កម្ពុជា-ច្បាប់

លោក កឹម សុខា ៖សង្គ្រោះជាតិ ស្ថាប័នរដ្ឋ និង ពលរដ្ឋ ត្រូវ​ការ​ពារ​រដ្ឋធម្មនុញ្ញ​រួម​គ្នា

លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទិវា​​ប្រកាស​​ប្រើ​​រដ្ឋធម្មនុញ្ញ​​លើក​ទី​​២៣​នៅ​ថ្ងៃ​សៅរ៍​ទី​២៤​កញ្ញា​ឆ្នាំ២០១៦
លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទិវា​​ប្រកាស​​ប្រើ​​រដ្ឋធម្មនុញ្ញ​​លើក​ទី​​២៣​នៅ​ថ្ងៃ​សៅរ៍​ទី​២៤​កញ្ញា​ឆ្នាំ២០១៦ @ koa sophea

គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ប្រារព្ធ​ទិវា​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ​លើកទី​២៣នាទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​បក្ស​បាន​លើក​ឡើង​ថា ទាំង​រូប​លោក​ផ្ទាល់ គណបក្ស​សង្គ្រោះជាតិ ស្ថាប័នរដ្ឋ និង ពលរដ្ឋ ត្រូវ​ការ​ពាររដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ចំពោះ​មុន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ លោក កឹម សុខា បាន​គូស​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​អ្វី​ធំ​ជាង​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ ហើយ​រាល់​ការ​តាក់​តែង​សេចក្ដីព្រាង​ច្បាប់​ត្រូវ​ធ្វើ​ឲ្យ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​ទាំង​រូប​លោក គណបក្ស​សង្គ្រោះជាតិ ស្ថាប័ន​នានា​របស់​រដ្ឋ និង ពលរដ្ឋ​ត្រូវ​នាំ​គ្នា​ការពារ​រដ្ឋធម្មនុញ្ញ។

សម្រាប់ លោក កឹម សុខា បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​គឺជា​ចំណុច​រឹត​តែ​សំខាន់​ទៀត​ដែល​នាំភាគី​ខ្មែរ​មូល​មាត់​គ្នា​ឈាន​ទៅ​រក​ការ​ផ្សះ​ផ្សារ ឯកភាពជាតិ និង បង្រួបបង្រួម​ជាតិទាំងមូល។ លោក​អះអាង​ថា ការ​កកើត​នៃ​រដ្ឋធម្មនុញ្ញ​បន្ទាប់​ពី​ខ្មែរ​មាន​ការ​បែក​បាក់ ។ ហើយ​លោក​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​ភាគី​នាំ​គ្នា​មើល​ខ្លឹម​សារ​នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចៀសការ​ឈ្លោះ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ។

លោក​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើ​ជា​សាក្សី​នៃ​ពាក្យ​សម្បថដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ខ្លឹម​សារ​សង្ខេប​នៃ​ពាក្យ​សម្បថ​ក្នុង​រដ្ឋធម្មនុញ្ញ​គឺជាការ​ជម្រុញ​ឲ្យ​អ្នក​នយោបាយ​មាន​ការ​គោរព​ច្បាប់​ដោយ​ស្មើ​ភាព។ ថ្លែង​ដោយប្រយោល​លោក កឹម សុខា ថា គ្មាន​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​អ្វី​មួយ​ដោយ​ល្អ​ឥត​ខ្ចោះ​នោះទេ ប៉ុន្តែ​ចាំ​បាច់​ទាម​ទារ​ឲ្យ​មាន​ការ​ឆ្លុះ​បញ្ចាំង​សកម្មភាព​របស់​អ្នក​នយោបាយ។

សម្រាប់ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​ជំហរបេ្ដជ្ញា​ចិត្ត​របស់​លោក កឹម សុខា ។ ប៉ុន្តែលោក សុខ ឥសាន ស្នើ​ឲ្យ​លោក កឹម សុខា អនុវត្ត​ជំហរ​នេះ​ឲ្យ​បាន​ជាក់​ស្ដែង។ ព្រោះ​លោក សុខ ឥសាន មើល​ឃើញ​ថា កន្លង​មកលោក កឹម សុខា បាន​រំលោភ​សិទ្ធិ​តុលាការ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ដោយ​ឡែក ក្រៅពី​ការ​ថ្លែង​របស់​លោក កឹម សុខា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ផ្សេង​ទៀត​ក៏​បាន​ឡើង​ថ្លែង​ពី​ជំពូក​និមួយៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ពី​ចំណុចខ្វះខាត​នៅ​ក្នុង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ទាក់​ទង​នឹង​វិស័យ អប់រំ សុខាភិបាល កសិកម្ម​ជា​ដើម។

សូមបញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កកើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​បង្កើត​ឡើងរួម​គ្នា​ពី​សំណាក់​គណបក្ស​ចំនួន​បួន​ក្នុង​នោះ​រួមមានៈ គណបក្សប្រជាជន គណបក្សហ៊្វុន ស៊ិនប៉ិច គណបក្ស លោក សឺន សាន និង គណបក្សម៉ូលីណាកា។ ហើយ​ខ្លឹមសារ​សំខាន់ៗ​នៃ​រដ្ឋធម្ម នុញ្ញ​បាន​យក​មូលដ្ឋាន​គ្រឹះ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្ដី​ពី​បញ្ហា​កម្ពុជា​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI