កម្ពុជា

សហជីព៖ កម្មករ​សំណង់​ធ្វើការមួយថ្ងៃៗ យ​ក​ជីវិត​ទៅ​ប្តូរ ដើម្បីរស់!

កម្មករសំណង់ម្នាក់ឆក់ខ្សែរភ្លើងស្លាប់នៅបុរីពិភពថ្មី ចម្ការដូង ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦។ រូបថត​ដោយសហព័ន្ធសហជីព​កម្មករ​សំណង់ និងព្រៃឈើកម្ពុជា
កម្មករសំណង់ម្នាក់ឆក់ខ្សែរភ្លើងស្លាប់នៅបុរីពិភពថ្មី ចម្ការដូង ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦។ រូបថត​ដោយសហព័ន្ធសហជីព​កម្មករ​សំណង់ និងព្រៃឈើកម្ពុជា @BWTUC

វិស័យ​អចលនទ្រព្យនៅ​ទ្រឹង ហើយ​ការ​សាង​សង់​ជាទូទៅ​មាន​ការ​ថយ​ចុះខ្លះ។​ ទោះ​​យ៉ាង​ណា​ក្តី វិស័យ​សំណង់​បាន​បង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​សម្រាប់ពលរដ្ឋ​ខ្មែរ។ ក៏ប៉ុន្តែ​វិស័យ​នេះ គឺ​កំពុង​​មាន​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​​ខ្ពស់​ រហូត​ដល់​មាន​កម្មករ​បាត់​បង់​ជីវិត​ជាញឹកញយ។

ផ្សាយពាណិជ្ជកម្ម

តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីកម្ម និង​សំណង់, នៅ​ក្នុង​ខែ​សីហា​កន្លង​ទៅ វិស័យ​សំណង់​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ ប្រមាណ​១ម៉ឺន​២ពាន់នាក់។ បើ​និយាយ​តែពីក្នុង​ក្រុង​ភ្នំពេញ គឺមាន​កម្មករ​សំណង់​ដល់ទៅ​៧ពាន់​ទៅ៨ពាន់​នាក់ ដែល​ធ្វើ​ការងារ​ក្នុង​មួយថ្ងៃៗ​។  ​ក្រសួង​ដដែលប​ញ្ជាក់ថា ​កម្មករ​គ្មាន​ជំនាញ ធ្វើការ​មួយ​ថ្ងៃ  បាន​​លុយ​​ប្រហែល ៣ម៉ឺន​៥ពាន់ទៅ​៥ម៉ឺន​រៀល ចំណែក​កម្មករ​ជំនាញ​និង​មេជាង បាន​ប្រាក់​ប្រចាំថ្ងៃ​ ប្រហែល​ពី​ ៥ម៉ឺន​ទៅ​ ៧ម៉ឺន​៥ពាន់​រៀល​។

ក៏ប៉ុន្តែ​ បើ​តាម​លោក​ សុខ គិន អ្នក​តំណាង​សហព័ន្ធសហជីពកម្មករសំណង់​និង​ព្រៃឈើ​កម្ពុជា ហៅកាត់​ថា​ BWTUC បាន​ប្រាប់​វិទ្យុ​បារាំង​ថា សព្វថ្ងៃ កម្មករ​ក្នុង​ផ្នែក​សំណង់​អាច​មាន​ពី​២៨ម៉ឺន ទៅ​៣០ម៉ឺន​នាក់​។ ចំណែក​ប្រាក់​ខែ​សម្រាប់​កម្មករ​គ្មាន​ជំនាញ គឺមាន​កម្រិត​ទាប​មែនទែន​​ គឺ​ពី​៥ទៅ៧ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ ហើ​យបើ​ស្រ្តី​​កម្មករវិញ បាន​ត្រឹម១ម៉ឺន​៨ពាន់ ឬ​ជាង​៤ដុល្លារ ទៅ​៥ដុល្លារ​តែប៉ុណ្ណោះ។

ក្រៅពី​ប្រាក់ប្រចាំថ្ងៃ​ទាប អ្នក​​តំណាង​សហជីព BWTUC ​ដែល​មាន​សមាជិក​ជាង​៥ពាន់ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា មាន​កម្មករ​សំណង់​ស្លាប់ជា​ញឹក​ញយ​ ​ដោយសារ​តែ​ធ្លាក់​ពីលើ​អគារ ឆក់​ខ្សែភ្លើង និង​រងគ្រោះ​របួស​ក្នុង​ការងារ ព្រ​ម​ទាំង​ការ​ធ្លាក់សម្ភារៈ​លើកម្មករ​​ជា​ដើម។ ដើម្បី​រស់ ពួក​គេ​ធ្វើការ​ទាំង​ប្រថុយ​ប្រថាន ប្រៀប​បាន​នឹង​​ធ្វើការ​មួយថ្ងៃៗ ដោយ​យក​ជីវិត​ទៅ​ប្តូរ​!

បន្ថែមពីហានិភ័យ​ទាំង​នេះ កម្មករ​សំណង់​ត្រូវ​ធ្វើការប្រើ​កម្លាំង​​ធ្ងន់ ប្រឈម​នឹង​បញ្ហា​សុខភាព និង​អនាម័​យ​ក្នុង​កន្លែង​ការងារ​។ តាម​លោក សុខ គិន, វិស័យ​សំណង់​មិន​សូវ​មាន ឬ​ស្ទើរតែ​គ្មានតែ​ម្តង ​ការ​យកចិត្ត​ទុក​ដាក់​ពី​ស្ថាប័ន​ពាក់​ពន្ធ គឺវា​មិន​ដូច​វិស័យ​កាត់​ដេរ​ឡើយ​​។

ប្រភព​ដែល បាន​ស្នើ​សុំ​ដល់​ក្រសួង​និង​ស្ថាប័ន​មាន​សមត្ថកិច្ច ឲ្យ​ឧស្សាហ៍​ចុះ​អធិការ​កិច្ច​ត្រួត​ពិនិត្យ​ការដ្ឋាន និង​ដាក់​វិធានការ​តឹង​រឹង​ដល់​ក្រុម​ហ៊ុន​សំណង់​ឲ្យ​បំពាក់សម្ភារៈសុវត្ថិភាព​ដល់​កម្មករ​ ដូចជា​ មួក អាវ ខ្សែក្រវាត់ និង​សម្ភារៈផ្សេង​ៗ។ លើសពីនេះ គឺ​​ត្រូវជួយ​ពង្រឹងតម្លៃ​ប្រាក់​ឈ្នួល​ ដោយ​មិន​គិត​ពី​ភេទប្រុស​ឬ​ស្រី​នោះឡើយ ព្រោះថា​​ បើ​តាម​ច្បាប់​ ការងារ​​ដូចគ្នា គឺត្រូវ​បាន​ប្រាក់​ស្មើ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI