កម្ពជា

ក្រសួង​អំពា​វនា​វ​ឲ្យ​ពល​រដ្ឋ​ផ្អាក​ចុះ​លេង​ទឹក​និង​ទទួល​ទាន​គ្រឿង​សមុទ្រ​នៅ​តំបន់​ប្រែ​ពណ៌​ក្នុងខេត្ត​កែប

រូបថតៈស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​ដែល​បាន​ប្រែ​ពណ៌
រូបថតៈស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​ក្នុង​ខេត្ត​កែប​ដែល​បាន​ប្រែ​ពណ៌ @facebook

ស្ថាន​ភាព​ទឹក​សមុទ្រ​ក្នុង​ខេត្ត​កែប​ដែល​បាន​ប្រែ​ពណ៌​ខុស​ប្រក្រតី កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​មិនទាន់​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែ​សំណាក​កករ​ទឹក​សមុទ្រ​ដែលប្រែ​ពណ៌​និ​ង​សត្វ​សមុទ្រ​ដែល​ងាប់​នោះ ភាគី​ពាក់​ព័ន្ធ​បាន​យក​មក​ពិសោធន៍​នៅ​ក្រសួង​បរិស្ថានហើយ​កាល​ពី​យប់​ថ្ងៃ​ ទី​០១​មេសា។ ដំណោះ​ស្រាយ​ចំពោះ​មុខ​ក្រសួង​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋផ្អាក​ចុះ​លេង​ទឹក​ និង​ទទួល​ទាន​គ្រឿង​សមុទ្រ នៅ​តំបន់​ទឹក​ប្រែ​ព​ណ៌​នេះ​មួយរ​យៈសិ​ន។

ផ្សាយពាណិជ្ជកម្ម

 

តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ក្រសួង​បរិស្ថាន​ទាក់​ទង​ករណី​ទឹក​ប្រែ​ពណ៌​ក្នុង​ខេត្ត​កែប​គឺអាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នូវ​កម្រិត​ជាតិ​ស្លែ​សមុទ្រ​ខុស​ប្រ​ក្រ​តី។ ហើយ​ស្ថាន​ភាព​នេះអាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​និង​សត្វ។   

ថ្លែង​ប្រាប់​វិទ្យ​បារាំង លោក សៅ សុភាព អ្ន​ក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ទីមួយ​មិន​ធ្លាប់​មាន​ចំពោះ​ស្ថាន​ភាព​ទឹក​សមុទ្រ​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រ​សួង​កំពុង​ធ្វើ​កា​រត្រួត​ពិនិត្យ​និង​រក​មូល​ឲ្យ​ហេតុ​ឲ្យ​បាន​ពិត​ប្រាកដ។ លោក​សៅ សុភាព នៅ​មិន​ទាន់​ហ៊ាន​វាយតម្លៃ​ថា នេះ​ករណី​ដែល​ប​ង្ក​ឡើង​ដោយទ​ង្វើ​របស់​មនុស្ស​នៅ​ឡើយ​ទេ​ពោល​គឺ​រង​ចាំ​លទ្ធ​ផល​ផ្លូវការ​បង្ហាញ​ជា​សាធារ​ណៈ។

ដោយ​ឡែក​តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ចុះ​ថ្ងៃ​ទី​១​មេសា ពិនិត្យ​ឃើញ​ថា ខ្សែ​ទឹក​និង​ទិស​ខ្យល់​មក​ពី​ទិស​ខាង​កើត​ឈៀង​ខាង​ត្បូង​បាន​នាំ​មក​នូវ​កំណក​កករ​ពណ៌​ក្រហមនិង​បៃ​តង។ ក្រោយ​ហេតុ​ការណ៍​នេះ​កើត​ឡើង​មន្ទី​រ​បរិស្ថាន​ខេត្ត ខណ្ឌ​រដ្ឋ​បាល​ជល​ផល​កែប បាន​ចុះ​ពិនិត្យ​និង​តាម​ដាន​ស្ថាន​ភាព​ប្រែ​ប្រួល​នៃ​ការ​វិវឌ្ឍន៍​គុណ​ភាព​ទឹក​និង​ស្វែង​រក​ប្រភព​មូលហេតុ។

សូម​បញ្ជា​ក់ថា ការ​ប្រែព​ណ៌​ទឹ​ក​សមុ​ទ្រ​បាន​បណ្ដាល​ឲ្យ​សត្វ​សមុទ្រ​ងាប់​ជា​ច្រើ​ន​និង​នាំ​មក​នូវក្លិន​ស្អុយ ឆ្អាប។ តែ​យ៉ាង​ណា​ក៏​ដោយ​គិត​ត្រឹម​ថ្ងៃ​សៅ​រ៍នេះ​ ក្លិន​ស្អុយ និ​ងឆ្អាប​បាន​បាត់ ទៅវិ​ញ ប្រមាណ​៧០​ភាគ​រយ​ហើយ។

លោក សំ ពិសិទ្ឋ អភិ​បាល​រង​ខេត្ត​កែប ឲ្យដឹងថា ស្ថាន​ភាព​ទឹក​សមុទ្រ មក​ទល់​និង​ម៉ោង ០៦ព្រឹក ថ្ងៃទី០២ មេសា នេះ​មាន​លក្ខណៈ ល្អ​ជាង​ពី​ម្សិល​មិញ ហើយ​ទឹក​ពណ៌​បៃតង បាន​បាត់ទៅ​វិញ​ស្ទើរ ទាំងស្រុង ដោយនៅ សេស​សល់​តិច​តួច ប៉ុណ្ណោះ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI