ស្ថានភាពអ្នកកាសែតកម្ពុជា នៅតែគួរឲ្យបារម្ភ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានភាពអ្នកកាសែតរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី៣ខែឧសភាឆ្នាំ២០០៩ដល់ថ្ងៃទី៣ខែឧសភាឆ្នាំ២០១០សេរីភាពសារព័ត៌មាននិងស្ថានភាពអ្នកកាសែតនៅតែជាប្រការគួរឲ្យបារម្ភ។ ចំណែកបណ្តឹងចំពោះអ្នកកាសែតក៏បានកើនឡើងចំនួន១០ករណីច្រើនជាងឆ្នាំមុនដែលមានតែពីរ ករណីប៉ុណ្ណោះ។ នេះបើតាម របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា។
បទអន្តរាគមន៍របស់ លី ម៉េងហួរ
តាមការសង្កេតរបស់ក្លឹបអ្នកកាសែតកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ គិតពីថ្ងៃ៣ឧសភា ឆ្នាំ២០០៩ មកដល់ថ្ងៃនេះ សេរីភាពសារព័ត៌មាន និងស្ថានភាពអ្នកកាសែតកម្ពុជា ស្ថិតក្នុងសភាពគួរឲ្យបារម្ភ។ បារម្ភ ដោយសារតែបណ្តឹងលើអ្នកកាសែតកម្ពុជា មានចំនួន ១០ ករណី គឺច្រើនជាងឆ្នាំមុន ដែលមានការប្តឹងអ្នកកាសែតតែពីរករណីប៉ុណ្ណោះ។
ក្នុងឆ្នាំកន្លងមកនេះ ក្លឹបអ្នកកាសែតកម្ពុជា បានកត់ត្រាថា ការចាប់ខ្លួនអ្នកកាសែត បានកើនឡើងរហូតដល់ ២៤ នាក់។ ក្នុងនោះ អ្នកកាសែតខ្មែរ ២ នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត។ ក្នុងឆ្នាំកន្លងមកនេះ ក៏មានការបណ្តេញអ្នកកាសែតយ៉ាងច្រើន គួរឲ្យកត់សម្គាល់ ពិសេសនៅអង្គភាពវិទ្យុអាស៊ីសេរី។
បច្ចុប្បន្ននេះ អ្នកកាសែតក្នុងប្រទេសកម្ពុជា នៅតែបន្តប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ការរុកកួន អំពើហិង្សា រហូតដល់មានការបាត់បង់ជីវិត ខណៈដែលបទចោទប្រកាន់ ដែលបង្កប់គោលបំណងនយោបាយ ត្រូវបានលើកឡើង ដើម្បីប្រឆាំងអ្នកកាសែត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ៣ឧសភានេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពអ្នកកាសែតកម្ពុជា និងបានលើកឡើងថា ការប្រើប្រាស់ហួសប្រមាណនូវច្បាប់ ដើម្បីបង្ក្រាប និងបរិយាកាសដ៏គួរឲ្យភ័យខ្លាច ដែលបង្កឡើងដោយទណ្ឌកម្ម និងបទចោទប្រកាន់ព្រហ្មទណ្ឌ ការធ្វើទុក្ខបុកម្នេញ និងការរុកកួនលើអ្នកកាសែត បានរារាំងការបើកចំហវិជ្ជាជីវៈសារព័ត៌មាន ក្នុងប្រទេសកម្ពុជា បង្ខំឲ្យអ្នកកាសែត ដាក់កម្រិតលើការបញ្ចេញមតិរបស់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាច។
យ៉ាងណាក៏ដោយ ក្លឹបអ្នកកាសែត បានកត់សម្គាល់ថា ចាប់តាំងពីថ្ងៃ៣ឧសភា ឆ្នាំ២០០៩ មកដល់ថ្ងៃ៣ ឧសភា ឆ្នាំ២០១០នេះ គ្មានអ្នកកាសែតខ្មែរណាម្នាក់ ត្រូវបានសម្លាប់ ដោយសារមូលហេតុនៃវិជ្ជាជីវៈ ជាអ្នកកាសែតទេ។ ក៏ប៉ុន្តែនៅជុំវិញពិភពលោក មានអ្នកកាសែតយ៉ាងហោចណាស់ ៤២ នាក់ ត្រូវបានឃាតក ផ្តាច់ជីវិត ដោយសារបុព្វហេតុស្វែងរកការពិត។
ចំពោះមុខស្ថានភាពគួរឲ្យបារម្ភរបស់អ្នកកាសែតកម្ពុជា និងដើម្បីសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ សិទ្ធិដើម្បីដឹង នាថ្ងៃទី៣ឧសភានេះ ក្លឹបអ្នកកាសែតកម្ពុជា របស់លោក ប៉ែន សមិទ្ធិ បានចាត់ទុកថា ជាឱកាសសម្រាប់អ្នកកាសែតកម្ពុជា ពិនិត្យ និងបង្ហាញពីសារសំខាន់នៃសេរីភាពបញ្ចេញមតិ នៅក្នុងបរិបទវប្បធម៌ និងសង្គមនយោបាយខ្មែរ។
ក្លឹបអ្នកកាសែតកម្ពុជា សង្ឃឹមថា អ្នកកាសែតកម្ពុជាទាំងអស់ បន្តការធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយគោរពការពិត។ ចំណែករដ្ឋាភិបាល ក៏ត្រូវបើកទូលាយនូវព័ត៌មាន ដើម្បីជាតម្រូវការសង្គម និងជាតម្រូវការនៃការអភិវឌ្ឍន៍។
រីឯសមាគមកម្ពុជា ការពារអ្នកកាសែត របស់លោក អ៊ុំ សារិន ក៏បានជម្រុញដល់ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងរដ្ឋាភិបាលកម្ពុជា បង្កភាពងាយស្រួលឲ្យកាន់តែខ្លាំងថែមទៀត ដល់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មាន ការចូលយកព័ត៌មាន និងមិនត្រូវមានការរើសអើងប្រឆាំងនឹងស្ថាប័នព័ត៌មានណាឡើយ។ ចំណែកអ្នកកាសែត ក៏ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត និងមិនលម្អៀង។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោល នូវការបិទមាត់អ្នកកាសែតកម្ពុជា ដើម្បីធានាឲ្យអ្នកកាសែតកម្ពុជា អាចអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន ក្នុងការបញ្ចេញមតិ រួចផុតពីការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងនានា។
ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ទិត សុធា បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍។ កម្ពុជា ក៏ជាឋានសួគ៌ នៃសេរីភាពសារព័ត៌មាន ដោយកម្ពុជា មានទាំងគណបក្សប្រឆាំង មានទាំងកាសែតវិទ្យុប្រឆាំង និងរហូតដល់មានអង្គការក្រៅរដ្ឋាភិបាលប្រឆាំងផងដែរ។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ចំពោះការប្តឹងផ្តល់លើអ្នកកាសែតកម្ពុជា ឡើងតុលាការ ដែលនាំឲ្យមានការចោទប្រកាន់ថា មានការរឹតត្បិត ឬគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ក្នុងពេលកន្លងមកនោះ មិនមែនកើតឡើង ដោយគ្មានហេតុផលនោះទេ។ ការប្តឹងផ្តល់ និងចាប់អ្នកកាសែត ដាក់ពន្ធនាគារនោះ ក៏ដោយសារតែអ្នកកាសែតនោះ មិនគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ ជាអ្នកកាសែតខ្លួនឯង។
យ៉ាងណាក៏ដោយ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ៣ឧសភានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ទិត សុធា បានអំពាវនាវផងដែរ ឲ្យអ្នកកាសែត ផ្តល់ព័ត៌មាន ដោយបង្ហាញពីសច្ចៈភាព ការពិត និងត្រូវពង្រឹងនូវការគោរពក្រមសីលធម៌ វិជ្ជាជីវៈអ្នកកាសែត ដើម្បីជៀសវាងការប្តឹងផ្តល់ ដោយសារតែការងាររបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ