កម្ពុជា-សេដ្ឋកិច្ច

​សំណុំ​រឿង​​EBA​៖ សហ​ភាព​អឺរ៉ុប​ដក​ការ​អនុ​គ្រោះ​ពន្ធ​ខ្លះ​ពី​កម្ពុជា គិត​ជា​តម្លៃ​ប្រមាណ​១ពាន់​លាន​អឺរ៉ូ​

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet

សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សំណុំ​រឿង EBA ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​។ តាម​រយៈឯកសារ​​កម្រាស់​១៦​ទំព័រ គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ «ជាបណ្ដោះ​អាសន្ន» ​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​។ 

ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​លក្ខណៈ​បណ្ដោះ​អាសន្ន លើ​ទំនិញ​ចំនួន​៤០​ប្រភេទ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ពន្យល់​ថា ធ្វើ​ឡើង​ដោយ​សារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។

បើ​តាម​សេចក្ដី​សម្រេចចុះ​ថ្ងៃ​ទី​១២​កុម្ភៈ​នេះ ផលិតផល​ទាំង​ឡាយ​ដែលកម្ពុជា​​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​រួម​មាន៖ ផលិតផល​ខ្លះ​ក្នុង​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង ផលិតផល​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​។ ហើយ​ប្រសិន​បើ​សភា​និង​ក្រុម​ប្រឹក្សា​អឺរ៉ុប​មិន​ជំទាស់​ទេ សេចក្ដី​សម្រេច​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​ខាង​មុខ ពោល​គឺ​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ទៀត​។

លោក Josep Borrel តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប និង​ជា​ស្នងការ​រង​នៃ​គណៈកម្មការ​អឺរ៉ុប ថ្លែង​ថា សហភាព​​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ពី​កម្ពុជា​ឡើយ នៅ​ពេល​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិច​បំផ្លាញ លំហ​សិទ្ធិ​មនុស្សត្រូវ​កាត់​បន្ថយ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បិទ​ខ្ទប់​។ ការ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នា​ពេល​នេះ បើ​តាម​លោក Josep Borrel ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​អឺរ៉ុប ចំពោះ​ប្រជាជន​កម្ពុជា ចំពោះ​សិទ្ធិ​របស់​ពួក​គេ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៃ​ប្រទេស​។

ចំណែក​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោក Phil Hogan វិញ, លោក​​បាន​លើក​ឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​អឺរ៉ុប ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​។ លោក​ទទួល​ស្គាល់​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ប៉ុន្តែ​អឺរ៉ុប​នៅ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​។ ការ​គោរព​សិទ្ធិ​មនុស្ស ដែល​លោក អះអាង​ថា គឺ​ជា​រឿង​ដែល​មិន​អាច​ចរចា​បាន​ជា​ដាច់​ខាត​។ សម្រាប់ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប គោលដៅ​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ គឺ​ទាល់​តែ​ស្ថានភាព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារនៅ​កម្ពុជា​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ប្រសើរ​ឡើង​វិញ ទើប​អឺរ៉ុប​អាច​ផ្ដល់ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​វិញ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI