លោក ហ៊ុន សែន បញ្ចុះតម្លៃការប្រឡងពេទ្យពី៥០ម៉ឺនមកត្រឹម១០ម៉ឺនរៀល
ចុះផ្សាយនៅថ្ងៃ៖
ភាពចម្រូងចម្រាសដែលធ្លាប់កើតមានឡើង ចំពោះតម្លៃនៃការទិញពាក្យប្រឡងថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាលត្រូវបិទបញ្ចប់ហើយ។ តាមរយៈការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចុះតម្លៃសម្រាប់ការទិញពាក្យប្រឡងមកនៅកំរិតទាបមួយគឺពី៥០ម៉ឺនមកត្រឹម១០ម៉ឺនរៀល។
សេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងភ្លាមៗបន្ទាប់ពីទទួលបានសំណើររបស់និស្សិតពេទ្យម្នាក់ឈ្មោះ Darapiseth Sokha ។ និស្សិតពេទ្យរូបនេះបានស្នើមកលោក ហ៊ុន សែន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសុំការបញ្ចុះតម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិចំពោះនិស្សិតពេទ្យដែលចប់ប្រាំបីឆ្នាំ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកបញ្ហានេះទៅពិភាក្សាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានសម្រេចជាផ្លូវការគឺបញ្ចុះតម្លៃពី៥០ម៉ឺនរៀលមកនៅ១០ម៉ឺនរៀលសម្រាប់និស្សិតចំនួន១,៤៣៣នាក់។ លោក ហ៊ុន សែន នឹងប្រគល់ភារៈកិច្ចនេះឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីចេញជាសេចក្ដីសម្រេចដើម្បីឲ្យស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។
លោក ហ៊ុន សែន ក៏បានចាត់ទុកសេចក្ដីសម្រេចរបស់លោកគឺជាការជួយសម្រួលលើជីវភាពរស់នៅរបស់និស្សិតឲ្យបានប្រសើរឡើង។
សូមរម្លឹកថា បញ្ហានៃការទិញពាក្យប្រឡងសម្រាប់និស្សិតពេទ្យបានក្លាយជាបញ្ហាចម្រូងចម្រាសខ្លាំង ដោយនៅរៀងរាល់ឆ្នាំមុនការប្រឡង ក្រុមនិស្សិតពេទ្យពួកគេតែងតែធ្វើការតវ៉ាទាមទារឲ្យមានការបញ្ចុះតម្លៃចំពោះការទិញពាក្យប្រឡងដែលមានតម្លៃ៥០ម៉ឺនរៀល។ ហើយម្យ៉ាងទៀត ក្នុងរកណីដែលនិស្សិតប្រឡងធ្លាក់ត្រូវទិញពាក្យ ប្រឡងថ្មី ជាអ្វីដែលពួកគេយល់ថា មានលក្ខណៈគាបសង្កត់ចំពោះនិស្សិតក្រីក្រ។
ជាទូទៅសម្រាប់នីតិវិធីនៃការប្រឡង ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសមួយទៅកាន់គ្រឹះស្ថាន បណ្តុះបណ្តាលផ្នែកសុខាភិបាលនៅកម្ពុជា ដោយឲ្យនិស្សិតពេទ្យទាំងអស់ដែលបានបញ្ចប់ការសិក្សា ត្រូវដាក់ពាក្យប្រឡងថ្នាក់ជាតិ ។ ការប្រឡងថ្នាក់ជាតិនេះធ្វើឡើងពីរដំណាក់កាលទី១-ទ្រឹស្ដី-ទី២ជំនាញគ្លីនិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ