល​ជាមួយគណបក្ស​ប្រជាជន​ឡើយ​។ សម្រាប់​កញ្ញារ៉ូហ្សេត គិត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ កញ្ញា​មិនធ្លាប់​ទទួល​បាន​ការ​បង្ខិត​បង្ខំ ឬ​លួង​លោម​ឲ្យ​ចូល​រួម​ជីវិត​នយោបាយ​ជា​មួយ​គណបក្សប្រជាជន​ទេ។ ប៉ុន្តែ​លោក យិន ធារី បង្ហើបថា រូប​គាត់​ធ្លាប់​ទទួល​បាន​ការ​លួង​លោម​ឲ្យចុះ​ចូល​ចាប់​តាំង​តែ​ពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន និង​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ។ បើតាម​អ្នក​ទាំងពីរ​ពួកគេ​នឹង​ប្រកប​របរ​ជីវិត​លក់​ដូរតាម​របៀប​ធម្មតា​ដូច​ពលរដ្ឋ​ទូទៅ​ដែរ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI