សេតវិមាន៖ លោកដូណាល់ ត្រាំនឹងជួបមេដឹងនាំអូតង់នៅខែឧសភា
ចុះផ្សាយនៅថ្ងៃ៖
លោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ នឹងជួបមេដឹកនាំអង្គការអូតង់នៅក្នុងខែឧសភា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃអាទិត្យ ក្រោយពីលោក ដូណាល់ ត្រាំបានពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោកអគ្គលេខាធិការអង្គការអូតង់ Jens Stoltenberg។
លោកប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថាលោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គការអូតង់។ ប៉ុន្តែលោកក៏អំពាវនាវឲ្យសមាជិកមកពីអឺរ៉ុបចូលរួមបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងបក្សសម្ព័ន្ធនេះ។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន។ ក្នុងសេចក្តីប្រកាសដដែលនោះ បានបញ្ជាក់ថាលោកដូណាល់ ត្រាំ នឹងជួបប្រជុំមេដឹកនាំអង្គការអូតង់នៅក្នុងទឹកដីអឺរ៉ុបនាអំឡុងខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានថ្លែងថា: «បក្សសម្ព័ន្ធអូតង់បានយល់ព្រម បន្តការសម្របសម្រួល និងសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាសន្ដិសុខ ដែលអូតង់កំពុងតែប្រឈមមុខ»។ កន្លងមកសហរដ្ឋអាមេរិកបានផ្ដល់មូលនិធិជាបន្តបន្ទាប់ទៅបក្សសម្ព័ន្ធអូតង់ ហើយលោកដូណាល់ត្រាំក៏ធ្លាប់បានជំរុញឱ្យប្រទេសជាសមាជិករបស់អូតង់ទាំងអស់ បង្កើននូវការរួមចំណែកបរិច្ចាគថិវការបស់ខ្លួនបន្ថែម ដើម្បីឲ្យអង្គការនេះ ប្រតិបត្តិការបន្តសកម្មភាពរបស់ខ្លួនដោយរលូន។
សូមជម្រាបជូនថាកន្លងមកថ្នាក់ដឹកនាំអឺរ៉ុបក៏បានបង្ហាញការព្រួយបារម្ភអំពីការរិះគន់យ៉ាងខ្លាំងពីលោកដូណាល់ ត្រាំទៅលើអង្គការអូតង់។ សេចក្តីថ្លែងការណ៍របស់សេតវិមានក៏បានឲ្យដឹងដែរ ថាបក្សម្ព័ន្ធអូតង់ក៏នឹងជជែកពីសក្តានុពល លើការដោះស្រាយជម្លោះដែលកំពុងតែកើតឡើងនៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែនដែរ។
ទីក្រុងគៀវ និងលោកខាងលិចបានចោទប្រកាន់ប្រទេសរុស្ស៊ីថាគឺជាអ្នកនៅពីក្រោយពួកឧទ្ទាមក្នុងប្រទេសអ៊ុយក្រែន និងបានពង្រាយកងទ័ពទៅតាមតំបន់ជម្លោះ។ ប៉ុន្តែក្រុងមូស្គូបានបដិសេធចំពោះការចោទប្រកាន់នេះ។
សូមបញ្ជាក់ថាលោកដូណាល់ ត្រាំ បានចូលកាន់តំណែងចំពេល ដែលទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីនៅកម្រិតទាបបំផុត ក្រោយពីមានការចោទប្រកាន់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកថាវិមានក្រឹមឡាំងបានជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ