កម្ពជា

ក្រសួង​កំណត់​តម្លៃ​ធ្វើ​ប័ណ្ណ​បើក​បរ​ថ្មី ខុស​គ្នា​ដូច​មេឃ​និង​ដី

រថយន្តទំនើបអាមេរិកCadillac  ដាក់តាំងបង្ហាញនៅក្នុងពិព័ណ៌រថយន្តពិភពលោកនៅក្រុង Los Angeles រដ្ឋ California ១៩វិច្ឆិកា២០១៤
រថយន្តទំនើបអាមេរិកCadillac ដាក់តាំងបង្ហាញនៅក្នុងពិព័ណ៌រថយន្តពិភពលោកនៅក្រុង Los Angeles រដ្ឋ California ១៩វិច្ឆិកា២០១៤ REUTERS/Mario Anzuoni

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ និង​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ទើប​តែបាន​ចេញ​សេចក្តី​សម្រេច​ថ្មី​មួយ ស្តីពី ការ​ផ្តល់​សេវា​សាធារណៈរ​បស់​ក្រសួង​សាធារ​ណ​ការ និង​ដឹក​ជញ្ជូន។ ជា​សេចក្តី​សម្រេច​ដែល​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការ​កំណត់​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី ដែល​មាន​តម្លៃ​ថោក​ជាង​មុន​ស្ទើ​ពាក់​កណ្តាល។ សម្រាប់​អ្នក​ធ្វើ​ការ​លើ​បញ្ហា​ចរាចរណ៍ បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ តែ​ថា បើ​លុយ​តិច​ហើយ សេវា​ល្អ​ថែម​ទៀត នោះ​វា​កាន់ តែ​ប្រសើរ។

ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​សេចក្តី​សម្រេច​នេះ ចំពោះ​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​សម្រាប់​ទោចក្រ យានយន្ត​ប្រភេទ ក ឬ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់​ពី​១២៦CC ឡើង​ទៅ មាន​តម្លៃ​ត្រឹម​តែ​៣​ម៉ឺន​រៀលប៉ុណ្ណោះ​ ជា​មួយ​នឹង​រយៈ​ពេល​ធ្វើ​ត្រឹម​តែ​១០​ថ្ងៃ ដែល​មាន​សុពល​ភាព​រហូត​ដល់​១០​ឆ្នាំ។ ចំណែក​ការ​ប្តូរ ឬ​ពន្យារ​ប័ណ្ណ​បើក​បរ​ម៉ូតូ​ប្រភេទ ក វិញ ក៏​មាន​តម្លៃ​ត្រឹម​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​តារាង​ឧបសម្ព័ន្ធ​ថ្មី ដែល​ភ្ជាប់​មក​ជា​មួយ​នៃ​សេចក្តី​សម្រេច​របស់​រដ្ឋមន្រ្តីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ចុះ​ថ្ងៃ​ទី​២១​មករា​ឆ្នាំ២០១៦​នេះ។ ជា​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង ដោយ​យោង​តាម​ចំណារ​របស់​នាយក​រដ្ឋមន្រ្តី កម្ពុជា លោក ហ៊ុន សែន និង​យោង​ទៅ​តាម​ភាព​ចាំ​បាច់​របស់​ក្រសួង​ទាំង​ពីរ និង​បន្ទាប់​ពី​មាន ការ​រិះ​គន់ ទៅ​លើ​នីតិ​វិធី​ដ៏​ស្មុគ​ស្មាញ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។

ចំណែក​ឯការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​សម្រាប់​រថយន្ត​វិញ ក៏​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ស្ទើ​ជាង​ពាក់​កណ្តាល​ផង​ដែរ។ ពោល​គឺ សម្រាប់​រថយន្ត​ប្រភេទ ខ ឬ រថយន្ត​គ្រួសារ​ដែល​មាន​៤​កៅ​អី តម្លៃ​៩ម៉ឺន​រៀល ជា​មួយ​នឹង​រយៈ​ពេល​ធ្វើ​១០​ថ្ងៃ និង​មាន​សុពល​ភាព​១០​ឆ្នាំ។ សម្រាប់​រថយន្ត​ប្រភេទ គ និង ឃ តម្លៃ​៩៥.០០០ រៀល និង​រថយន្ត ប្រភេទ ង មាន​តម្លៃ​១០​ម៉ឺន​រៀល។ ក្នុង​នោះ រាល់ការ​ប្តូរ ឬ​ពន្យារ​ប័ណ្ណ​បើក​បរ​រថយន្ត​គ្រប់​ប្រភេទ តម្លៃ​ត្រឹម​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​មុន ការ​ប្តូរ​ប័ណ្ណ​បើក​បរ​រថយន្ត ក្នុង​ប្រភេទ ខ អស់ ២៨ដុល្លា ទៅ៣៥ដុល្លារ​ឯណោះ។ ចំណែក​ឯ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត ឬ​ជា​ទូ​ទៅ​គេ​ហៅ​ថា ឈៀក នោះ ក៏ត្រូវ​បាន​កំណត់​ជា​ថ្មី​ផង​ដែរ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​អប​អរ​សាទរ​ចំពោះសេចក្តី​សម្រេច​នេះ។ ក៏ប៉ុន្តែ លោក បាន​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល កាត់​ចោល​បន្ថែម​ទៀត នូវនីតិវិធី​ស្មុគ​ស្មាញ​មួយ​ចំនួន ដូច​ជា ទី១,ក្រសួង​គួរ​តែ​ពិនិត្យ​ទៅ​លើ​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​សុំធ្វើ​ប័ណ្ណ​បើក​បរ ឬ ឈៀក ថា​តើ​នៅ​មាន​នីតិវិធី​ស្មុគ​ស្មាញ ប្រកប​ដោយ​ការិយា​ធិប​តេយ្យទៀត​ឬ​ទេ ព្រោះ​ចូល​កុំភ្លេច​ថា ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើក​បរ គេ​ត្រូវ​ឆ្លងកាត់​សាលា​រៀន​បើក​បរ​ឯក​ជន​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន​សិន និង​ទី២, ក្រសួង​គួរ​ពិនិត្យ​ទៅលើ​ឥរិយាបថ​របស់​អ្នក​ផ្តល់​សេវា រួម​ទាំង​ការ​លុប​ចោល​នូវ​ក្រុម​អ្នក​រត់​ការ​ផ្សេងៗ ដែល​បង្ករ​ឲ្យមាន​ភាព​រញ៉េរញ៉ាយ​ផង​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI