កម្ពុជា-ថៃ

វត្ត​កែវសិក្ខាគិរីស្វារៈ ជា​របស់​កម្ពុជា

វត្ត​កែវសិក្ខាគិរីស្វារៈ ជា​របស់​កម្ពុជា
វត្ត​កែវសិក្ខាគិរីស្វារៈ ជា​របស់​កម្ពុជា ©លាង ដឺលុច

ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ បាងកក​បាន​ធ្វើ​កំណត់ទូត​មួយ​ផ្ញើ​ទៅ​ក្រសួង​ការបរទេស​ថៃ​កាល​ពី ​ថ្ងៃ​ទី​៤​ឧសភា ដើម្បី​ច្រានចោល​ កំណត់ទូត​របស់​ក្រសួង​ការបរទេស​ថៃ​ ដែល​សរសេរ​ថា កម្ពុជា​ជួសជុល​កុដិ​លោក​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ដែល​ស្ថិត​នៅក្នុង​បូរណៈភាព​ទឹកដី​ថៃ។ កម្ពុជា​បាន​បង្ហាញ​ឯកសារ​ផ្លូវការ​ចំនួន​៦​ដែល​បង្ហាញ​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ជា​របស់​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពី​ទីក្រុង​ភ្នំពេញ

នៅ​ក្នុង​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៩​មេសា ក្រសួង​ការបរទេស​ថៃ​បាន​ប្រតិកម្ម​ចំពោះ​ការ​ជួសជុល​កុដិ​របស់​ព្រះសង្ឃ​ខ្មែរ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ។ ក្រសួង​ការបរទេស​ថៃ​អះអាង​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ស្ថិត​នៅក្នុង​ទឹកដី​ថៃ​របស់​ខ្លួន។ កាល​ពី​ថ្ងៃ​ទី​៤​ឧសភា​ម្សិលមិញ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ធ្វើ​កំណត់​ទូត​ប្រតិកម្ម​ទៅ​វិញ​ចំពោះ​ការ​អះអាង​របស់​ក្រសួង​ការបរទេស​ថៃ។ ស្ថានទូត​កម្ពុជា​បាន​សរសេរ​នៅក្នុង​កំណត់​ទូត​នោះ​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ដែល​ស្ថិត​នៅក្នុង​បរិវេណ​នៃ​ប្រសាទ​ព្រះវិហារ បាន​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាងច្បាស់ ដោយ​យោង​តាម​ផែនទី​ដងរែក ដែល​គូស​ដោយ​គណៈកម្មការ​បារាំង សៀម ក្នុង​ឆ្នាំ​១៩០៨។

 
កំណត់​ទូត​ដដែល​បាន​បន្ត​ថា ចាប់​តាំងពី​មាន​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩០៨​នោះ​មក រហូត​ដល់​ក្រោយ​ការ​កាត់​សេចក្តី​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ទៀត ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ស្ថិត​នៅក្នុង​បូរណភាព​ដែនដី​កម្ពុជា។ យោង​តាម​កំណត់​ទូត​ដដែល គឺ​មាន​តែ​នៅ​ពេល​ក្រោយ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទេ ដែល​ប្រទេស​ថៃ​បាន​ទាមទារ​ទាំង​ខុសឆ្គង​ថា តំបន់​នេះ​ជា​របស់​ថៃ​នោះ។ដូច្នេះ ការ​ជួសជុល​កុដិ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​កាល​ពី​ពេល​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​នៅក្នុង​ទឹកដី​កម្ពុជា​ពេញ​ទី។ កម្ពុជា​សូម​ច្រានចោល​ម្តង​ទៀត ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​ប្រទេស​ថៃ។

លោក​ឧត្តមសេនីយ​ទោ​ស្រី ឌឹក​មេ​បញ្ជាការ​កងពល​ធំ​អន្តរាគម​លេខ​៣​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​បាន​រៀបរាប់​អោយ​ដឹង​ថា កុដិ​ទាំងនោះ​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ​១៩៩៨ ពោល​គឺ​មុន​ការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ឆ្នាំ​២០០០​ដែល​បញ្ជាក់​ថា វត្ត​កែវ​សិក្ខា​គិរី​សា្វរៈ​ស្ថិត​នៅ​ក្នុង​ដី​កម្ពុជា​ទៅ​ទៀត។ លោក​បាន​បន្ត​ថា ដោយសារ​តែ​កុដិ​នេះ​បាន​ទ្រុឌទ្រោម ព្រះសង្ឃ​ក៏​បាន​ផ្លាស់​ប្តូរ​ក្តារ​ពុក​ចោល ដាក់​ក្តារ​ថ្មី​តែ​ប៉ុណ្ណោះ។ គឺ​មិនមែន​ជា​ការ​សាងសង់​ថ្មី ឬ​ពង្រីក​កុដិ​អ្វី​នោះ​ទេ។

ស្ថានទូត​កម្ពុជា​នៅ​រាជធានី​បាងកក​ក៏​បាន​សរសេរ​ប្រាប់​ទៅ​ក្រសួង​ការបរទេស​ថៃ​ផងដែរ​ថា ដើម្បី​កុំ​អោយ​រដ្ឋាភិបាល​ថៃ​"បង្កើត​រឿង"ដដែល​ជា​ដដែល ស្ថានទូត​កម្ពុជា​បាន​អញ្ជើញ​ក្រសួង​ការបរទេស​ថៃ​ទៅ​មើល​ឯកសារ​ចំនួន​៦​ដែល​ក្នុង​នោះ​រួមមាន លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​សាម៉ាក់ ស៊ុនដារ៉ាវេជ នៅ​ថ្ងៃ​ទី​១៩​ កក្កដា​២០០៨​ដោយ​មាន​ភ្ជាប់​ផែនទី​ផង និង​កំណត់​ទូត​ចំនួន​៥​ទៀត​របស់​ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​ឯកសារ​ផ្លូវ​ច្បាប់​ទាំង​៦​នោះសុទ្ធតែ​បង្ហាញ​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ស្ថិត​នៅ​ក្នុង​បូរណភាព​ដែនដី​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI