ប្រជាជនខ្មែរចាប់ផ្តើមអបអរសាទរបុណ្យចូលឆ្នាំថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនខ្មែរជាច្រើនម៉ឺនគ្រួសារបាននាំគ្នាទៅដើរកំសាន្តនៅតាម រមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសនិងរមណីយយដ្ឋានទេសចរណ៍ក្រៅ ប្រទេស។ ការធ្វើដំណើរដ៏ច្រើនកកកុញនៅតាមខេត្តនិងទៅក្រៅប្រទេស យ៉ាងដូច្នេះធ្វើអោយទីក្រុងភ្នំពេញមានសភាពស្ងាត់ជ្រងំ។
គ្រួសារខ្មែរតាមគេហដ្ឋាននីមួយៗបានរូតរះងើបពីព្រលឹមដើម្បីរៀប ចំផ្កាភ្ញីទៀនធូបផ្លែឈើភេសជ្ជៈរង់ចាំទទួលទេវតាឆ្នាំថ្មីឆ្នាំ ខាល។ នៅវេលាម៉ោង៧និង៣៦នាទីព្រឹកនៅថ្ងៃទី១៤ខែមេសា ត្រូវនឹងថ្ងៃទីមួយនៃបុណ្យចូលឆ្នាំខ្មែរសម្លេងនិងរូបភាព ទេវតាចុះពីឋានលើត្រូវបានទូរទស្សន៍គ្រប់ប៉ុស្តិ៍ទាំងអស់ចាក់ផ្សាយ ព្រមៗគ្នា។
បន្តិចក្រោយមកប្រជាជនខ្មែរបានផ្ញើសារជូនពរអោយ គ្នាទៅវិញទៅមកតាមរយៈទូរស័ព្ទ។នៅថ្ងៃនេះពេញមួយថ្ងៃតែម្តងគេ ឮសូរសម្លេងផ្ញើសារបានរោទិ៍កងរំពងពេញទូរស័ព្ទតែម្តង។បន្ទាប់ពី ទទួលទេវតាឆ្នាំថ្មីរួចហើយគ្រួសារនីមួយៗក្នុងសម្លៀកបំពាក់ ស្អាតបាតបាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលកំពុងគង់នៅ ក្នុងវត្តនីមួយៗ។ ទិដ្ឋភាពក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះគេពុំសូវឃើញមានឡានឬ ម៉ូតូធ្វើចរាចរណ៍ច្រើនទេពោលគឺទីក្រុងមានសភាពស្ងាត់ជ្រងំ។
ហាង លក់ទំនិញនិងភោជនីយដ្ឋាន ភាគច្រើនបានបិទទ្វារ។លោកអាំង គីមអ៊ៀងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់នៅថ្ងៃ ពុធនេះថាសម្រាប់ឆ្នាំនេះប្រជាជនខ្មែរជាច្រើននាក់បាននាំគ្នា សម្រុកទៅកំសាន្តតំបន់រមណីយដ្ឋានថ្មីៗដូចជា៖ខេត្តរតនគីរីខេត្ត មណ្ឌលគីរីប្រាសាទព្រះវិហារនិងក្រុងប៉ៃលិន។
ចំពោះគោលដៅ ទេសចរណ៍នៅក្រៅប្រទេសវិញ លោកអាំងគីមអ៊ៀងបានប្រាប់ថានៅឆ្នាំនេះប្រជាជនខ្មែរបានចេញទៅ កំសាន្តនៅក្នុងប្រទេសវៀតណាមច្រើនណាស់។រថយន្តក្រុងពីភ្នំពេញទៅ ទីក្រុងហូជីមិញមានមនុស្សជិះពេញៗតែម្តងៗ។ អ្នកមិនបានកក់សំបុត្រទុកជាមុនអាចមិនមានកន្លែងអង្គុយទេ។ សក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើងៗពីមួយ ឆ្នាំទៅមួយឆ្នាំ។
ការធ្វើដំណើររបស់ប្រជាជនខ្មែរទៅក្នុង ប្រទេសវៀតណាមអាចថាជាការធ្វើដំណើរកំសាន្តធម្មតាផងនិងការពិនិត្យ ជំងឺផង។មិនមែនមានតែប្រជាជនខ្មែរទេដែលទៅ កំសាន្តនៅក្នុងប្រទេសវៀតណាមនោះតាមពិតប្រជាជនវៀតណាមវិញក៏ធ្វើដូច ប្រជាជនខ្មែរដែរ។នៅពេលបុណ្យឈប់សម្រាករបស់វៀតណាមម្តងៗប្រជាជនវៀត ណាមសម្រុកមកដើរកំសាន្តនៅក្នុងប្រទេសកម្ពុជាដែរ។
ជាក់ស្តែង នៅចុងខែមេសាខាងមុខនេះប្រទេសវៀតណាមនឹងរៀបចំពិធីបុណ្យ ជាតិដ៏ធំមួយនៅក្នុងប្រទេសរបស់ខ្លួនដូច្នេះប្រជាជនវៀតណាមជាច្រើន រយពាន់នាក់នឹងមកដើរកំសាន្តនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០០៩កន្លងមកភ្ញៀវទេសចរជនជាតិវៀតណាមបានមកទស្សនកិច្ច ប្រទេសកម្ពុជាច្រើនជាងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ