កម្ពុជា-ច្បាប់

ឧទ្ទរណ៍​ចាត់​ទុក​នីតិវិធី​ឃាត់​ខ្លួន​លើស​៤៨​ម៉ោង​របស់ ACU ចំពោះ​មន្ត្រី​អាដហុក​ត្រឹម​ត្រូវ

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សភា​ស៊ើប​សួរ​សាលា​ឧទ្ទរណ៍​បាន​ប្រកាស​សាលា​ដីកា​លើ​ករណី​មន្ត្រី​អាដហុក​៤​រូប ដែល​ប្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU។ បើតាមសាល​ដីកា​ដែល​ប្រកាស​នៅ​ព្រឹក​នេះ នីតិវិធីរបស់ ACU ដែល​ឃាត់ខ្លួន​មន្ត្រី​អាដហុក​ទាំង​បួន​រូបលើស​៤៨​ម៉ោង មិន​រំលោភ​ទៅ​លើ​មាត្រា​៩៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដូច​ការ​ចោទ​ប្រកាន់របស់មេធាវី​ជន​ជាប់​ចោទ​ទេ។

ផ្សាយពាណិជ្ជកម្ម

សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​បាន​ចាត់​ទុក នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ចំពោះ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤​រូប​គឺ​ត្រឹម​ត្រូវ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក ឡោ ជុនធី មេធាវី​ការពារ​ក្ដី​មន្ត្រី​អាដហុក គូសបញ្ជាក់ថា លោក​ក៏​មិន​យល់​ថា ហេតុអ្វី​បាន​ជាសភា​ស៊ើប​សួរ​សាលា​ឧទ្ទរណ៍​ថា នីតិវិធី​របស់ ACU ជា​រឿង​ត្រឹម​ត្រូវ​ដែរ។

 
តែ​ផ្ទុយ​មក​វិញ​សម្រាប់​លោក​មេធាវី​បាន​មើល​ឃើញ​ថា នីតិវិធីរបស់ ACU ដែល​ឃាត់​ខ្លួន​មន្ត្រីអាដហុក​ទាំង​បួន​រូប​បំពាន​ទៅ​លើ​មាត្រា​៩៦​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ។ ព្រោះ ACU បាន​ឃាត់ខ្លួន​មន្ត្រី​អាដហុក​លើស​៤៨​ម៉ោង​ពោល​គឺ​នៅ​មុន​ពេល​ដែល ACU ប្រកាស​ថា នឹង​ឃាត់​ខ្លួន​ពួកគាត់។ ហើយ​ម្យ៉ាង​ទៀត​មុន​ការ​ប្រកាស​ឃាត់​ខ្លួន​ពួក​គាត់​គ្មាន​សិទ្ធិ​សេរីភាព។

 
លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ​បាន​ចាត់​ទុក​ការ​បដិសេធរបស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ទរណ៍​គឺជា​ការ​អនុវត្ត​ច្បាប់​មាន​ចន្លោះ​ប្រហោង។ ព្រោះ​លោកយល់​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​អាដហុក​បួនរូប​នៅ ACU រហូត​ដល់​៤៨​ម៉ោង​លើស​ការ​កំណត់​ដែលផ្ទុយ​ពី​ខ្លឹម​សារ​នៃ​ច្បាប់។ លោក​បន្ថែម​ថា ការ​ឃាត់​ខ្លួន​មនុស្ស​លើស​ការ​កំណត់​វា​បាន​ប៉ះពា​ល់ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ។

 
សូមបញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​៤​រូប​រួម​មានៈ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុន្នី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ក្នុង​សំណុំ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI