អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន ម៉ាណែត រង​ការ​វាយ​ប្រហារ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ

លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​ជួបជុំ​និស្សិត​ឧត្តម​សិក្សា​​កាលពី​ឆ្នាំ ២០១១
លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​ជួបជុំ​និស្សិត​ឧត្តម​សិក្សា​​កាលពី​ឆ្នាំ ២០១១ Siv Channa/RFI
ដោយ៖ ញឹម សុផល
១៧ នាទី

ជា ​ថ្មី​ម្តង​ទៀត លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ប្រតិកម្ម​​ទៅ​​នឹង​​ការ​​ចោទ​​ប្រកាន់​​ថា​ លោក​​និង​​ក្រុម​​ការ​ងារ​​យុវជន​​បាន​​ចំណាយ​លុយ​​រាប់​លាន​​ដុល្លារ ដើម្បី​​ទិញ​​ទឹក​​ចិត្ត​​ពលរដ្ឋ​​ខ្មែរ​​នៅ​​បណ្តា​​ប្រទេស​​នៃ​​សហភាព​​អ៊ឺរ៉ុប ហើយ​​ត្រូវ​​គយបារាំង​​ចាប់​​យក។ លោក​ថា​ ការ​​លើក​​ឡើង​​ដូច្នេះ គឺ​​ជា​​ការ​​ប្រមាថ​​មើល​​ងាយ​ពលរដ្ឋ​​ខ្មែរ​​នៅ​​ឯ​ប្រទេស​​មួយ​​ចំនួន​​នៃ​​សហភាព​​អឺរ៉ុប​​និង​​មើល​​ងាយ​​ផង​​ដែរ​​ដល់​​ច្បាប់​បារាំង។

ផ្សាយពាណិជ្ជកម្ម

កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឲ្យ​ដឹង​ថា​ការ​ចោទ​ថាក្រុម​ការងារ​យក​លុយ​ទៅ​ទិញ​ទឹក​ចិត្ត​របស់​ប្រជាជន​ខ្មែរ​នៅ​អឺរ៉ុប​នោះ​ជា​ការ​ប្រមាថ​ម៉ាក់​ងាយដល់​កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទីនោះ​ធ្ងន់​ណាស់ ដែល​គិតថា​ឧត្តម​គតិ​របស់​ពួក​គាត់​អាច​យក​លុយ​ទៅ​ទិញ​បាន។

នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន លោក ហ៊ុន ម៉ាណែត បាន​សរសេរ​កាល​ពី​យប់ម្សិល​មិញ​ថា លោក​បាន​មើល​ឃើញ​ពី​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន ទាក់​ទង​ទៅ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​ការងារ​យុវជន ដែល​លោក​បាន​ដឹក​នាំ​ទៅ​កាន់ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​លើក​ឡើង​នោះ​គឺ​ថា​ក្រុម​ការងារ​បានយក​លុយ ៦លាន​ដុល្លារ(ខ្លះថា៣លានដុល្លារ) ដើម្បី​យក​ទៅ​ទិញ​ប្រជាជន​ខ្មែរ​នៅ​អឺរ៉ុប ដោយមាន​ការ​លើក​ឡើង​ថា​ក្រុម​ការងារ​បាន​ផ្តល់​អាហារ​ដោយ​ឥត​គិត​ថ្លៃ​និង​ផ្តល់​ថវិការ​ចំនួន​៣០០អ៊ឺរ៉ូ ដល់​អ្នក​ចូល​រួម​ក្នុង​ពិធី​ម្នាក់ៗ ហើយ​ថា​លុយនោះ​ត្រូវ​គយ​បារាំង​ចាប់ ប៉ុន្តែ​ត្រូវ​ឲ្យ​មក​ក្រុមការ​ងារ​វិញ ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង។

ជា​ការ​ឆ្លើយ​តប លោក ហ៊ុន ម៉ាណែត ដើម្បី​ការ​ពារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ចូល​រួមរាប់​ពាន់​នាក់​ដែល​បាន​រស់​នៅ​បណ្តាល​ប្រទេស​អឺរ៉ុប ដូច​ជា​បារាំង អាល្លឺម៉ង់ ស្វីស និងប៊ែលហ្សិក បាន​រៀប​រាប់​ពី​ការស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ ដែល​បាន​ចំណាយ​ពេលវេលា​និង​ថវិកា​ផ្ទាល់​ខ្លួន​ធ្វើ​ដំណើរ​ពី​ទី​ជិត​ទី​ឆ្ងាយ​ទៅ​ចូល​រួម ដើម្បី​បង្ហាញ​ពី​សាមគ្គី​គ្នា ជាគ្រួសារ​ខ្មែរ​តែ​មួយ និង​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការ​វិវឌ្ឍន៍​របស់​ប្រទេស​ជាតិ។
លើស​ពី​នេះ​លោកហ៊ុន ម៉ាណែត ក៏​បាន​លើក​ឡើង​ខ្លី​ថា​ វា​ជា​ការ​ប្រមាថ​ទៅ​ដល់​ច្បាប់​និង​អាជ្ញាធរ​អនុវត្តន៍​ច្បាប់​របស់​ប្រទេស​បារាំង ព្រោះ​ថា ​បារាំង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​ដឹក​លុយ​រាប់លាន​ដុល្លារ​ចូល​ទៅ​ក្នុង​ប្រទេស​គេ​ដោយ​ងាយ​នោះ​ទេ។

សូមបញ្ជាក់​ថាលោក ហ៊ុន ម៉ាណែត និង​ក្រុម​ការងារ​យុវជន បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​សំខាន់ៗ​ចំនួន​៤ដូច​ជា​បារាំង ប៊ែលហ្សិក អល្លឺម៉ង់ និង   ស្វីស រយៈពេល១០ថ្ងៃ ចាបពីថ្ងៃទី២៨វិច្ឆិកាដល់ថ្ងៃទី៧ធ្នូ ខណៈ​ដែល​ស្ថាន​ការណ៍នយោបាយ​កម្ពុជា​មាន​ភាព​តាន​តឹង និង​ប្រឈម​ពី​ការ​លុប​ចោល​ជំនួយ​របស់​សភា​អឺរ៉ុប។  ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ទី​ក្រុង​ប៉ារីស​អំឡុង​ពេល​លោក​ទស្សនកិច្ច​ថា មិន​មាន​គំរោង​ជួប​ជា​មួយ​មន្ត្រី​អឺរ៉ុប​ទេ គឺ​ជា​មួយ​សហគម​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេសអឺរ៉ុប ទាំង​នោះ​ប៉ុណ្ណោះ៕

 

 

 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ