អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​សួរ​រដ្ឋាភិបាល​អំពី​ការ​ផ្តល់​សិទ្ធិ​រុករក​ប្រេង​

រោងចក្រចម្រាញ់​ប្រេងកាតបារាំង Total
រោងចក្រចម្រាញ់​ប្រេងកាតបារាំង Total ©Reuters / P. Rossignol
ដោយ៖ លាង ដឺលុច
1 នាទី

ក្រុមហ៊ុន​បរទេស​អ្នក​រុករក​រ៉ែ​ប្រេងនិង ​ឧស្ម័ន​នៅ​បន្ត​មក​ជួប​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្វែង​រក​លទ្ធភាព​សហ​ ប្រតិបត្តិការ​លើ​ការ​រុករក​ប្រេង​និង​ឧស្ម័ន​នៅ​ក្រោម​ដី​កម្ពុជា។ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​រុករក​ប្រេងនិង​ឧស្ម័ន​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ទូលំទូលាយ​ទេ ជា​ហេតុ​ធ្វើ​អោយ​លោក​​សុនឆ័យ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​សរសេរ​សំណួរ​ជាច្រើន​សួរ​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ លាង​ ដឺលុច

សំណួរ​របស់​លោក សុន ឆ័យ​មាន​ទាំងអស់​៧​សំណួរ ដែល​ត្រូវ​បាន​រៀបចំ​ផ្ញើ​ទៅ​លោក​សុខ អាន​រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៥​ឧសភា តាម​រយៈ​ប្រធាន​រដ្ឋសភា​គឺ​លោក ហេង សំរិន។ សំណួរ​ទាំងនោះ​រួមមាន៖ តើ​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន ហើយ​មាន​ឈ្មោះ​អ្វីខ្លះ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ប្រេងកាត និង​ឧស្ម័ន​ពី​រដ្ឋាភិបាល? ហើយ​នៅ​តំបន់​ណា​ខ្លះ? តើ​ក្រុមហ៊ុន​ដែល​ចង់​សហប្រតិបត្តិការ​រុករក​រ៉ែ​ក្រោម​ដី​នោះ​ត្រូវ​បង់​កម្រៃ​អ្វី​ខ្លះមុន​ទទួល​បាន​អាជ្ញាប័ណ្ណ? មាន​កម្រៃ​ចូល​ក្នុង​ថវិកា​រដ្ឋ​ឬ​ទេ?

បើ​តាម​លោក សុន ឆ័យ​ដោយ​សារ​តែ​ប្រតិបត្តិការ​ប្រេងកាត និង​ឧស្ម័ន​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​មួយ​ដោយឡែក ហើយ​មក​ដល់​ពេល​នេះ កម្ពុជា​ពុំ​ទាន់​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ប្រេងកាត​នេះ​នៅ​ឡើយ​នោះ លោក​ សុន ឆ័យ​ក៏​បាន​ដាក់​សំណួរ​មួយ​ទៅ​លោក សុខ អាន​ដែរ ថា​តើ​ពេលណា​ទើប​រដ្ឋាភិបាល​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ប្រេងកាត​និង​ឧស្ម័នព្រមទាំង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រាក់​ចំណូល​ដែល​បាន​ពី​ប្រេងកាត​មក​រដ្ឋសភា?

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​រូប​នេះ​ក៏​បាន​ស្នើ​អោយ​លោក សុខ អាន​ពន្យល់​អំពី​ការ​បង់ប្រាក់​របស់​ក្រុមហ៊ុន​ប្រេង​តូតាល់​ចំនួន​២៨លាន​ដុល្លារដែរ ថា​តើ​ប្រាក់​ដែល​ក្រុមហ៊ុន​តូតាល់​បាន​បង់​នេះ ត្រូវ​បែងចែក​ទៅ​ខាងណា​ខ្លះ ហើយ​ផ្អែក​លើ​អ្វី​ដែល​ក្រុមហ៊ុន​តូតាល់​ត្រូវ​បង់​២៨លាន​ដុល្លារ​នោះ?

គឺ​ស្ថិត​នៅក្នុង​វេទិកា​ក្រុម​វិស័យ​ឯកជន​និង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៧​មេសា​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​បំភ្លឺ​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ការ​បង់ថ្លៃ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ។ តាមពិត​ពេលនោះ​លោក ហ៊ុន សែន​និយាយ​ពី​ក្រុមហ៊ុន​អូស្ត្រាលី​រុករករ៉ែ​BHP Billiton​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​បានបង់​ថវិការ​២,៥​លាន​ដុល្លារ​អោយ​រដ្ឋាភិបាល។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ជា​សាធារណៈ​ថា លុយ​នេះ​មិនមែន​លុយ​ពុករលួយ​ទេ។ តែ​វា​ជា​លុយ​ដែល​គេ​ហៅ​ថា ប្រាក់​មូលនិធិ​សង្គម ដែល​ត្រូវ​បាន​កំណត់​នៅក្នុង​កិច្ច​ព្រមព្រៀង។ លោក​នាយក​រដ្ឋមន្ត្រីបាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ណា​ក៏​ត្រូវ​មាន​បង់ប្រាក់​មូលនិធិ​សង្គម​នេះ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​និយាយ​ពី​ក្រុមហ៊ុន​តូតាល់​ដែរ​ពេលនោះ។

ហើយ​បើ​និយាយ​ពី​ប្រាក់​មូលនិធិ​សង្គមនេះ លោក សុន ឆ័យ​ក៏​មាន​សំណួរ​មួយ​ពាក់ព័ន្ធ​ដែរ។ គឺ​ថា តើ​មូលនិធិ​សង្គម​ដែល​បង្កើត​តាំង​ពី​ឆ្នាំ​១៩៩៥​មក​នោះ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អ្វី? តើ​ជា​របស់​រដ្ឋ ឬ​ជា​របស់​ឯកជន? បើ​ជា​របស់​រដ្ឋ តើ​អាច​ផ្ញើ​របាយការណ៍​ពី​ចំណូល និង​ចំណាយ​កន្លងទៅ មក​រដ្ឋសភា​បាន​ដែរ​ឬ​ទេ?

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ទាក់ទង​នឹង​សំណួរ​ទាំង​អម្បាល​ម៉ាន​របស់​លោក សុន ឆ័យ​តំណាងរាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ