កម្ពុជា-ជម្ងឺរាក

ជម្ងឺរាករូស​រាលដាល​នៅកម្ពុជា​

ជម្ងឺរាករូស​រាលដាល​នៅកម្ពុជា​
ជម្ងឺរាករូស​រាលដាល​នៅកម្ពុជា​ ©លី​ ម៉េងហួរ

ជម្ងឺ​រាករូស ធ្ងន់ធ្ងរ ដែល​ជា​រោគសញ្ញា​ជម្ងឺ​អាសន្ន​រោគ កំពុង​រាលដាល​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ជម្ងឺរាក​ធ្ងន់ធ្ងរ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​កើន​ដល់ ១៨៤ នាក់ និង​មាន​អ្នកស្លាប់ ២ នាក់ បន្ទាប់​ពី​ជម្ងឺរាក ដ៏​កាច​សាហាវ​នេះ បាន​រាលដាល​លើ​អ្នកភូមិ​កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ លី ម៉េងហួរ

ស្ថានភាព​អ្នក​ជម្ងឺ​រាករូស​ស្រួចស្រាល់ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​កើន​ដល់​១៨៤ នាក់​ហើយ គិត​ចាប់ពី​ថ្ងៃ​ផ្ទុះ​ជម្ងឺរាក​ធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១០​។ ចំណែក​អ្នក​រាក​ក្អួត​ខ្លាំង​រហូត​ដល់​ស្លាប់​មាន​ចំនួន ២ នាក់​។

 
ជម្ងឺរាកនៅ៤ឃុំ ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ត្រូវបាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ដល់​កន្លែង​កើត​ជង្ងឺរាក នៅ​ខេត្ត​កំពង់ចាម បាន​លើកឡើង​ថា មកដល់​ថ្ងៃ​ទី​១៣​ឧសភា​នេះ បាន​ធូរស្រាល​ហើយ ដោយ​ក្រុម​គ្រូពេទ្យ បាន​គ្រប់គ្រង​សភាពការណ៍ និង​ជួយ​ព្យាបាល​អ្នកភូមិ​ទាន់ពេល​។ នៅ​ថ្ងៃនេះ ក៏​មាន​អ្នក​ជម្ងឺ​ខ្លះ បាន​ជាសះស្បើយ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ ទៅ​ផ្ទះ​ខ្លះ​ហើយ ។

រដ្ឋ​មន្ត្រី​សុខាភិបាល លោក​ម៉ម ប៊ុនហេង បាន​បន្ថែមថា មូលហេតុ ដែល​នាំឲ្យ​កើត​ជម្ងឺរាក រហូត​ដល់​សម្លាប់​ជីវិត​មនុស្ស​ផង​នោះ បាន​បណ្តាល​មកពី​កង្វះ​អនាម័យ​, ការ​ទទួល​ទាន​ទឹក​មិន​ស្អាត នៅ​តាម​ថ្លុក​ត្រពាំង ពេល​អ្នកភូមិទៅ​ចំការ​, ការ​បន្ទោ​របង់​ពាសវាល​ពាស​កាល​ ជា​ពិសេស​ការប្រែប្រួល​អាកាសធាតុ ដែល​ក្តៅ​ខ្លាំង​ពេក​នៅ​កម្ពុជា នា​ប៉ុន្មាន​ថ្ងៃនេះ​។

ជម្ងឺរាក ដែល​ជា​រោគសញ្ញា​ដូចគ្នា​នឹង​ជម្ងឺ​អាសន្នរោគ បាន​រាលដាល​ជា​បន្តបន្ទាប់ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ ជម្ងឺរាក ក៏​កំពុង​កើតមាន​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ផងដែរ​។ នៅ​ទីនោះ មាន​អ្នក​ជម្ងឺ​រាប់សិប​នាក់ និង​ក៏មាន​អ្នកស្លាប់​។ កាលពី​ចុង​ខែ​មីនា ជម្ងឺរាក​ក៏បាន​រាតត្បាត​លើ​ក្រុម​អ្នក​ភូមិ​ជនជាតិដើម​ភាគ​តិចគួយ និង​ព្នង នៅ​ខេត្ត​ក្រចេះ ក្នុងស្រុក​ចិត្រ​បូរី បណ្តាលឲ្យ​មាន​អ្នក​ស្លាប់ ៦ នាក់​។

ក្រសួង​សុខាភិបាល បាន​ផ្សព្វផ្សាយ កាលពី​ខែ​កុម្ភៈ​ថា ចាប់ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ​ឆ្នាំ​២០១០ មាន​ករណី​ជម្ងឺ​រាករូស​ធ្ងន់ធ្ងរ ស្រដៀង​នឹង​រោគសញ្ញា ជម្ងឺ​អាសន្នរោគ ចំនួន ១២៨ ករណី និង​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ អំពី អ្នកស្លាប់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​រោគ​សញ្ញា​ជម្ងឺ​អាសន្នរោគ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា មាន​ច្រើន​ករណី គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០០៩​។ ជម្ងឺ​នេះ បាន​កើតឡើង​នៅក្នុង​ខេត្ត​កណ្តាល កំពង់ចាម កំពង់ស្ពឺ តាកែវ និង​ខេត្ត​រតនៈគិរី ជាដើម​។ ក្នុងនោះ យ៉ាង​ហោចណាស់​មាន​អ្នកស្លាប់​ ៣៥ នាក់​។

ជម្ងឺរាក​ធ្ងន់ធ្ងរ​នេះ គេ​អាច​ការពារ និង​ព្យាបាល​បាន​។ លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ លើ​ជម្ងឺរាក​ដ៏​កាច​សាហាវ​មួយ​នេះ​។ ប្រជា​ពលរដ្ឋ ត្រូវ​អនាម័យ​ខ្លួន​ប្រាណ ដៃជើង ទទួលទាន​ទឹក​ឆ្អិន ចំណីអាហារ​ត្រូវ​អនាម័យ ក្រប កុំឲ្យ​រុយ​រោម និង​ត្រូវ​បន្ទោរ​បង់​ក្នុង​បង្គន់ ឬក៏​ជី​ដី​កប់ ក្រោយ​បន្ទោរ​បង់​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI