កម្ពជា

លោក ហ៊ុន ​សែន ថា​ការ​លាប​ពណ៌​នាំ​ឲ្យ​ប្រទេស​មាន​គ្រោះ​ថ្នាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០​មេសា​នេះ​បាន​ចំអក​មិន​ចំឈ្មោះ​ទៅ​កាន់​គណបក្ស ​នយោបាយ​ដែល លោក​អះ​អាង​ថា តែង​តែ​លាប​ពណ៌​អ្នក​គាំ​ទ្រខ្លួន​ថា ​ជា​វៀត​ណាម​នៅ​ពេល​ពួក​គេ​ឈប់​គាំទ្រ​ឬ​ចុះ​ចូល​គណបក្ស​ផ្សេង។ ក្នុង​ន័យ​នេះលោក ហ៊ុន សែន បាន​ព្រមាន​ទុក​ជា​មុន​ថា ជាតិ​នឹង​មាន​គ្រោះ​ថ្នាក់​ព្រោះ​មនុស្ស​ធន់​នេះ ។ ទោះ​មិន​និយាយ​ចំ​តែ​គេ​អា​ច​ដឹង​បាន​ថា លោក ហ៊ុន សែន សំដៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​តែ​លើ​ក​បញ្ហា​ជាតិ​ សាសន៍​មក​ឃោសនា។ ប៉ុន្តែ​ផ្ទុយ​មក​វិញលោក យឹម​ សុវណ្ណ ថា​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ជា​អ្នក​រង​គ្រោះ​ដោយ​ការ​លាបព​ណ៌។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​ពិធី ប្រគល់ រង្វាន់ជ័យលាភី"ខ្ញុំជាយុវជនគំរូកម្ពុជា" នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី១០​មេសា​នេះ ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​ខ្លួនថា លោក​មិន​ដែល​លាប​ពណ៌​អ្នក​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​ទុក​សិទ្ធិ​ឲ្យ​គេ​បោះឆ្នោត​គាំទ្រ​រូប​លោក បើ​គិត​ថា លោក​ធ្វើ​សកម្ម​ភាព​ត្រឹម​ត្រូវ​នាំ​មក​នូវ​សន្តិភាព និង ការអភិវឌ្ឍ។

នាយក​រដ្ឋ​មន្រ្តី​ប្រាំ​អាណត្តិ​រូប​នេះ បាន​ប្រដូច​ការ​លាប​ពណ៌​អ្នក​ធ្លាប់​គាំទ្រ​បក្ស​ជា​វៀត​ណាម​នា​ពេល​បច្ចុប្បន្ន​ថា ដូច​សម័យ​ប៉ុល​ពត​អី​ចឹង! សម័យ​ប៉ុល​ពត​ដែល​លោក ហ៊ុន សែន អះអាង​ថា មាន​ការ​លាប​ពណ៌​មនុស្ស​គ្រប់​រូប ថា​ជា​នាយ​ទុន សក្តិភូមិ ចារកម្មយួន​ជា​ដើម។ សកម្ម​ភាព​ទាំង​នេះ​ហើយ​ដែល​លោក ហ៊ុន សែន ជឿថា នាំ​មក​នូវ​ភាពអន្ត​រាយ​ដល់​ប្រទេស។  

បន្ថែម​ពី​លើ​នេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ៊ាន​ទាយ​ទុ​ក​ជា​មុន​ថា នៅពេល​អត់​ពីលោក​ទៅ សង្គ្រាម​ដែល​កើត​ចេញ​ពី​ការ​លាបពណ៌​នឹង​ផ្ទុះ​ឡើង​ភ្លាម។តែ​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ដោយ​មិន​ប្រកាន់និន្នា​ការ​ពណ៌ ព្រោះ​នេះ​ជា​តម្រូវ​ការ​របស់​មនុស្ស។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ទទួល​ស្គាល់​ថា ការ​លាប​ពណ៌គ្នា​ជា​ឧបស្គ​ធំ​រាំ​​ង​ស្ទះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ ប៉ុន្តែ​យ៉ាង​ណា​ម៉ិញ​លោក​ថា គណបក្សសង្គ្រោះ​ជាតិ​ទេ​ជា​អ្នក​រង​គ្រោះ​នៃ​ការ​លាបពណ៌​នេះ។ លោក​បាន​បញ្ជាក់​ថា ជំហរផ្លាស់​ប្ដូរ​របស់​អ្នក​គាំទ្រ គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ដែល​លាប​ពណ៌​នោះ​ទេ៕

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI