កម្ពុជា-នយោបាយ

គណបក្ស​ចំនួន​២០​ទៀត​ត្រូវ​បាន​លុប​ឈ្មោះ​ពី​បញ្ជី

លោកខៀវ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ
លោកខៀវ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ @សហការី

​គណបក្ស​នយោបាយ​ចំនួន​២០​ទៀត​ហើយ ដែល​ភាគ​ច្រើន​គេ​កម្រ​នឹង​ឮ​ឈ្មោះ ត្រូវ​បាន​រដ្ឋាភិបាល​លុប​ចេញ​ពី​បញ្ជី​ដោយ​ថា ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​សំណើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​កាល​ពី​ដើម​ឆ្នាំ​នេះ។ បើ​តាម​ក្រសួង​មហា​ផ្ទៃ កាល​ពី​ឆ្នាំ​២០១៤​ក៏​មាន​គណបក្ស​នយោបាយ ចំនួន ២៤ ត្រូវ​បាន​លុប​ឈ្មោះ ចេញ​ពី​បញ្ជី​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្ដី​សម្រេច​មួយ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង បាន​បញ្ជាក់​ថា ការ​លុប​ឈ្មោះ​គណបក្ស​នយោបាយ​ទាំង​នេះ​គឺ​ធ្វើ​ឡើង​ស្រប​តាម​មាត្រា​១៩​ថ្មី និង​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI បន្ថែម​ថា ក្នុង​ចំណោម​គណបក្ស​ទាំង​២០​នេះ ខ្លះ​មិន​បាន​ធ្វើ​របាយការណ៍​ឲ្យ​ក្រសួង ខ្លះ​មិន​ធ្វើ​សកម្ម​ភាព​អ្វី​សោះ មេ​បក្ស​ខ្លះ​រត់​ចោល​ជួរ ខណៈ​ខ្លះ​ទៀត​បាត់​បង់​ទី​ស្នាក់​ការ​ដែល​មិន​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។

ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​វិសោធនកម្ម​​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ច្បាប់​ថ្មី​នេះ​បាន​ចែង​បន្ថែម​ថា ​មិន​ឲ្យ​ទណ្ឌិត ធ្វើ​ជា​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​នោះ​ឡើយ។

បើ​តាម​របាយការណ៍ របស់​ក្រសួង​មហា​ផ្ទៃ គិត​មក​ដល់​ចុង​ឆ្នាំ​២០១៤ មាន​គណបក្ស នយោបាយ ​ចំនួន ៤១ ចុះ​ឈ្មោះ​នៅ​ក្រសួង​នេះ។​

ចំណែក​គណបក្ស​នយោបាយ​ចំនួន​២០​ដែល​ក្រសួង​មហា​ផ្ទៃ​លុប​ចោល​នៅ​ពេល​នេះ គេ​នៅ​ចាំ​បាន​ថា មាន​គណបក្ស​ជាតិ​ខ្មែរ ដែល​កាល​ពី​មុន​ជា​របស់​លោក សម រង្ស៊ី គណបក្ស​ប្រជាធិបតេយ្យ​សេរី​ព្រះ​ពុទ្ធ​សាសនា​របស់​លោក​តា សឺន សាន គណបក្ស​សាធារណៈរដ្ឋ​ខ្មែរ របស់​លោក លន់ រិទ្ធិ កូន​ប្រុស លោក​សេនា​ប្រមុខ លន់ នល់ ។ ក្រៅ​ពី​នោះ​សុទ្ធ​សឹង​ជា​គណបក្ស​ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI