កម្ពជា

សមត្ថកិច្ច ផ្អាកការ​ផាក​ពិន័យ​លើ​​លិខិត​ស្នាម​យានយន្ត រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

ការ​ផាក​ពិន័យ​ចំពោះ​លិខិត​ស្នាម​យានយន្ត នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សិន រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី​។ នេះ​គឺ​ជា​ចំណាត់ការ​ថ្មី​មួយ​ទៀត​របស់​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​សម្រុក​ទៅ​ធ្វើ​លិខិតស្នាម​យានយន្ត​ទាំង​នេះ​។ បើ​ទោះ​បី​ជា​ការ​ផាក​ពិន័យ​ចំពោះ​លិខិត​ស្នាម​យានយន្ត​ត្រូវ​បាន​ផ្អាក​ក៏​ដោយ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ចរាចរណ៍​​នឹង​នៅ​តែ​ធ្វើ​ដដែល ហើយ​ការ​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​ផ្សេង​ៗនៅ​តែ​បន្ត​អនុវត្ត​តាម​ធម្មតា​​។  

ផ្សាយពាណិជ្ជកម្ម

អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃ​ពុធ ទី​០៦​ខែ​មករា​នេះ បាន​ចេញ​បទ​បញ្ជា​ថ្មី​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី ខេត្ត និង​អធិការ​ដ្ឋាន ក្រុង ស្រុក ខណ្ឌ ឲ្យ​​ផ្អាក​ការ​ផាក​ពិន័យមួយ​រយៈ​​ចំពោះ​លិខិត​ស្នាម​យានយន្ត​។ លិខិត​ស្នាម​យានយន្ត​ដែល​មាន​ជា​អាថិ៍ បណ្ណ​សម្គាល់យានយន្ត បណ្ណ​បើក​បរ បណ្ណ​ត្រួត​ពិនិត្យលក្ខណៈ​​បច្ចេកទេស​យានយន្ត និង​អាជ្ញាបណ្ណ​អាជីវកម្ម​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​។ រយៈ​ពេល​នៃ​ការ​ផ្អាក​លែង​ផាក​ពិន័យ​លើ​លិខិត​ស្នាម​យានយន្ត​នេះ មិន​មាន​កាល​កំណត់​ទេ គឺ​ត្រូវ​ផ្អាក​រហូត​មាន​បទ​បញ្ជា​ថ្មី​​។

លោក រុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​នៅល្ងាច​ថ្ងៃ​ពុធ​នេះ​ថា ​បទ​បញ្ជា​​ថ្មី​​របស់​អគ្គស្នងការ​នគរបាលជាតិ​នេះ ធ្វើ​ឡើង​ក្នុង​គោលដៅ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​តែ​សម្រុក​ទៅ​ធ្វើ​លិខិតស្នាម​យានយន្ត​ទាំង​នេះ​។ បទ​បញ្ជា​ថ្មី​នេះ ក៏​ផ្ដល់​ឱកាស​ឲ្យ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ផ្ដល់​លិខិត​ស្នាម​យានយន្ត​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។ នេះ​បើ​តាម លោក រុន រ័ត្នវាសនា​។

បើ​ទោះ​បី​ជា​ការ​ផាក​ពិន័យ​ចំពោះ​លិខិត​ស្នាម​យានយន្ត​ត្រូវ​បាន​ផ្អាក​ក៏​ដោយ លោក រុន រ័ត្នវាសនា បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​លិខិត​ស្នាម​យានយន្ត និង​ការ​អនុវត្ត​ចរាចរណ៍​ ​នៅ​តែ​បន្ត​ធ្វើ​ដដែល​។ ក្នុង​នោះ ប្រសិន​បើ​ត្រួត​ពិនិត្យ​ឃើញ​ថា ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​នៅ​មិន​ទាន់​មាន​លិខិត​ស្នាម​យានយន្ត​គ្រប់​សព្វ សមត្ថកិច្ច​នឹង​អប់រំ​ណែនាំ​ឲ្យ​ទៅ​ធ្វើ ដោយ​មិន​មាន​ការ​ផាក​ពិន័យ​ទេ​។ នេះ​ចំពោះ​ករណី​ខ្វះ​លិខិត​ស្នាម​យានយន្ត​។ ដោយ​ឡែក ​ការ​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​ផ្សេង​ៗ នៅ​តែ​បន្ត​អនុវត្ត​តាម​ធម្មតា​​។

គួរ​ជម្រាប​ជូន​ថា បញ្ហា​លិខិត​ស្នាម​យានយន្ត បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ក្ដៅ​នៃ​ការ​ជជែក​ពិភាក្សា ទាំង​ពី​សំណាក់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​។ ភាព​ចម្រូង​ចម្រាស់​នេះ នាំ​ឲ្យ​មាន​ការ​សម្រេច​ផ្អាក​ធ្វើ​បណ្ណ​បើកបរ​យានយន្ត និង​ផ្អាក​​ផាក​ពិន័យ​ចំពោះ​បណ្ណ​បើក​បរ​យានយន្ត​​រួច​ហើយ កាល​ពី​សប្ដាហ៍​មុន​៕

 

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI