កម្ពជា

លោក ហ៊ុន សែន ៖ការ​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ជា​ជម្រើស​តែ​មួយ​គត់​ថែ​រក្សា​សណ្តាប់​ធ្នាប់​សង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa

នៅ​ក្នុងកិ​ច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​២២​មេសា​នេះលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការ​ពារ​រាល់​វិធាន​ការ​ច្បាប់​របស់​រដ្ឋាភិបាល​លើ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន។ លោកថា ការឃាត់ខ្លួន លោក អ៊ុំ សំអាន ធ្វើ​ ឡើង​ត្រឹម​ត្រូវ​តាមនីតិវិធី​ច្បាប់​ចំពោះ​ករណី​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង ដែល ​ឈាន​ទៅ​ដល់​ការ​ឃុំ​ខ្លួន។​ការឃុំខ្លួន​ជា​ជម្រើស​តែ​មួយ​គត់​ដែល​លោក ហ៊ុន សែន យល់ថា ដើម្បី​ថែ​រក្សា​សណ្តាប់​ធ្នាប់​សង្គម។  

ផ្សាយពាណិជ្ជកម្ម

ការ​រម្លឹក​ជា​ថ្មី​ករណី​លោក អ៊ុំ សំអាន ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២២​មេសា​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​លោក អ៊ុំ សំអាន គឺ​លោក ជួង ជូងី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បីសុំ​ឲ្យ​លោក អ៊ុំ សំអាន បាន​នៅ​ក្រៅ​ឃុំ។

លោក ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា សកម្មភាព​លោក អ៊ុំ សំអាន  ឋិត​នៅ​ក្នុង​បន្ទុកនៃ​ការ​ញុះ​ញង់ ធ្វើ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ និង​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ដែល​ទង្វើនេះ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​កម្ពុជា។ដូច្នេះ​ការ​ឃុំខ្លួន លោក អ៊ុំ សំអាន ជា​ជម្រើសតែ​មួយ​គត់​ក្នុង​ការ​ថែរក្សា​សន្តិភាព សណ្តាប់​ធ្នាប់​សង្គម ដែល​ជា​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន បាន​រិះ​គន់​ទៅ​គណបក្ស​ប្រឆាំង​ថា អាន​រដ្ឋធម្មនុញ្ញមិន​ដែល​ចប់។ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ទំនង​ជា​ឆ្លើយ​តប​ទៅ​បក្សប្រឆាំង​ដែល​កន្លង​មក​ធ្លាប់​រិះ​គន់​ចំណាត់​ការ​ឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន ធ្វើឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដោយ​បំពាន​អភ័យ​ឯក​សិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១១​ខែ​មេសា និង​ក្រោយ​មក ត្រូវ​បាន​ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​ សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

បទ​ចោទ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វាយ​តម្លៃ​ថា ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ជា​អក្សរ វីដេអូ ផែនទី​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែនវៀតណាម ​របស់​លោក អ៊ុំ សំអាន នៅ​លើ​បណ្ដាញ​សង្គម ​មាន​ខ្លឹមសារ និង​ចរិត​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​ការ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​។

លោក​មេធាវី ជួង ជូងី ចាត់​ទុក​បទ​ចោទ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មាន​ភាពអយុត្តិ​ធម៌​មក​លើ​កូន​ក្ដី​របស់​លោក ព្រោះ​ថា​អ្វី​ដែល លោក អ៊ុំ សំអាន ធ្វើ​នា​ពេល​កន្លងមក​ដើម្បី​ប្រយោជន៍​សង្គម។ សូម​បញ្ជាក់​ថា ក្រោយ​ការ​ឃុំ​ខ្លួន លោក អ៊ុំ សំអាន លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ណា​ដែល​បន្ត​និយាយ​ថា រដ្ឋាភិបាល​ប្រើ​ប្រាស់ផែន​ទី​ក្លែង​ក្លាយ​ក្នុង​ការ​វាស់​វែង​ព្រំដែន​ជាមួយ​វៀតណាម៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI