អានតួអត្ថបទ
កម្ពុជា

សេរី​ភាព​លើ​ពិភព​លោក​ឆ្នាំ​២០១៧ ៖ កម្ពុជា​មិន​មាន​សិទ្ធិ​នយោបាយ ​និង​សេរីភាព​ពលរដ្ឋ​ពេញលេញ

អង្គការ​អន្តរ​ជាតិ​ហ្វ្រ៊ីដឹម​ហៅស៍ ​(Freedom House)​
អង្គការ​អន្តរ​ជាតិ​ហ្វ្រ៊ីដឹម​ហៅស៍ ​(Freedom House)​ RFI
ដោយ៖ សឿង ភារៈ
១៥ នាទី

អង្គការ​អន្តរ​ជាតិ​ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​នៅ​ដើម​ឆ្នាំ២០១៧នេះ​ ដោយ​បាន​វាយ​តម្លៃ និង​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ថា​មិន​មាន​សិទ្ធិ​នយោបាយ ​និង​សេរីភាព​ពលរដ្ឋ។ ក្នុង​របាយការណ៍​នោះ ​បាន​បង្ហាញ​ថា​កម្ពុជា​ក៏​មិន​មាន​សេរី​ភាព​សារ​ព័ត៌មាន​ពេញ​លេញ​ដែរ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា របាយ​ការណ៍​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​ទេ។​​

ផ្សាយពាណិជ្ជកម្ម

អង្គការ​អន្តរ​ជាតិ ដែល​ឃ្លាំ​មើល​សេរីភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ​លើ​ពិភព​លោក Freedom House បាន​ផ្តល់​ពិន្ទុ​រួម​៣១​ដល់​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ប្រទេស​១៩៥​លើ​ពិភព​លោក តាម​រយៈ​របាយ​ការណ៍ សេរីភាព​លើ​ពិភព​លោក​ឆ្នាំ​២០១៧ របស់​ខ្លួន ចេញ​ផ្សាយ​ចុង​ខែ​មករា​ឆ្នាំ​២០១៧​នេះ។ ពិន្ទុ​៣១ ​ក្នុង​ចំណោម​ពិន្ទុពេញ​១០០ គឺ​មាន​ន័យ​ថា​កម្ពុជា​ជា​ប្រទេស ដែល​ពល​រដ្ឋ​មិន​មាន​សេរី​ភាព​ពេញ​លេញ​ទេ ខណៈ​ប្រទេសដែល​មាន​សេរីភាព​បំផុត​លើ​ពិភព​លោក​គឺ ស៊ុយ​អ៊ែត ន័រវែស និង​ហ្វាំងឡង់ ទទួល​បាន​ពិន្ទុ​ពេញ​១០០។  

 
ផ្នែក​ពីរ​សំខាន់​ៗ ដែល​របាយ​ការណ៍​នេះ​សិក្សា​ស្រាវ​ជ្រាវ គឺ​សិទ្ធិ​នយោបាយ និង​សេរី​ភាព​ពល​រដ្ឋ។ សិទ្ធិ​នយោ​បាយ អង្គការ​នេះ​បាន​ផ្តល់​ពិន្ទុ​១​សម្រាប់​ប្រទេស​ ដែល​មាន​សិទ្ធិ​នយោបាយ​ច្រើន​បំផុត​ ហើយ​ពិន្ទុ​៧សម្រាប់​ប្រទេស ដែល​មាន​សិទ្ធិ​នយោបាយ​តិច​បំផុត​។ ចំពោះ​សិទ្ធិ​នយោបាយ ​កម្ពុជា​ទទួល​បាន​៦​ពិន្ទុ ​ដែលមាន​ន័យ​ថា​កម្ពុជា​ស្ថិត​ទៅ​កៀក​ប្រទេស ដែល​ពល​រដ្ឋ​មាន​សិទ្ធិ​នយោបាយ​តិច​បំផុត។

ចំណែក​សេរីភាព​ពល​រដ្ឋ​វិញ អង្គការ​អន្តរ​ជាតិ​នេះ​បាន​ផ្តល់​ពិន្ទុ១ សម្រាប់​ប្រទេស ដែល​ពល​រដ្ឋ​មាន​សេរីភាពបំផុត ហើយ​ពិន្ទុ​៧​សម្រាប់​ប្រទេស ​ដែល​ពល​រដ្ឋ​មាន​សេរី​ភាព​តិច​បំផុត​។ ចំពោះ​ផ្នែក​សេរី​ភាព​ពល​រដ្ឋ​នេះ កម្ពុជា​បាន​ទទួល​ពិន្ទុ​៥ ដែល​មាន​ន័យ​ថា​កម្ពុជា​ស្ថិត​នៅ​ក្បែរ​ប្រទេស​ដែល​ពលរដ្ឋ​មិន​សូវ​មាន​សេរីភាព​។

ក្នុង​ចំណោម​៤៩​ប្រទេស​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ប្រទេស​មិន​មាន​សេរី​ភាព​នោះ​ កម្ពុជា​ក៏​ជា​ប្រទេស​មួយស្ថិត​នៅ​ក្នុង​នោះ​ដែរ​ តែ​ក្នុង​តំបន់​អាស៊ាន​វិញ​កម្ពុជា​មាន​ពិន្ទុ​ល្អ​ជា​ប្រទេស​ឡាវ និង​វៀតណាម។ កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ​ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ​៣២ ក្នុង​ចំណោម​ប្រទេស​១៩៥​លើ​ពិភព​លោក។

លោក​ផៃ ស៊ីផាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី១ ខែ​កុម្ភៈ​ ថា​អង្គការនេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​វិទ្ធង្សនា​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​របាយការណ៍​នេះ​ មិន​មែន​បង្ហាញ​ពី​ភាព​ជាក់ស្តែង​ក្នុង​ប្រទេស​នីមួយៗ​ទេ ហើយ​អង្គការ​នេះ​បង្កើត​របាយការណ៍​នេះ​ឡើង ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់គេ បន្ត​វាយ​តម្លៃ​ប្រទេស​នី​មួយៗ ដើម្បី​ជា​ចលនា​នយោបាយ​តែ​ប៉ុណ្ណោះ។​ លោក​កត់​សម្គាល់​ថា​អង្គការ​ ហ្វ្រ៊ីដឹម ហៅស៍ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បដិវត្ត​ពណ៌​នៅ​ប្រទេស​មជ្ឈិម​បូព៌ា​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ