ឥទ្ធិពលនៃបទបញ្ជារបស់ «បុរសខ្លាំង» កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើដែលធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស តាំងពីពាក់កណ្តាលខែមីនាមកនោះ គឺជាឧទាហរណ៍មួយទៀតនៃឥទ្ធិពលដ៏ខ្លាំងក្លារបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានអំណាច។ បទបញ្ជារបស់ «បុរសខ្លាំង» គ្មានអ្វីដែលថាមិនអាចធ្វើបានឡើយ ទោះបីជាបញ្ហានោះស្មុគស្មាញយ៉ាងណាក៏ដោយ។ ប៉ុន្តែប្រទេសកម្ពុជាដែលលោកនាយករដ្ឋមន្ត្រីកំពុងគ្រប់គ្រង កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលដោះស្រាយមិនទាន់ចេញ។ តើហេតុអ្វីបានជាដូច្នេះ?
មិនថាបញ្ហាតូចធំ ឬស្មុគស្មាញយ៉ាងណាទេក្រោមទម្ងន់នៃ «កណ្តាប់ដៃដែក» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានអ្វីដែលមិនអាចធ្វើបានឡើយ។ ជាក់ស្តែងបទល្មើសព្រៃឈើដ៏ស្មុគស្មាញ និងដុះស្លែ ដោះស្រាយមិនចេញរាប់ទសវត្សរ៍មកហើយនោះបែរជាត្រូវបានបំបែកតែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
ទោះបីជាគេមិនទាន់អាចនិយាយថាបទល្មើសព្រៃឈើត្រូវបានបញ្ចប់ទាំង ស្រុងក៏ដោយ ក៏ការបង្រ្កាបចុងក្រោយនេះបានធ្វើឲ្យឈ្មួញរកស៊ីឈើ និងមន្ត្រីអ្នកមានអំណាចដែលជាប់ពាក់ព័ន្ធកំពុងស្ថិតក្នុង ស្ថានភាព «ចុះទឹកក្រពើឡើងលើខ្លា» ដ៏គួរឲ្យសង្វេគ។ នេះមិនមែនជាលើកដំបូងឡើយដែលលោកនាយករដ្ឋមន្ត្រីបានចេញបញ្ជាដោយ ផ្ទាល់ដើម្បីចាត់ការអំពើអសកម្ម ឬបទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពបំផុត។
គេប្រាកដជានៅចាំបានអំពីយុទ្ធនាការកណ្តាប់ដៃដែកប្រឆាំងនឹង មន្ត្រីតុលាការពុករលួយកាលពីប៉ុន្មានឆ្នាំមុននេះ។ យុទ្ធនាការដែលបានធ្វើឲ្យមន្ត្រីតុលាការជាច្រើនធ្លាក់ពីតំណែង ទទួលទណ្ឌកម្ម ឬក៏ត្រូវបានផ្លាស់ប្តូរមុខតំណែង។ នេះនៅមិនទាន់រាប់បទញ្ជាបង្ក្រាបល្បែងភ្នាល់បាល់ និងការប្រើប្រាស់ផ្លាកលេខទាហាន និងប៉ូលិសបែបអនាធិបតេយ្យ។ល។ និង។ល។ផងទេ ពោលគឺបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីសុទ្ធតែទទួលបានផ្លែផ្កា ភ្លាមៗ និងយ៉ាងមានប្រសិទ្ធិភាពបំផុត។
ប៉ុន្តែចំណោទនៅត្រង់ថាប្រសិនបើលោកនាយករដ្ឋមន្ត្រីមានអំណាច ខ្លាំងបែបនេះ តើហេតុអ្វីបានជាបញ្ហាជាច្រើននៅតែកើតឡើងដដែលៗ និងមិនអាចដោះស្រាយបាន? ដើម្បីឆ្លើយនឹងសំណួរនេះ យើងសាកល្បងពិនិត្យមើលបញ្ហាមួយចំនួនដូចខាងក្រោម ៖
ជាបឋម អ្វីដែលគេអាចមើលឃើញជាទូទៅនោះ គឺការឃុបឃិតគ្នាជាប្រព័ន្ធនៃមន្រ្តីក្រោមឱវាទរបស់នាយក រដ្ឋមន្ត្រី។ ពិតហើយថានាយករដ្ឋមន្ត្រីមានអំណាច និងចង់ឲ្យរាល់បញ្ហាត្រូវបានដោះស្រាយភ្លាមៗ។ ប៉ុន្តែប្រសិនបើមន្ត្រីក្រោមឱវាទឃុបឃិតគ្នាដើម្បីផលប្រយោជន៍ ដោយបិទបាំងពីភ្នែកនាយករដ្ឋមន្ត្រីនោះបញ្ហានឹងមិនអាចដោះស្រាយ បានឡើយ។
ម្យ៉ាងទៀតរដ្ឋបាលថ្នាក់ក្រោម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលជាសេនាធិការ ឬក៏ជាភ្នែកច្រមុះរបស់រដ្ឋាភិបាល ហាក់ដូចជាមិនបានអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យបានត្រឹម ត្រូវឡើយ។ ឧទាហរណ៍នៅក្នុងមូលដ្ឋាននីមួយៗ អំពើល្មើសច្បាប់តែងកើតឡើងជាប្រចាំ ប៉ុន្តែសមត្ថកិច្ចមិនបានចាត់វិធានការឡើយ។ មានហេតុផលបីយ៉ាងដែលអាចពន្យល់បញ្ហានេះបាន។ ទី១ គឺអសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងបទល្មើស។ ទី២ គឺបញ្ហាផលប្រយោជន៍ដែលធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចចិញ្ចឹម បទល្មើស និងទី៣ គឺអ្នកប្រព្រឹត្តល្មើស ឬធ្វើជាខ្នងបង្អែកឲ្យជនល្មើស គឺជាមន្ត្រីមានអំណាចដែលធ្វើឲ្យកម្លាំងសមត្ថកិច្ចបង្ខំចិត្តបិទ ភ្នែក បិទត្រចៀកនៅចំពោះមុខអំពើល្មើស។
ក្នុងបរិបទនេះបទបញ្ជា «កណ្តាប់ដៃដែក» របស់នាយករដ្ឋមន្ត្រីពិតជាចាំបាច់ក្នុងការកម្ចាត់ភាពអសកម្ម ឬបទល្មើសផ្សេងៗពីព្រោះមានតែបទបញ្ជាបែបនេះទេដែលអាចចាប់បង្ខំ ឲ្យសមត្ថកិច្ចបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ។ ប៉ុន្តែបញ្ហានៅត្រង់ថា គេមិនអាចរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីដើម្បីដោះស្រាយរាល់ បញ្ហានោះឡើយ។
ដំណោះស្រាយដ៏ល្អបំផុតដែលអាចធានាបាននូវនិរន្តរភាពនៃការប្រយុទ្ធ ប្រឆាំងនឹងអំពើល្មើសគ្រប់បែបយ៉ាងគឺ គ្មានអ្វីក្រៅពីការអនុវត្តន៍ច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាពរបស់អាជ្ញាធរឡើយ។ បទបញ្ជារបស់នាយករដ្ឋមន្ត្រីនៅតែមានការចាំបាច់តែសម្រាប់ កិច្ចការធំៗមួយចំនួនតែប៉ុណ្ណោះ។ រឿងកំប៉ិកកំប៉ុកខ្លះមិនគួរនឹងត្រូវរង់ចាំបញ្ជារបស់នាយក រដ្ឋមន្ត្រីដើម្បីដោះស្រាយឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ