កម្ពជា

លោក ខឹម វាសនា ជាប់​ជា​ប្រធាន​បក្ស​អាណត្តិ​ទី​២ ទាំង​ទឹក​ភ្នែក

លោក ខឹម វាសនា ក្នុង​ឱកាស​សមាជ​លើកទី​២ របស់​បក្សជួង
លោក ខឹម វាសនា ក្នុង​ឱកាស​សមាជ​លើកទី​២ របស់​បក្សជួង @LDP

នៅថ្ងៃនេះ គណបក្សសម្ព័ន្ធ​ដើម្បី​​ប្រជា​ធិប​​តេយ្យ រៀប​ចំ​​សមាជ​លើក​​ទី​២​​របស់​ខ្លួន ដែល​មាន​អ្ន​ក​ចូល​រួម​ជាង​៥០០០​នាក់ ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង។ ពិធី​នេះ​ធ្វើនៅ​មជ្ឈមណ្ឌលកោះពេជ្រ ចំនួន៥អគារ។ ដូចតាម​ការរំពឹងទុក លោក ខឹម វាសនា ប្រមុខ​គណ​បក្សរូបសញ្ញា​ជួង ឬ LDP ត្រូវសមាជិក​សមាជ ជាង១០០០នាក់ បោះឆ្នោតជ្រើសតាំង ជា​ប្រធាន​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​ប្រជា​ធិប​​តេយ្យ ជា​​លើក​​ទី២។ ថ្លែង​​ចំណាប់​អារម្មណ៍​​ទាំង​អួល​ដើម​ក លោក ខឹម វាសនា សន្យា​​​​បន្ត​សកម្ម​ភាព​​កម្ចាត់​អំពើ«ថោកទាប»ជា​បន្ត​ទៀត។

ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​លើក​ទី​១ទេ ដែល​លោក ខឹម វាសនា សម្រក់​ទឹក​ភ្នែក​នៅ​លើក​វេទិកាសាធារណៈ​។ អ្នក​នយោបាយដែល​ធ្លាប់​ជា​តួ​កុន​រូបនេះ បាន​ថ្លែង​ទាំង​ទឹក​ភ្នែក និង​អួល​ដើមក ចំពោះ​សកម្មភាព​របស់​គណបក្សកន្លង​ទៅ​ និង​នៅ​ពេល​ដែល​នឹក​ដល់​សមាជិក​របស់​ខ្លួន​ដែល​បាត់​បង់​ជីវិត​។​ ក្នុងវ័យ​​៥១ឆ្នាំ លោក ខឹម វាសនា បាន​បញ្ជាក់​ច្បាស់​ៗ​ថា លទ្ធផល​ជាប់​ជា​ប្រធាន​នេះ គឺ​​ដូចជា​​​រំពឹង​ទុក​រួច​ទៅ​ហើយ​។ តាំង​ខ្លួន​ជាមេគ្រួសារ ឬ​ពេល​ខ្លះ លោក​បាន​ដាក់​ខ្លួន​ជា​ឪពុក​ផង លោក​ ខឹម វាសនា បានគូស​បញ្ជាក់​យ៉ាង​​ម៉ឺង​មា​ត់​​ថា ការដែល​សមាជិក​គ្រួសារ ​LDP បោះឆ្នោត​គាំទ្រ​បេក្ខភាព​រូប​លោក​ គឺ​ជាការ​ប្រគល់​អំរែក​ ដ៏​ធ្ងន់​​លើ​​ស្មា​របស់ខ្លួន​​​ទៅវិញ​ទេ​។

គួរ​បញ្ជាក់ថា ក្នុង​បោះឆ្នោតជ្រើសរើស​ប្រធាន​បក្ស​​នេះ គឺ​មាន​សមាជិក​សាមជ ដែល​មាន​សិទ្ធិ​​បោះ​ឆ្នោត​ ​​ចំនួន​១០០៩នាក់។  ក្នុង​នោះ​អ្នក​​បោះ​ឆ្នោត​គាំទ្រ ​ចំនួន​១០០៥សំឡេង ១សំឡេង​មិន​គាំទ្រ និង ​៣សំឡេង មិន​បាន​ការ។ ការ​បោះ​ឆ្នោត​នេះ មាន​​បេក្ខ​ភាព​តែ​ម្នាក់​គត់​ដែល​បាន​ឈរ​ឈ្មោះ។​ លើសពីនេះ សមាជ​បក្សលើកទី២ ក៏​បាន​បោះឆ្នោត​អនុម័ត​លក្ខន្តិកៈ​គណបក្ស និង​បេក្ខភាព​គណៈ​កម្មាធិការ​កណ្តាល​ ហើយ​បន្ទាប់​ពី​​ជ្រើស​តាំង​ជា​ប្រធាន​បក្ស​ លោក ខឹម​ វាសនា បាន​​សម្រេច​តាំងតែ​អនុប្រធាន អគ្គលេខាធិការ និង​ក្រុម​ការងារ​ផ្សេងទៀត ដែល​ពួក​គេ ​សុទ្ធតែ​ជា​យុវជន​ក្មេងៗ និង​ប្រុសៗ​​ទាំងអស់។​

យ៉ាង​ណា​ក៏ដោយ ក្នុង​ឱកាស​នេះ​ ប្រធាន​បក្ស​សម្រាប់​អាណត្តិ​ទី​២​របស់​បក្ស​សញ្ញា​ជួង ក៏​ ​បាន​រម្លឹក​ដល់​ការ​ចាក​ចេញរបស់​លោក​​ពី​បក្ស ​សម រង្ស៊ី។ ដើរ​ចេញ​ដោយ​គ្មាន​ការ​សោក​ស្តាយ គ្មាន​ភ័យខ្លាច គឺ​តែមានតែ​ទំនុក​ចិត្ត។ លោក​ថា ដើម្បី​សម្រេច​គោល​បំណង​«មាតុភូមិ​មួយ​ដែល​ពួក​យើង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា​ក្នុង​ភាព​ជាម្ចាស់» គឺ​​ជា​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ តែក្រុម​របស់លោក​​ដឹង​ច្បាស់​ក្នុង​ចិត្តថា​ជា​រឿង​​ត្រឹម​ត្រូវ ដែល​ត្រូវតែ​ធ្វើ​​។

លោក ខឹម​ វាសនា ក៏​បាន​ឆ្លៀត​ថ្លែង​សារ​នយោបាយ​ខ្លះ​ដែរ ដែល​បាន​សង្កត់​ចំៗ​ថា អ្នកដែល​​ធ្វើ​នយោបាយ​​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ជា​មនុស្ស​ដែល​ថោក​ទាប​បំផុត។ តាំង​ខ្លួន​ជា​អ្នក​ជួយ​សង្រ្គោះ​ ប្រមុខ​បក្ស​ជួងថានឹង​បន្ត​​វាយ​បក​យ៉ាងពេញ​ទំហឹង​ចំពោះ​ជន​ថោក​ទាំង​នោះ។ ​ បើ​តាម​លោក ខឹម វាសនា នយោបាយ​គឺ​មិនមែន​ជា​អាជីព​សម្រាប់​រកស៊ីទេ ធ្វើ​នយោបាយ​គឺ​ដើម្បជួយ​សង្គ្រោះ ហើយ​ឲ្យ​រួច​ផុត​ពីការ​គិត​​ប្រយោជន៍​​ផ្ទាល់​ខ្លួន។

ចំពោះ​លោក​ផ្ទាល់ ​ការ​ចាប់​ដើម​កំណើត​របស់​គណបក្ស​ LDP គឺ​ដោយសារតែ​មើលឃើញ​ពី​ទុក្ខ​សោក​របស់​ពល​រដ្ឋ និង​ការ​អាណិត​ស្រឡាញ់ ព្រមទាំង​​ឧត្តម​គតិ​ក្នុងនាម​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខជន​​ជំនាន់​ក្រោយ​។ លោក ខឹម វាសនា សន្យា​ថា​នឹង​បន្ត​ធ្វើ​នយោបាយ​ ក្នុង​ផ្លូវរបស់​លោក​ទៀត​ បើ​ទោះ​ត្រូវ​ប្តូរ​ជីវិត​ ក៏​ត្រូវតែ​ធ្វើ​ឲ្យ​បាន​សម្រេច​ដែរ។

ជាការ​កត់​សម្គាល់ អ្នក​ចូលរួមក្នុង​សមាជ​លើកទី២​នេះ មាន​ជាង​៥០០០នាក់ ហើយ​ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​វិភាគទាន​សម្រាប់​ការ​ចូលរួម​ ចាប់ពី​៧ទៅ​១០ដុល្លារ​អាមេរិក ហើយ​អ្នក​ដែល​រស់​នៅ​ខេត្ត​ឆ្ងាយៗ ​ត្រូវ​ចំណាយលុយ​​ច្រើន​ជាង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI