កម្ពុជា

Global​ Witness​ បន្តឆ្កឹះឆ្កៀល​រឿងបូមខ្សាច់​

ការបូមខ្សាច់នៅសមុទ្រកម្ពុជាយក​ទៅលក់​នៅ​សិង្ហបុរី
ការបូមខ្សាច់នៅសមុទ្រកម្ពុជាយក​ទៅលក់​នៅ​សិង្ហបុរី ©លី​ ម៉េងហួរ

អង្គការ​ឃ្លាំមើល​បរិស្ថាន​អន្តរជាតិ Global Witness បាន​រិះគន់​ថា ការកើនឡើង ក្នុង​ការនាំ​ចេញ​ខ្សាច់​សមុទ្រ ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​សឹង្ហ​បូរី បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ក្នុង​អាជីវកម្ម​បូម​ខ្សាច់​នេះ រដ្ឋាភិបាល ខ្វះ​តម្លា​ភាព និង​មិន​អនុវត្ត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​ទេ​។ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​​កម្ពុជា និង ឧកញ៉ា ដែល​​​រង​ការ​ចោទ​ប្រកាន់​ក្នុង​រឿង​បូម​ខ្សាច់ នៅ​មាត់​សមុទ្រ ខេត្ត​កោះកុង បានច្រាន​ចោល​នូវ​​របាយការណ៍​របស់ Global Witness នោះ។

ផ្សាយពាណិជ្ជកម្ម

បទអន្តរាគមន៍​របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ

របាយការណ៍​កម្រាស់ ៤០ ទំព័រ ក្រោម​ចំណងជើង​ថា ការ​ច្រោះ​យក​ខ្សាច់​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ Global Witness លើក​ឡើងថា អាជីវកម្ម​នាំចេញ​ខ្សាច់​ពី​កម្ពុជា កាន់តែ​កើនឡើង នា​ពេល​សព្វថ្ងៃ និង​បាន​បណ្តាល​ឲ្យ​ប៉ះពាល់ដល់​បរិស្ថាន ជា​ពិសេស​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន នៅ​កន្លែង​បូម​ខ្សាច់​។ អាជីវកម្ម​ខ្សាច់​ធំ នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​កោះកុង ត្រូវបាន​គ្រប់គ្រង ដោយ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជា​ពាណិជ្ជករ និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

 Global Witness បាន​លើក​បង្ហាញ​ថា ទោះបី​ជា​មាន​បម្រាម​លើ​ការនាំ​ចេញ​ខ្សាច់ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩ ក៏​សកម្មភាព​បូម​ខ្សាច់ នៅពេលនេះ កំពុងតែ​មាន​សកម្មភាព​ខ្លាំងក្លា នៅក្នុង​ខេត្ត​កោះកុង។

របាយការណ៍ បាន​ប៉ាន់ស្មាន​ថា បច្ចុប្បន្ន ក្នុង​មួយ​ខែៗ ខ្សាច់​ជាង ៧៩៦.០០០ តោន ត្រូវបាន​បូម​ចេញពី​តំបន់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​ ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​សឹង្ហ​បូរី​។ កាលពី​ឆ្នាំ​២០០៨ កម្ពុជា​បាន​នាំ​ខ្សាច់ ចំនួន ៣,៨ លាន​តោន ចេញ​ទៅ​លក់​នៅ​សឹង្ហ​បូរី​។ អាជីវកម្ម បូម​ខ្សាច់​សមុទ្រ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ នៅ​ខេត្ត​កោះកុង ដែល​ជំនួញ​នេះ មិនសូវ​ត្រឹមត្រូវ​តាម​បទដ្ឋាន​អន្តរជាតិ និង​បាន​បំពាន​ច្បាប់​កម្ពុជា​ថែម​ទៀត​។

ចំពោះ​របាយការណ៍​នេះ ត្រូវបាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់​កំពង់ផែ​ឧកញ៉ា​ម៉ុង កែវផុស នៅ​ស្រែអំបិល ក្នុង​ខេត្ត​កោះកុង ដែល​រង​ការចោទ​ប្រកាន់ បាន​បដិសេធ​ដាច់​អហង្កា​រថា លោក​មិន​ដែល​បាន​ធ្វើ​អាជីវកម្ម នាំចេញ​ខ្សាច់ ពី​កម្ពុជា ដើម្បី​ទៅ​លក់​ក្រៅប្រទេស ដូច​ការលើក​ឡើង​របស់ Global Witness នោះទេ​។

ចំពោះ​ខ្សាច់ ដែល​បាន​បូម​ពី​បាតសមុទ្រ​នោះ ត្រូវបាន​លោក​ឧកញ៉ា ដែល​ជា​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​កាន់អំណាច​ពន្យល់ថា ខ្សាច់​ទាំងនោះ ត្រូវបាន​បូមចាប់​តាំង​ពី​ធ្វើ​កំពង់ផែ​សមុទ្រ កែវផុស របស់លោក គឺ​ត្រូវ​ស្តារ​ប្រឡាយ​ទឹក​សមុទ្រ ឲ្យ​ជ្រៅ ដើម្បី​កប៉ាល់​អាច​ចេញ​-ចូល។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក ម៉ុង ឫទ្ធី អះអាងថា ក្រុមហ៊ុន​របស់​លោក មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យ​នាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តែ​មិន​មាន​ការ​នាំចេញ​ទេ ដោយ​មិន​មាន​អ្នកទិញ ព្រោះ​គុណភាព​ខ្សាច់​នោះ មិន​ស្រប​តាម​ស្តង់ដារ​ឡើយ​។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល លោក ទិត សុធា ដែល​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា ជា​យូរ​មក​ហើយ Global Witness តែង​តែ​និយាយ​បំផ្លើស​ពី​កម្ពុជា ហើយ​ធ្វើ​ការ​វាយប្រហារ​មកលើ​រដ្ឋាភិបាល។​ លោក​ពន្យល់​ថា​ ការផ្តល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ធនធាន​ខ្សាច់ ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ ដូចជា​ ក្រសួង​ធនធានទឹក ក្រសួង​បរិស្ថាន និង​មាន​ការ​ឯកភាព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ដូច្នេះ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី​យ៉ុង​ផាត់ និង​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ក្នុង​ការនាំ​ខ្សាច់​ចេញ​ទៅ​ក្រៅប្រទេស​ដែល​Global Witness លើកឡើង​នោះ គឺ​មាន​ការត្រួត​ពិនិត្យ​ត្រឹមត្រូវ​ផ្នែក​បរិស្ថាន និង​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី​។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ចាត់ទុក​ការលើកឡើង​របស់ Global Witness ថា​ជា​របាយការណ៍​អវិជ្ជមាន​មួយ ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ធ្វើ​ឡើង​ដើម្បី​តែ​រិះគន់ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​ជា​ការបើក​ច្រក​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុ​ជា បន្ទរ ធ្វើ​ការវាយប្រហារ តាម​ក្រោយ មកលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI