កម្ពុជា-កសិកម្ម

លោក ហេង រតនា៖ ភ្នាក់ងារ​​បរទេស​​ខ្លះ​​ បាន​​កាត់​​បន្ថយ​​ជំនួយ​​​លើ​​វិស័យ​​ដោះ​មីន​​នៅ​​កម្ពុ​ជា

កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​
កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​ © លាងដឺលុច

នៅ​ក្នុង​ឆ្នាំ​២០១៦នេះ ភ្នាក់ងារ​បរទេស​មួយ​ចំនួន ​បាន​កាត់​បន្ថយ​ជំនួយ​ផ្នែក​ថវិកា​នៅ​ក្នុង​ វិស័យដោះមីន​របស់​កម្ពុជា។ លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ ហៅ​កាត់​ថា ស៊ីម៉ាក់(CMAC( ពន្យល់ថា​មូលហេតុ ​ដែល​ជំនួយ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សារ​តែ​ស្ថានការណ៍​ពិភព​លោក​ និង​គោល​នយោបាយ​របស់​ប្រទេស​ខ្លះ​មាន​ការ​ប្រែ​ប្រួល។

ផ្សាយពាណិជ្ជកម្ម

លោក ហេង រតនា​ នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់​CMAC មិន​បាន​បង្ហាញ​ឲ្យ​បាន​លម្អិត​ថា ភ្នាក់​ងារ​បរទេស​របស់​ប្រទេស​ណា​មួយ ​ជា​អ្នកកាត់​បន្ថយ​ជំនួយ​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា​នោះ។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ដោយ​សង្ខេបថា មាន​ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​តែ​មាន​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​លើ​វិស័យ​ដោះមីន​នៅ​កម្ពុជា។ ប្រទេស​ទាំង​នោះ​រួមមាន៖ ជប៉ុន​ជា​ប្រទេស​មួយ​នាំមុខ​ក្នុង​ការ​ផ្ដល់​ជំនួយច្រើន​ជាង​គេ​លើ​ការ​ដោះ​មីន បន្ទាប់​មក​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ និង​ណ័រវេស ជាដើម។                                                                    

ដោយឡែក​សម្រាប់​ប្រទេស​កាណាដា​ មាន​កញ្ចប់​ថវិកា​ជួយ​ដល់​វិស័យ​ដោះមីន​នៅ​កម្ពុជា ចំនួនជាង ​១០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បី ៣ឆ្នាំ។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៅ​ក្នុង​ជំនួប​រវាង លោក ហេង រតនា និងលោក Stephane Dion រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​កាល​ថ្ងៃ​សៅរ៍​ទី​០៣​កញ្ញា។ សូមបញ្ជាក់ថា កាណាដា ជា​ប្រទេស​កំណើត​នៃ​អនុសញ្ញា​អូតាវ៉ា​អន្តរជាតិ​ស្ដីពី ការ​ហាមប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស។ ហើយ​កម្ពុជា​ក៏​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​នេះ​ផងដែរ​។

លោក ហេង រតនា​ បាន​ថ្លែង​ការពារ​ថា ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​មានជាប់​ពាក់​ព័ន្ធ​និង​ការ​កាត់​បន្ថយ​ជំនួយ​ពី​ប្រទេស​ទាំង​នោះ​ឡើយ។ ប្រឈម​និង​ការ​កាត់​បន្ថយជំនួយ​នេះ លោក ហេង រតនា​ គូសបញ្ជាក់ថា វិស័យ​ដោះមីន​នឹង​ជួប​ការ​លំបាក់​ដោយ​មិន​អាចបំពេញ​ទាន់​តម្រូវ​ការ​ដែល​បាន​កំណត់​ ទោះ​បី​ប្រទេសធំៗ​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ក៏​ដោយ។ ប៉ុន្តែយ៉ាងណា​ក៏​ដោយ​នៅ​ក្នុង​ឆ្នាំ២០១៦ វិស័យ​ដោះមីន​កម្ពុជា​ទទួល​បាន​ជំនួយ​ជា​ថវិកា​និង សំភារៈ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​២២​លាន​ដុល្លារ។

ក្រៅ​ពី​ប្រឈម​នៅ​ក្នុង​ការ​កាត់​បន្ថយ​ជំនួយ​នេះ​ហើយ វិស័យ​ដោះ​មីន​កម្ពុជា​ក៏​បាន​ជួប​ប្រទះ​បញ្ហា​កើត​មាន​នៅ​ក្នុង​ស្រុក​ដែរ ពោល​គឺ​បុគ្គលិក​ស៊ីម៉ាក់​ប្រឈម​នៅ​ពេល​ពួក​គេ​ចុះ​ប្រតិបត្តិ​ការក្នុង​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​ក្រាស និង គ្រាប់មីន។ ដោយឡែក​ក្នុង​រយៈ​ពេល​៧​ខែ​ក្នុង​ឆ្នាំ២០១៦នេះ មាន​មនុស្ស​ស្លាប់​និង​របួស​ដោយ​សារ​គ្រប់​មីន​ចំនួន ៥៩ នាក់។ ហើយ​ផ្ទៃដី​ដែលនៅ​សេស​សល់​ទាំង​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​ជាង ​២​ពាន់​ម៉ែត្រ​ក្រឡា៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI