បរិសុទ្ធ​ណាស់ទៅ​ឬ ​ទំនាក់​ទំនង​រវាង​កម្ពុជា​និងជប៉ុន?​

សំឡេង ០៤:៣៣
© RFI

នៅ​ថ្ងៃ​អាទិត្យ​ទី​១៦​ឧសភា​ចុង​សប្តាហ៍​នេះ ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី​ នឹង​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ ព្រះ​រាជ​ទស្សនកិច្ច​នេះ ប្រព្រឹត្ត​ទៅ ជួន​ចំ​ខួប​គម្រប់​៥៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​ទូត​រវាង​កម្ពុជា​និង​ជប៉ុន។ ហ្សង់-ហ្វ្រង់ស័រ តាន់ ​ឆ្លៀត​ពេល​នេះ លើក​ឡើង​អំពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​និង​ជប៉ុន ដែល​ពិត​មែន​តែ​មាន​ទំនាក់​ទំនង​ទូត​រវាង​គ្នា​អស់​រយៈ​ពេល​៥៥​ឆ្នាំ​កន្លង​មក​ហើយ ទើប​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក តែ​ប៉ុណ្ណោះ។ គឺ​ប្រវត្តិសាស្ត្រ​ដែល​ជា​អ្នក​បាន​​ញែក​ប្រទេស​ទាំង​ពីរ​ឲ្យ​ដាច់​ឆ្ងាយ​ពី​គ្នា អស់​រយៈ​ពេល​ជាង​៣០​បា្លយ​ឆ្នាំ។

 
នៅ​ខែ​មីនា​ឆ្នាំ​១៩៤៥ នា​ពេល​ដែល​កង​ទ័ព​ជប៉ុន​ចូល​កាន់កាប់​ឥណ្ឌូចិន ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ ព្រះអង្គ​ទ្រង់​រេ​ទៅ​រក​មហា​អំណាច​អាស៊ី​មួយ​នេះ បាន​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ ពីព្រោះ​ក្រោយ​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​ខែ​សីហា​ឆ្នាំ​១៩៤៥ កងទ័ព ​និង​អាជ្ញាធរ​បារាំង​បាន​វិល​មក​គ្រប់គ្រង​ប្រទេស​កម្ពុជា​វិញ។

ក្រោយ​មក កម្ពុជា​និង​ជប៉ុន បែក​គ្នា ចែក​ផ្លូវ​គ្នា​ដើរ ដោយ​ហេតុតែ​សង្គ្រាម​ត្រជាក់។ ជប៉ុន​ប្រជាធិបតេយ្យ​ត្រូវ​គ្នា​នឹង​បស្ចិម​លោក ពិសេស​សហរដ្ឋអាមេរិក។ កម្ពុជា​វិញ​អព្យាក្រឹត រួច​ហើយ​រេ​ប៉ុន្មាន​ឆ្នាំ​ទៅ​ខាង​អាមេរិក តាម​រយៈ​របប​សាធារណរដ្ឋ​របស់​លន់ នល់ និង​ក្រោយ​មក​ទៀត ក្លាយ​ជា​ប្រទេស​កុម្មុយនីស្ត​រណប​ចិន មុន​នឹង​រណប​សូវៀត​នៅ​ទី​បំផុត។

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​ទើប​ឃើញ​ជប៉ុន​ចេញ​មុខ​ដើរ​តួ​នាទី​សំខាន់​នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​ស្ថាបនា​កម្ពុជា​ឡើង​វិញ។ គួរ​គូស​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​១៩៩២​រហូត​មក​ទល់​សព្វ​ថ្ងៃ ជា​មធ្យមភាគ ជប៉ុន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ប្រមាណ​១០០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ដើម្បី​ជួសជុល​ ឬ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និង បង្កើត​ធនធាន​មនុស្ស។

ជា​ផ្លូវ​ការ រដ្ឋាភិបាល​ជប៉ុន​បន្តបន្ទាប់​គ្នា​អះអាង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​មក​ជួយ​កម្ពុជា​ដោយសារ​ថា ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម ស្រដៀង​គ្នា​នឹង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ពោល​គឺ​ប្រទេស​ខ្ទេចខ្ទី រីឯ​ប្រជាជន​ក៏​ស្លាប់​អស់​ច្រើន​ដែរ។

តាម​ពិត​ទៅ​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា​នេះ ​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​របស់​ទីក្រុងTokyo ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ជប៉ុន នៅ​កម្ពុជា​ដាច់​ដោយ​ឡែក​និង នៅ​អាស៊ី​អាគ្នេយ៍​ជា​ទូទៅ។ ​យុទ្ធសាស្រ្ត​នេះ មាន​គោលដៅ​ជា​សារវន្ត​ចំនួន​ពីរ។ ​ទីមួយ ជំនួយ​ទាំង​អស់​នេះ វា​ឆ្លើយ​តប​ទៅ​នឹង​មហិច្ឆតា​របស់​ជប៉ុន ក្នុង​នាម​ជា​មហាអំណាច​អាស៊ី ដែល​ចង់​ដើរ​តួនាទី​កាន់​តែ​សំខាន់ នៅ​ក្នុង​ទ្វីប​អាស៊ី។ ទីពីរ តាម​រយៈ​ជំនួយ​ទាំង​អស់​នេះ ជប៉ុន​ចង់​កាត់​បន្ថយ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​របស់​ចិន នៅ​អាស៊ី​អាគ្នេយ៍​ដាច់​ដោយ​ឡែក និង​នៅ​អាស៊ី​ជា​ទូទៅ។ និយាយ​បែប​ផ្សេង ជំនួយ​សេដ្ឋកិច្ច​ទាំង​អស់​នេះ គឺ​ជា​ឧបករណ៍​នយោបាយ​ និង​ភូមិសាស្រ្ត​នយោបាយ ក្នុង​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន នៅ​ក្នុង​តំបន់។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​គេ​អាច​យល់​ទំនាក់ទំនង​បួន​គន្លាក់​ត្រួត​ពី​លើ​គ្នា​រវាង​ជប៉ុន ​និង​កម្ពុជា។ គន្លាក់​ទី​មួយ គឺ​ទំនាក់ទំនង​ទ្វេភាគី ដែល​មាន​មូលដ្ឋាន​នៅ​លើ​ជំនួយ​ និង​ប្រាក់​កម្ចី​ច្រើន​រយ​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ ព្រម​ទាំង​ការ​ពង្រឹង​សហ​ប្រតិបត្តិការ​ផ្សេងៗ ដូច​យ៉ាង​នៅ​លើ​វិស័យ​វប្បធម៌ អប់រំជាតិ ឬ​ទេសចរណ៍​។ គន្លាក់​ទី​ពីរ គឺ​ទំនាក់ទំនង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​រវាង​ជប៉ុន ​និង​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ រួម​មាន​ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ គឺ​នៅ​ក្នុង​ទំនាក់ទំនង​គន្លាក់​ទីពីរ​នេះ​ហើយ ដែល​ជប៉ុន​បាន​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​៣ពាន់​៧រយ​លាន​អឺរ៉ូ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​គ្នា បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​នេះ។ គន្លាក់​ទី​បី​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ក្របខ័ណ្ឌ​ជំនួបកំពូល​រវាង​អាស៊ាន​ និង​ជប៉ុន។ រីឯ​គន្លាក់​ទី​បួន​វិញ គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​រវាង​អង្គការ​សហប្រជាជាតិ​ និង​កម្ពុជា។ គឺ​នៅ​ក្នុង​គន្លាក់​ទី​បួន​នេះ​ហើយ ដែល​គេ​ត្រូវ​ដឹង​ថា បើ​កុំ​តែ​បាន​ជំនួយ​របស់​ជប៉ុន ម្ល៉េះ​តុលាការ​ខ្មែរ​ក្រហម​នឹង​មិន​អាច​កើត​ចេញ​ជា​រូបរាង​បាន​ឡើយ។

និយាយ​រួម ទំនាក់ទំនង​រវាង​កម្ពុជា ​និង​ជប៉ុន នា​អំឡុង​ពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​បន្ត​មាន​លក្ខណៈ​កាន់​តែ​ស្និទ្ធស្នាល​ឡើង​ជា​លំដាប់។ ទំនាក់ទំនង​នេះ​ «បរិសុទ្ធណាស់» បើ​យោង​ទៅ​តាម​ព្រះរាជ​បន្ទូល​របស់​សម្តេច​សីហនុ ពីព្រោះ​មើល​មួយ​ភ្លែត ជប៉ុន​​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច ដូច​ជា​មក​ជួយ​កម្ពុជា ក្នុង​បុព្វហេតុ​មនុស្សធម៌​សុទ្ធសាធ។ តែ​បើ​វិភាគ​ឲ្យ​ជ្រៅ​ទៅ គេ​នឹង​យល់​ភ្លាម​ថា គ្មាន​ឡើយ​មិត្ត​ និង​គ្មាន​ឡើយ​សត្រូវ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ គឺ​មាន​តែ​ប្រយោជន៍​ប៉ុណ្ណោះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI