កម្ពុជា-សុខភាព

លោក ម៉ម ប៊ុនហេង៖យុទ្ធនាការ​ទប់​ស្កាត់​ជំងឺ​ហ្ស៊ីកា​នៅ​តែ​បន្តដរាប​ណា​ប្រទេស​ក្បែរ​ខាង​នៅ​តែ​រកឃើញ​ជំងឺ​នេះ

លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។​
លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា។​ សហការី

ហ្ស៊ីកា​កំពុង​វាយ​លុក​តំបន់​អាស៊ី​អាគ្នេយ៍! តួយ៉ាង ប្រទេសថៃ វៀតណាម សិង្ហបុរី និង ម៉ាឡេស៊ី ជាដើម ។ ហ្ស៊ីកាជា​ជំងឺ​ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ ដូច​ទៅ​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ ប៉ុន្តែ​បើ​វា​ឆ្លង​ទៅ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ វា​អាច​បង្ក​ឱ្យ​ទារកនៅ​ក្នុង​ផ្ទៃ​ស្លាប់​ឬ​កើត​មក​មាន​ក្បាល​តូច​ខុស​ប្រក្រតី ។ ហេតុផលទាំងនេះហើយដែលជុំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា បន្ត​យុទ្ធនា​ការ​ទប់​ស្កាត់​ទូ​ទាំង​ប្រទេស ដោយ​ពង្រឹង​នូវ​ប្រព័ន្ធ​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​ហ្ស៊ីកា​នេះ​ជា​បន្ទាន់ ។

ផ្សាយពាណិជ្ជកម្ម

 

(អត្ថបទ ប៉ុន សោភ័ណ) វិធាន​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​ឆ្លើយ​តប​នេះ គឺ​ជា​ការ​តាម​ដាន​ត្រួត​ពិនិត្យ អប់រំ ចុះ​ស្រង់​ស្ថិតិ​ផ្ទាល់ និង ​វិភាគ​រករោគ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​លាស់​នៃ​ជំងឺ​ហ្ស៊ីកា។  នៅ​ក្នុង​នោះ​ក៏​រួម​មាន ការ​ដាក់​ម៉ាស៊ីន​ស្ទង់​កម្តៅ​អ្នក​ដំណើរ​នៅ​តាម​ច្រក​ចេញ​ចូល ការ​ដាក់​មន្ត្រី​ប្រចាំការ​នៅ​តាមច្រក​ព្រំដែន​​​ទាំងអស់ និង​ការចុះ​ចែកខិត​ប័ណ្ឌ​អប់​រំសុខ​ភាពដល់​អ្នក​ដំណើរជាដើម​។ នេះ​បើ​តាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​ថ្លែង​បាន​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ ។

លោក​រដ្ឋ​មន្រ្តី​បន្ត​ថា យុទ្ធនាការ​ទប់​ស្កាត់​ជំងឺ​ហ្ស៊ីកា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​ដរាប​ណា​ប្រទេសជិត​ខាង​នៅ​តែ​រក​ឃើញ​ជំងឺ​នេះ ! ប៉ុន្តែ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​មាន​ការ​ប្រុង​ប្រយ័ត្ន រាល់​ពេល​ធ្វើ​ដំណើរចេញ​ចូល​ទៅ​ក្រៅ រឺ​ក្នុង​ប្រទេស ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ។ 

បន្ថែមលើសពីនេះ លោកលី សូវ៉ាន់អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាលក៏​ធ្លាប់​​បញ្ជាក់​​ថា​ ​ក្រសួង​សុខាភិបាល​បាន​ផ្តល់​ព័ត៌មាន​ទៅកាន់​មន្ទីរសុខាភិ​បាល​ គ្រប់​ខេត្ត​ក្រុង​ទាំង​អស់ ​ធ្វើ​យុទ្ធនា​ការ​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​បោះ​ពុម្ព​ប័ណ្ណ​ព័ត៌មាន​ពី​ជំងឺ​ហ្ស៊ី​កាបិទលើ​រថយន្ត​របស់​រដ្ឋ ​ហើយ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ភូមិ​ឃុំ​ដាច់​ស្រយា​ល​ទូទាំង​ប្រទេស។

សូមបញ្ជាក់ថា ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ហ្ស៊ីកា​នៅ​ក្នុង​តំបន់​ថ្មីៗ​នេះ​មក ប្រទេសកម្ពុជារហូត​មក​ទល់​នឹងពេល​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ​ហ្ស៊ីកា​នៅ​ឡើយ​ទេ។  ជាក់ស្តែង​ប្រទេស​សិង្ហបុរី រក​ឃើញ​រោគសញ្ញា​ច្រើន​ជាង​គេ​គឺ​ចំនួន​៣៥៥​ករណី ក្នុង​នោះ​រួម​បញ្ចូល​១៤​ករណី ដែល​ទើប​រក​រោគ​សញ្ញា​នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍ ទី ១៥ កញ្ញា។ បន្ទាប់​មក​គឺ​ប្រទេស​ថៃ​មាន ២០០ ករណី។ ម៉ាឡេស៊ី ៦​ករណី និង វៀតណាម ៣ ករណី។ជាមួយគ្នានេះក្រសួងសុខាភិបាលឱ្យដឹងថា  វិធីការពារ​ដែល​ល្អ​បំផុត​ពី​ជំងឺ​ហ្ស៊ីកា ​គឺ​ ដូច​គ្នានឹ​ងការការពារ​​ជំងឺ​គ្រុន​ឈាម​ដែរ​ ធ្វើយ៉ាងណា​​ការ​ពារខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ខាំ៕
 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI