កម្ពុជា

ពលរដ្ឋ​ខ្មែរ​ប្រមាណ​២​លាន​នាក់​ខុស ឈ្មោះ​និង​អាយុ នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន

ក្រុម​កម្លាំង​ជំនាញ​ផ្នែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចុះ​បំពេញ​បែប​បទ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ
ក្រុម​កម្លាំង​ជំនាញ​ផ្នែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចុះ​បំពេញ​បែប​បទ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ @facebook/អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​២​លាន​នាក់​ត្រូវ​គេ​រក​ឃើញ​ថា ខុស​ឈ្មោះ​និង​អាយុ នៅ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន នៅ​ទូ​ទាំង​ប្រទេស។ ការ​រក​ឃើញ​ថា​មាន​ខុស​ឈ្មោះ និង​អាយុ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បើក​កិច្ច​ប្រជុំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ និង​ការ​ធ្វើ​មោឃភាព​ទិន្នន័យ​នៃ​បញ្ជី​អត្រា​នុកូលដ្ឋាន។

ផ្សាយពាណិជ្ជកម្ម

នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ ច័ន្ទ​តារា​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​មហា​ផ្ទៃ​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៣៥​ភាគ​រយ ពោលគឺ​ប្រហែល​២​លាន​នាក់​ បាន​ខុស​ឈ្មោះ​ និង​អាយុ​ នៅ​ក្នុង​អត្រានុកូលដ្ឋាន​របស់​ពួក​គេ​។​ នេះ​ជា​លទ្ធផល​ដែល​បាន​មក​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ចុះបញ្ជី​អត្រា​នុ​កូល​ដ្ឋាន​ពីឆ្នាំ២០០២-២០០៦​ នឹង​ត្រូវ​កែសម្រួល​វិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដោយ​កំហុស​ដែល​បាន​ធ្វើ​ឲ្យ​ខុស​នោះ​ភាគ​ច្រើន​គឺ​កើត​ចេញពី​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​-​សង្កាត់​។

​តាម​រយៈ​ការ​សិក្សា​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​ក្រសួង​មហា​ផ្ទៃ​បាន​កត់សម្គាល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​ដែល កំពុង​ជួប​ប្រទះ​បញ្ហា​ខុស​ទិន្នន័យ​ អត្តសញ្ញាណ​របស់​ខ្លួន​នៃ​អត្រានុកូលដ្ឋាន​ប្រភេទ​តែ​មួយ​លើស​ពី​មួយ​ដង​ ជា​ពិសេស​ការ​ចុះបញ្ជី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ចុះ​បញ្ជី​អត្រា​នុ​កូ​ល​ដ្ឋា​ន​ចល័ត​ ដែល​បាន​ធ្វើ​ឲ្យ​សាមី​ខ្លួន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ ការ​ស្នើរ​សុំ​សេវា​រដ្ឋបាល​ស្មុគស្មាញ​ ដែល​មិន​អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​ សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

តាម​លោក​ម៉ៅ ច័ន្ទតារា ទិន្នន័យ​ដែល​ខុស​នោះ​ភាគ​ច្រើន​ គឺ​ឈ្មោះ​ អាយុ​ ភេទ​ ដូច​ជា​អាយុ​ឱពុក​ដាក់​អាយុ​កូន​ ហើយ​ឈ្មោះ​កូន​ បែរជាដាក់​ឈ្មោះ​ឱ​ពុក​ និង​ ភេទ​ប្រុស ​ដាក់​ទៅ​ជា​ភេទ​ស្រី​ជាដើម​។​ តែ​យ៉ាងណា​ក្តី​ លោកបញ្ជាក់ថាកំហុសបច្ចេក​ទេស​ទាំងនេះ​នឹង​ធ្វើការ​កែប្រែ​រួច​ឲ្យ​អស់​ក្នុង ​រយៈពេល​ពីរ​ឆ្នាំ​ ដោយមានការ​អំពាវនាវ​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​គ្រប់ជាន់​ថ្នាក់​ ​ធ្វើការ​ប្រកបដោយការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចៀសវាងការ​ភ​ន្ត​ច្រឡំ​និង​ខុស​ទិន្នន័យ​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ខ្វះ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅ​លើ​សមត្ថកិច្ច។

សូម​បញ្ជាក់​ថា​កន្លង​មក​មន្ត្រី​អត្រា​នុកូលដ្ឋាន​មួយ​ចំនួន រង​ការ​រិះ​គន់​ថា​ បាន​បំពេញ​ការងារ​ចុះ​បញ្ជី​អត្រា​នុកូលដ្ឋាន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណេះ​ដឹង​របស់​មន្ត្រី​នៅ​មាន​កំរិត និង​រួម​ផ្សំ​ផង​ដែរ​នូវ​អំពើ​ពុក​រលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI