ក្រោយពីទទួលស្គាល់ថាការប្រមូលពន្ធពុំមានប្រសិទ្ធភាពរដ្ឋាភិបាលចាត់វិធានការថ្មីបន្ថែមទៀត
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីពេលថ្មីៗនេះ បានចេញលិខិតបញ្ជាមួយឲ្យចាត់វិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ។ លិខិតបញ្ជានេះ ធ្វើឡើងនៅមុខពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ ហើយទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃចុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់នៅក្នុងលិខិតនោះថា «ប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ ពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយទេ ហើយវាធ្វើឲ្យប៉ះពាល់ដល់ចំណូលថវិការដ្ឋ និងមានអំពើអយុត្តិធម៌ក្នុងការធ្វើពាណិជ្ជកម្មទៀតផង»។
ចុះផ្សាយនៅថ្ងៃ៖
ជាបឋមគួរជ្រាបថា នាពេលកន្លងទៅរដ្ឋាភិបាល បានចេញពីបន្តបន្ទាប់ អនុក្រឹត្យ លិខិតបញ្ជា ឬសារាចរណែនាំនានាមួយចំនួន ក្នុងគោលបំណង ដើម្បីទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធតាមគ្រប់រូបភាព។ ក៏ប៉ុន្តែសូម្បីប្រមុខរដ្ឋាភិបាលខ្លួនឯងផ្ទាល់ ក៏បានទទួលស្គាល់ថា ការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ គឺនៅពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយទេ។ មិនមានប្រសិទ្ធភាព ព្រោះតែកញ្ចប់ពន្ធ ត្រូវបានជ្រុះដាច់រហេតរហូត នៅតាមបណ្តាសាខាគយនិងរដ្ឋាករ តាមច្រកត្រួតពិនិត្យទ្វារអន្តរជាតិ ច្រកទ្វារព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ ជាដើម។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសង្កត់ធ្ងន់ទៀតថា «អំពើរត់ពន្ធ» ក្រៅពីធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋ គឺធ្វើឲ្យមានអំពើអយុត្តិធម៌ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ថែមទៀត។បើតាមលិខិតលោក ហ៊ុន សែន ការលុបបំបាត់ការរត់គេពន្ធ គឺជាកម្មវត្ថុដ៏ក្ដៅគគុក ក្នុងក្រសែភ្នែកមហាជនធុរជនវិនិយោគិនក៏ដូចជាសហគមន៍អ្នកផ្ដល់ជំនួយព្រមទាំងបណ្ដាអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិនានាផងដែរ។
ទោះជាយ៉ាងនេះក្តី នៅក្នុងលិខិតបញ្ជាដដែល ចុះថ្ងៃទី០៩តុលានោះ គឺបានសម្រេចបញ្ជាឲ្យកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវគាំទ្រនិងសហការយ៉ាងសកម្មបំផុត និងឲ្យទាន់ពេលវេលា ជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាប់អំពើរត់គេចពន្ធ។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានសមាភាពមកពីស្ថាប័នសមត្ថកិច្ចជំនាញចំនួន៨ស្ថាប័ន។ គណៈកម្មការនេះ ត្រូវធ្វើប្រតិបត្តិការបង្រ្កាបអំពើល្មើសរត់គេចពន្ធគ្រប់ប្រភេទ ត្រូវធ្វើសិក្ខាសាលា ប្រជុំផ្សព្វផ្សាយ បោះពុម្ពឯកសារច្បាប់ លិខិតបទដ្ឋានផ្សេងៗ ផ្សព្វផ្សាយឲ្យដល់កងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន។
លើសពីនេះ គណៈកម្មការអន្តរក្រសួងនេះ ត្រូវបូកសរុប វាយតម្លៃចំណុចខ្លាំង និងខ្សោយនានាក្នុងការអនុវត្ត និងផ្ញើលទ្ធផលការងារឲ្យទីស្តីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ថា រាល់ការចំណាយសម្រាប់ប្រតិបត្តិការ និងរង្វាន់លើកទឹកចិត្ត គឺជាបន្ទុករបស់នាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវធនារ៉ាប់រង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ