របាំព្រះរាជទ្រព្យ មានកំណើតយូរលុងណាស់មកហើយ ក្នុងដែនដីសុវណ្ណភូមិខ្មែរ។ នៅក្នុងរាជ្ជកាលព្រះបាទ ស៊ីសុវត្តិ, របាំព្រះរាជទ្រព្យ បានត្រូវយកទៅសម្តែងជាលើកដំបូងនៅប្រទេសបារាំង ក្នុងឆ្នាំ១៩០៦។ ជាសម័យកាលដែលបើកទំព័រប្រវត្តិសាស្ត្ររបាំបុរាណខ្មែរមួយនេះ ទៅកាន់ពិភពលោក ហើយគេក៏ចាប់ផ្តើមរាប់អាយុកាលនៃរបាំនេះ ចាប់ពីពេលនោះមក។ ដូច្នេះនៅឆ្នាំ២០១៦នេះ របាំព្រះរាជទ្រព្យខ្មែរ មានវ័យជាង១១០ឆ្នាំទៅហើយ ហើយក៏មានការវិវត្តយ៉ាងសម្បូរបែបផងដែរ។ ហេតុនេះ សម្តេចរាជបុត្រី សម្តេចព្រះរាម នរោត្តម បុប្ផាទេវី បានសព្វព្រះទ័យដំឡើងរបាំព្រះរាជទ្រព្យនិងរបាំល្ខោនខោល សាជាថ្មី ដើម្បីឲ្យសាធារណជនបានទស្សនា នៅរាត្រីថ្ងៃទី១៦និង១៧ ធ្នូខាងមុននេះ នៅសាលសន្និសីទចតុម្មុខ។