សន្និបាតថ្ងៃដំបូងរបស់បក្សកាន់អំណាចផ្ដោតសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
«ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧» គឺជារបៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈពីរផ្សេងទៀតដែលសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាជួបជជែកគ្នាសម្រាប់ថ្ងៃដំបូងនៃសន្និបាតប្រចាំឆ្នាំដែលមាន សមាជិក សមាជិកា របស់បក្សអ្នកចូលរួមចំនួន១៤៩៦រូប។
ដូចការគ្រោងទុកនៅព្រឹកថ្ងៃសៅរ៍ទី០៩មករានេះ គណបក្សប្រជាជនកម្ពុជាបានរៀបចំ សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៩ អាណត្តិទី៥ ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩ដល់១០មករា នាមជ្ឈមណ្ឌលកោះពេជ្រ។ សន្និបាតរបស់គណបក្សប្រជាជននៅពេលនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានរៀបចំអបអរសាទរថ្ងៃ៧មករា។
តាមអ្នករៀបចំកម្មវិធីប្រកាសថា សន្និបាតនៅថ្ងៃដំបូងនេះមានរបៀបវារៈសំខាន់ចំនួនបីដែលនឹងលើកយកមកពិភាក្សាទី១-លោក សាយ ឈុំ អនុប្រធានគណបក្ស នឹងរាយការណ៍ជូនអង្គសន្និបាតពីសភាពការណ៍ទូទៅក្នុងឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ ទី២-លោក ស ខេង អនុប្រធានគណបក្សនឹងធ្វើការណែនាំ ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧។ ទី៣-លោក ហ៊ុន សែន ប្រធានគណបក្សជាអ្នកដឹកនាំកិច្ចពិភាក្សា ។
ថ្លែងនៅក្នុងឱកាសបើកសន្និបាតនៅព្រឹកថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា សន្និបាតនៅពេលនេះជាពេលវេលាមួយដែលគណៈកម្មាធិការអន្ត្រៃត្រូវរាយការណ៍របាយការណ៍ជូនគណៈកម្មាធិការកណ្ដាលដើម្បីពិនិត្យនិងសម្រេចទៅលើរបាយការណ៍ទាំងនោះ។ លោក ហ៊ុន សែន ក៏បានជំរុញឲ្យសមាជិក សមាជិកា របស់បក្សផ្ដល់មតិលើរបាយការណ៍ដែលបានអនុវត្តរួចហើយនិងផ្ដល់យោបល់ចំពោះទិសដៅការងារសម្រាប់ឆ្នាំ២០១៦។
បន្ថែមពីនេះទៀត លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងថា សន្និបាតនេះនឹងពិភាក្សាលើជម្លោះដីធ្លី បញ្ហាអយុត្តិធម៌ដោយការបំពារបំពាន ការពង្រឹងស្មារតីសកម្មជនគណបក្សបន្ទាប់ពីបាត់បង់សំឡេងគាំទ្រក្រោយ ការបោះឆ្នោត រួមទាំងការដាក់បញ្ចូលបេក្ខភាពយុវជននិងនារីសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់២០១៧។
បើតាម លោក សុខ ឥសាន ប្រធានបទទាក់ទងការបោះឆ្នោតគឺជាការពង្រឹងសតិអារម្មណ៍សមាជិកបក្សទាំង៥លាន ៥សែនឡើងវិញព្រោះថាក្រោយការបោះឆ្នោតអាណត្តិទី៥កន្លងទៅ សមាជិកសឹងពាក់កណ្តាលមិនបានបោះឆ្នោតឱ្យគណបក្សខ្លួនឡើយ។
សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៩ អាណត្តិទី៥របស់គណបក្សប្រជាជននៅពេលនេះ ធ្វើឡើងបន្ទាប់ការប្រគល់ភារៈកិច្ចរបស់បក្សក្រោយមហាសន្និបាតវិសាមញ្ញកាលពីដើមឆ្នាំ២០១៥។ សន្និបាតរយៈពេល២ថ្ងៃនេះក៏មានការបើកទូលាយឲ្យមន្ត្រីគណបក្សប្រជាជនដទៃទៀតចូលរួមផងដែរ ក្រៅពីសមាជិកគណៈកម្មាធិការកណ្ដាលរបស់បក្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ