កម្ពុជា-ថៃ

ទាហានខ្មែរ-ថៃ​ប្រកួតកីឡា​ដើម្បីបន្ថយ​ភាពតានតឹង​

ទាហាន​ខ្មែរ​ឈរ​យាម​ការពារ​ប្រាសាទ​ព្រះវិហារ
ទាហាន​ខ្មែរ​ឈរ​យាម​ការពារ​ប្រាសាទ​ព្រះវិហារ ©(Photo : AFP)

មេ​ទាហាន​កម្ពុជា​និង​ថៃប្រចាំការ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កំពុង​ពិភាក្សា​គ្នា​រៀបចំ​ការ​ប្រកួត​កីឡា ដើម្បី​បង្កើនភាព​ស្និទ្ធស្នាល​រវាង​កងទ័ព​ទាំងពីរ និង​បន្ថយភាព​តានតឹង​ផ្នែក​យោធា។ មេ​បញ្ជាការ​កងទ័ព​កម្ពុជា​យល់​ឃើញ​ថា មាន​តែ​ការ​ជួបគ្នា​អោយ​បាន​ញឹកញាប់​ទេ ទើប​អាច​ចៀសផុត​ពី​ការ​ផ្ទុះ​អាវុធ​ដាក់គ្នា​ដោយ​ចៃដន្យ​នោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពី​ទីក្រុង​ភ្នំពេញ

ការ​ប្រកួត​កីឡា​នេះ​ត្រូវ​គ្រោង​រៀបចំ​នៅ​នៅ​សប្តាហ៍​ក្រោយ​រវាង​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២១​ឧសភា​នៅ​តាម​ច្រក​ព្រំដែន​ជាំតែ អានសេះ និង​មុំ​បី។ លោក​ឧត្តមសេនីយ​ទោ​ស្រី ឌឹក​មេ​បញ្ជាការ​កងពល​ធំ​អន្តរាគម​លេខ៣ នៅ​តំបន់​ព្រំដែន​ប្រសាទ​ព្រះវិហារ​បាន​ថ្លែង​អោយ​ដឹង​ថា វិញ្ញាសារ​ប្រកួត​មាន​បី​ប្រភេទ​គឺ​កីឡា​បាល់ទះ កីឡា​បោះប៊ូល​ឬ​ប៉េតង់ និង​កីឡា​សីដក់​ឬ​សី​ប៉ា​តា​ក្រ។ លោក​ឧត្តម​សេនីយ​ទោ​ស្រី ឌឹក​បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្តិ​នៅ​តាម​ច្រក​ប្រចាំការ​នីមួយៗ ប៉ុន្តែ​ចុង​ក្រោយ​នឹង​បិទ​បញ្ចប់​នៅ​ច្រក​អានសេះ។ លោក ស្រី ឌឹក​បាន​ពន្យល់​ថា ការ​លេង​កីឡា​ជុំ​គ្នា​នេះ គឺ​ដើម្បី​បង្កើន​សុខភាព​ផង និង​ដើម្បី​បង្កើត​បរិយាកាស​អោយ​កងទ័ព​ទាំងពីរ​បាន​ស្គាល់គ្នា​កាន់​តែ​ច្រើន​ថែម​ទៀត។

 អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ​បាន​ថ្លែង​អោយ​ដឹង​ថា ព្រោះ​តែ​មាន​ការ​ជួបគ្នា​ជា​ញឹកញាប់​នេះ​ហើយ​បាន​ជា​កងទ័ព​ទាំង​សងខាង​បាន​យល់​ស្រប​គ្នា បញ្ហា​ព្រំដែន​មិនមែន​ជា​បញ្ហា​របស់​កងទ័ព​ទេ តែ​ជា​បញ្ហា​នយោបាយ និង​ជា​បញ្ហា​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន។ ដូច្នេះ​កងទ័ព​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ជម្លោះ​នេះ។ សម្រាប់​លោក ឈុំ សុជាតិ​ការ​ព្យាយាម​ធ្វើ​អោយ​កងទ័ព​នៅ​អោយ​ឆ្ងាយ​ពី​ជម្លោះ​ព្រំដែន​នេះ គោល​បំណង​គឺ​ដើម្បី​ចៀសវាង​ការ​បង្កើត​អោយ​មាន​ភាព​តានតឹង​រវាង​ទ័ព​ទាំងពីរ​ដែល​ប្រចាំការ​នៅ​តាម​ព្រំដែន​នៅ​ទល់​មុខ​គ្នា​នោះ។

ការ​ជួបគ្នាឬ​ការ​រៀបចំ​ប្រកួត​កីឡា​រវាង​កងទ័ព​ទាំងពីរ​មានតែ​នៅ​ខាង​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ។ គេ​មិនសូវ​លឺ​មាន​ការ​រៀបចំ​ដូចគ្នា​នេះ​នៅ​ប៉ែក​ខាងច្រក​អូស្មាច់ ប្រជុំ​ប្រាសាទ​តាមាន់ និង​តា​ក្របី​តាម​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​នោះ​ឡើយ។ការ​ផ្ទុះអាវុធ​ចុង​ក្រោយ​​កាល​ពី​ថ្ងៃ​ទី​១៦​មេសា​បាន​កើត​ឡើង​នៅ​ប៉ែក​ខាង​ប្រាសាទ​តាមាន់​នេះ។ នៅ​​ថ្ងៃ​ពុធ​ទី​១២​ឧសភា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ទៅ​ខេត្ត​ព្រះវិហារ​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​សម្ពោធ​អគារ​សាលា​ខេត្ត​ព្រះវិហារ។ មិន​មាន​ព័ត៌មាន​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​ទស្សនកិច្ច​នៅតាម​ព្រំដែន​ទៀត​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI