កម្ពុជា

​ម៉ាឡេស៊ី​ វិនិយោគ​ជាង​មួយ​ពាន់​លាន​នៅ​កម្ពុជា

នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទស្សនកិច្ច​នៅ​កម្ពុជា
នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​ទស្សនកិច្ច​នៅ​កម្ពុជា ©សុវណ្ណារ៉ា

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​លោក​Haji Abdul Razak​កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អនុស្សារណៈ​យោគយល់ និង​កិច្ច​ព្រមព្រៀង​ចំនួន ៦​ដែល​ មាន​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​រវាង​អ្នក​ ជំនួញ​កម្ពុជា និង​ម៉ាឡេស៊ី។

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

អនុស្សារណៈ​យោគយល់ និង​កិច្ច​ព្រមព្រៀង​ទាំង​៦​នោះ​មាន​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ សន្តិសុខ​ជាតិ កសិកម្ម ពាណិជ្ជកម្ម។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​លោកកុយ គួង​បាន​រៀបរាប់​អោយ​ដឹង​ថា ឯកសារ​ទី​១​ដែល​ត្រូវ​ចុះ​ហត្ថលេខា​គឺ ទាក់ទង​នឹង​ការផ្គត់ផ្គង់​ប្រព័ន្ធ​សន្តិសុខ​ជាតិ​ដែល​មាន​តម្លៃ​រហូត​៧០០​លាន​ដុល្លារ។ ទី២ គឺ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការនាំ​អាហារ​ហាឡាល​សម្រាប់​ជនជាតិ​អ៊ីស្លាម​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ទឹកប្រាក់​តម្លៃ​៦​លាន​ដុល្លារ។ ទី៣ ទាក់ទង​នឹង​ការវិនិយោគ​លើ​កសិដ្ឋាន​ចិញ្ចឹម​មាន់។ ទី​៤​គឺ​អនុស្សារណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្តី​ពី​សហប្រតិបត្តិការ​ក្នុង​វិស័យ​សិក្សា​ធិការ និង​បណ្តុះបណ្តាល។ ទី​៥ គឺ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការវិនិយោគ​បើក​ហាង​អាហារ​ចំនួន ២០​កន្លែង នៅ​កម្ពុជា​ដែល​មាន​ទឹកប្រាក់​វិនិយោគ​៨​លាន​ដុល្លារ។ ទី​៦ គឺ​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ជម្រុញ និង​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា។

សូម​បញ្ជាក់​ថា ការចុះ​ហត្ថលេខា​លើ​ឯកសារ​វិនិយោគ​ទាំងនេះ ភាគច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​អ្នកវិនិយោគ​ផ្នែក​ឯកជន​ទាំង​សងខាង។

បើ​តាម​ការអះអាង​របស់​លោក កុយ គួង​ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស តាំង​ពី​ប្រទេស​ម៉ាឡេស៊ី​ដាក់​ទូត​របស់​ខ្លួន​នៅ​កម្ពុជា​តាំង​ពី​ដើម​ឆ្នាំ​៩០​មក គឺ​ថា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នេះ​មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ គឺ​ល្អ​រហូត។ ហើយ​កន្លង​មក វិនិយោគិន​ម៉ាឡេស៊ី​ក៏​បាន​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​មិន​តិច​ដែរ ក្នុង​វិស័យ​អប់រំ ក្នុង​នោះ​មាន​សកល​វិទ្យាល័យ​អន្តរជាតិ​លីម កកវីង​ដែល​ថ្មីៗនេះបាន​មក​បោះ​ទីតាំង នៅ​ក្នុង​ក្រុងភ្នំពេញ ក្នុង​វិស័យ​ទូរគមនាគមន៍ ធនាគារ សណ្ឋាគារ និង​រោងចក្រ​កាត់ដេរ។

ទុន​វិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ គឺ​១,៨​ពាន់​លាន​ដុល្លារ។ ជាមួយ​នឹង​តួលេខ​វិនិយោគ​នេះ ប្រទេស​ម៉ាឡេស៊ី​បាន​ឈរ នៅ​លំដាប់​លេខ​៤​នៅ​កម្ពុជា​ជា​អ្នកវិនិយោគ​ទុន​ធំ​ពី​ក្រៅ​ប្រទេស។

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​លើក​ឡើង​ច្រើន​អំពី​ការជម្រុញ​ការផ្លាស់ប្តូរ​វិនិយោគ​នៅក្នុង​ជំនួប​សវនាការ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​នេះ។ លោក អ៊ាង សុផល្លែត ជំនួយការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នកនាំពាក្យ​នៃ​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​នេះ បាន​ថ្លែង​អោយ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Haji Abdul Razak បាន​សន្យា​ថា នឹង​ជម្រុញ​អោយ​វិនិយោគិន​ម៉ាឡេស៊ី​មក​កម្ពុជា​អោយ​ច្រើន​ជាង​នេះ ក៏​ដូចជា​ការបង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

បើ​តាម​លោក អ៊ាង សុផល្លែត​ដដែល នៅ​ក្នុង​ជំនួប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ឧសភា​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​អោយ​ម៉ាឡេស៊ី​ពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​លោក ហ៊ុន សែន​ក៏​បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​ម៉ាឡេស៊ី​សម្រាប់​ជំនួយ​ជាច្រើន​របស់​ម៉ាឡេស៊ី​ក្នុងនោះ​រួមមាន​ផ្លូវដែក​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI