កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ហាមឃាត់​ការ​វិនិយោគ​ផ្សារ​លក់ដូរ​

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន (© Photo : Reuters )

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ឈប់​ឲ្យមាន​ការ​វិនិយោគ​លើ​ផ្សារ​លក់ដូរ នៅ​ទូទាំង​ប្រទេស​។ ការសម្រេច ត្រូវបាន​ប្រកាស​ឡើង ក្រោយពី​មាន អាជីវករ​លក់ដូរ ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់​ នៅមុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ លី​ ម៉េងហួរ

 
ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​សាលា​ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​១២​ឧសភា​នេះ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្តី​បន្ទោស​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​ដឹកនាំ​ស្រុក​មួយ​ចំនួន​ថា​ជា​អ្នក​បោះ​ភ្លើង​ចូល​ផ្ទះ​របស់​លោក ជា​រៀងរាល់ថ្ងៃ ព្រោះ​តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ទាំងនោះ​រពិស​ដៃ​ក្នុង​ការ​ចុះ​ហត្ថលេខា​ សម្រេច​ឲ្យ​ឯកជនវិនិយោគ​លើ​ផ្សារ​លក់ដូរ​របស់​អាជីវ​ករ ក្រោម​ពាក្យ​ថា ដើម្បី​កែលម្អរ​សោភ័ណ្ឌភាព។

ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ចាប់ពី​ថ្ងៃនេះ​ទៅ អាជ្ញាធរ​ខេត្ត​ស្រុក និង​ក្រសួង​សេដ្ឋកិច្ច ត្រូវ​ឈប់រ​ពិស​ដៃ​ស៊ីញ៉េ​ប្រគល់​ផ្សារ ដែល​អាជីវករ​កំពុង​លក់ដូរ ឲ្យទៅ​ឯកជន​វិនិយោគ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា បើ​សិន​អ្នក​វិនិយោគ ចង់​រកស៊ី​ធ្វើផ្សារ​លក់ដូរ ត្រូវទៅ​រក​ដី​កន្លែង​ណា​ផ្សេង ដើម្បី​ធ្វើ​ផ្សារ​ថ្មី​។ ប៉ុន្តែ​កុំ​ប៉ះ​កន្លែង ដែល​អាជីវករ​កំពុង​លក់។

ក្នុង​រយៈពេល​កន្លងមក ក្រោម​ពាក្យ​កែលម្អរ​សោភ័ណ្ឌភាព​ទីក្រុង ដើម្បី​ធ្វើ​ផ្សារ​តូប​ថ្មី នៅ​លើ​ទីតាំង​ផ្សារ​ចាស់ អាជ្ញាធរ​បាន​សម្រេច​ឲ្យ​អាជីវករ រើស​តូប​ចេញពី​ផ្សារ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ផ្សារ​ថ្មី​រួច អាជីវករ​ត្រូវ​ទិញ​តូប​ក្នុង​តម្លៃ​ខ្ពស់ ចាប់ពី ១៥០០ ដុល្លារ ទៅ ៨០០០ ដុល្លារ។

សូម​រម្លឹកថា ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​របស់​សាលា​ខេត្តព្រះវិហារ ជាប់​ព្រំដែន​ថៃ នៅ​ថ្ងៃនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ដាក់​បទបញ្ជា​ថ្មី​ឲ្យ​កងទ័ព ត្រួតពិនិត្យ និង​ទប់ស្កាត់​ការកាប់​ឈើ និង​ការកាប់​រាន​ដីព្រៃ​។ ក្រុម​មេ​ទ័ព​កម្ពុជា ក៏​ត្រូវ​ធ្វើ​សេចក្តីរាយការណ៍​ឲ្យ​ច្បាស់​លាស់ អំពី​ស្ថានភាព​ព្រំដែន ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ​ផង​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI