គណបក្ស​រាជានិយម​ពិបាក​នឹង​លុប​ស្នាម​ប្រេះឆា

សំឡេង ០៤:០០
លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ
លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ ©វណ្ណារ៉ា

គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ និង​គណបក្ស​ជាតិនិយម​ដែល​ជា​អតីត​បងប្អូន​គូសត្រូវ​នឹង​គ្នា​​កំពុង​ព្យាយាម​បង្រួបបង្រួម​ឲ្យ​ក្លាយ​ជា​គណបក្ស​ តែមួយ​ឡើង​វិញ​ បន្ទាប់​ពី​បាន​បែក​​បាក់​គ្នា​ ហើយ​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ខ្ទេចខ្ទី​ស្ទើរ​ក្លាយជា​ផេះផង់​នោះ​មក។​ ​ឆ្លង​កាត់​​ការ​ចរចា​គ្នា​ជាច្រើន​លើក​​គណបក្ស​ទាំងពីរ​បាន​ឈាន​ដល់​ការ​ សម្រេច​ធ្វើ​បញ្ជី​ឈ្មោះ​​តែ​មួយ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​ ​និង​២០១៣​​ខាង​មុខ។​ ​ប៉ុន្តែ​​នៅ​ពី​ក្រោយ​​ឆាក​នៃ​ការ​បង្រួបបង្រួម​នេះ​​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​បង្ហាញ​ពី​ការ​បែង​ចែក​ជា​​ពីរ​ក្រុម​​ដែល​មាន ​និន្នាការ​នយោបាយ​បញ្ច្រាស​ទិស​គ្នា​ដដែល។​​ 

ផ្សាយពាណិជ្ជកម្ម

 

ដំណើរការ​ចរចា​ដើម្បី​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ និង​គណបក្ស​ជាតិ​និយម​​កំពុង​ឈាន​ទៅ​មុខ​គួរឲ្យ​កត់សម្គាល់។​​ ឥឡូវ​នេះ​​គណបក្ស​ទាំង​ពីរ​បាន​យល់​​ស្រប​គ្នា​បង្កើត​សម្ពន្ធ័ភាព​ «ហ៊្វុនស៊ិនប៉ិច​-​ជាតិនិយម»​ ​ដែល​ត្រូវ​មាន​បញ្ជី​បោះឆ្នោត​រួម​គ្នា​​តែ​មួយ។​​ នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​គួរ​ឲ្យ​លើក​ទឹកចិត្ត។

        ប៉ុន្តែ​​មាន​ចំណោទ​ពីរ​យ៉ាង​ ដែល​កំពុង​លេច​ធ្លោ​នៅ​ក្នុង​ក្រសែភ្នែក​របស់​ក្រុម​អ្នក​​សង្កេតការណ៍​​ដែល​បង្ហាញ​ពី​ឧបសគ្គ​នៅ​ក្នុង​ដំណើរការ​បង្រួប​បង្រួម​បក្ស​​រាជានិយម​​ទាំង​ពីរ។​ ​ចំណោទ​ទី​១​ ​ជា​បញ្ហា​សាមញ្ញ​តែ​ពិបាក​ដោះស្រាយ។​ ​នោះ​គឺ​​ចំណោទ​ស្តីពី​​ឈ្មោះ​គណបក្ស​ថ្មី​នេះ​ឯង។​ ​តាមពិត​​បញ្ហា​នេះ​ធ្លាប់​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ ​ហើយ​​វា​បាន​ក្លាយ​ជា​ដើមចម​នៃ​បរាជ័យ​ដ៏​ជូរចត់​នៃ​ការ​បង្រួប​បង្រួម​បក្ស​នយោបាយ​នៅ​​កម្ពុជា។​ ​ជាក់ស្តែង​​ការ​គាំង​ដំណើរ​នៃ​នយោបាយ​បង្រួប​បង្រួម​គណបក្ស​សមរង្ស៊ី​ ​និង​គណបក្ស​សិទ្ធិមនុស្ស​ គឺជា​ឧទាហរណ៍​ចុង​ក្រោយ​មួយ។​ ​តើ​​គណបក្ស​ណា​ត្រូវ​ចូល​​ជាមួយ​គណបក្ស​ណា​​ បើ​ម្នាក់ៗ​សុទ្ធតែ​ចង់​រក្សា​អត្តសញ្ញាណ​នៃ​គណបក្ស​របស់​ខ្លួន​​នោះ?​

        ចំណោទ​ទី២​ ​ខណៈ​ដែល​ការ​ព្យាយាម​រើស​បំណែក​តូចៗ​ មក​ផ្គុំគ្នា​ឲ្យ​ទៅ​ជា​​គណបក្ស​ធំ​មួយ​ឡើង​វិញ​កំពុង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ហើយ​នោះ​ ​ផ្ទៃ​ក្នុង​​ហ៊្វុនស៊ិនប៉ិច​​នៅ​តែ​បង្ហាញ​ភាព​ប្រេះស្រាំ​ដែល​ពិបាក​នឹង​ផ្គុំ​បញ្ចូល​គ្នា​ដដែល។​ នៅ​ក្នុង​​គណបក្ស​នេះ​​មាន​លេច​ចេញ​និន្នាការ​ពីរ​បញ្ច្រាស​ទិស​គ្នា​​នោះ​ គឺ​ហ៊្វុនស៊ិនប៉ិច​​ក្រុម​​លោក​ ញឹក​ ​ប៊ុនឆៃ​ ​ដែល​កំពុង​មាន​សម្ពន្ធ័ភាព​ជា​មួយ​គណបក្ស​កាន់​អំណាច​​ និង​​ហ៊្វុនស៊ិនប៉ិច​​​ក្រុម​របស់​លោក​ លឺ​ ​ឡាយស្រេង ​​ដែល​គេ​ចោទ​ថា​​មាន​ទំនោរ​ទៅ​រក​​បក្ស​ប្រឆាំង ​ដោយសារ​តែ​ក្រុម​នេះ​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃ​មាត់។

        ព្រោះ​តែ​មាន​និន្នាការ​ពីរ​បែប​នេះ​ហើយ​ ​បាន​ជា​កាល​ពី​សប្តាហ៍​មុន​​ឧត្តមសេនីយ៍​​យោធា​ម្នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ដក​ចេញ​ពី​មុខ​តំណែង​នៅ​កណ្តាល​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី។​ ​ហេតុផល​ដែល​នាំ​​ដល់​ការ​សម្រេច​ចិត្ត​នេះ​​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា​​មក​ពី​​ឧត្តមសេនីយ៍​​រូប​នោះ​មាន​ទំនាក់ទំនង​ការងារ​ជា​មួយ​គណបក្ស​ប្រឆាំង។​ ​ទោះជា​ហេតុផល​នេះ​ត្រូវ​​បាន​សាម៉ី​ខ្លួន​បដិសេធ​ក៏ដោយ​ ​ក៏​ការណ៍​នេះ​ វា​បាន​បង្ហាញ​ច្បាស់​អំពី​ការ​​បែក​បាក់​ផ្ទៃ​​ក្នុង​ហ៊្វុនស៊ិនប៉ិច​ដែល​នៅ​តែ​មិន​អាច​លុប​បាន​នៅ​ឡើយ។​ ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​​ តើ​គណបក្ស​រាជានិយម​អាច​ផ្សារ​ភ្ជិត​ការ​បែក​បាក់​ ​និង​ស្នាម​ប្រេះ​ស្រាំ​ដ៏​យូរ​​លង់​របស់​​ខ្លួន​បាន​ដែរ​ឬ​ទេ?

        ជាការពិត​ ​នៅ​ក្នុង​សង្គម​ខ្មែរ​ ​មាន​ហេតុផល​សំខាន់​ពីរ​យ៉ាង​ ដែល​នាំ​ដល់​ការ​​បែក​បាក់​​ ហើយ​ដែល​គេ​អាច​ទុក​ជា​មេរៀន​ប្រវត្តិសាស្រ្ត​បាន។​ ហេតុផល​ទី១​ ​គឺ​​គំនិត​​«អញនិយម»​​មាន​ន័យ​ថា​​មាន​តែ​ខ្លួន​ជា​អ្នកខ្លាំង​ជាង​គេ​​ រីឯ​អ្នក​ដទៃ​ត្រូវ​តែ​រណប​តាម​ខ្លួន។​ នៅ​ពេល​ដែល​មាន​តែ​អ្នក​ខ្លាំង​ដូច​គ្នា​​ប្រាកដ​ណាស់​ថា​ពួក​គេ​​និយាយ​ស្តាប់​គ្នា​មិន​​បាន​ឡើយ​ ពីព្រោះ​ថា​​មិន​ដឹង​ជា​អ្នក​ណា​ត្រូវ​ស្តាប់​អ្នក​ណា។​ ​ទីបំផុត​ ​គឺ​ការ​ចែក​ផ្លូវ​គ្នា​ដើរ​​ដើម្បី​ឲ្យ​ចប់​រឿង។​ ​ហេតុផល​ទី២​ ​គឺគំនិត​ «លាក់ពុត»​ របស់​អ្នក​នយោបាយ។​ ​មាន​ន័យថា​​ម្នាក់ៗ​សុទ្ធ​តែ​​ចេះ​និយាយ​យ៉ាង​ស្ទាត់​ជំនាញ​ថា​​ខ្លួន​ជា​អ្នក​ស្នេហាជាតិ​ ​និង​​គិត​គូរ​អំ​ពី​​ប្រយោជន៍​ជាតិ​ជា​ធំ​​ តែ​នេះ​គ្រាន់​តែ​ជា​ទ្រឹស្តី​សម្រាប់​បំពេរ​អារម្មណ៍​ប្រជាពលរដ្ឋ​តែ​​ប៉ុណ្ណោះ។​ ​តាម​ការ​ពិត​​មាន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​​និង​បក្ខពួក​របស់​ខ្លួន​ប៉ុណ្ណោះ​ដែល​​ធំ​លើស​មហា​មេឃ។​ ​ក្នុង​បរិបទ​នេះ​​​ប្រយោជន៍​ជាតិ​ច្បាស់​ជា​ត្រូវ​គេ​ទុក​មួយ​អន្លើ​សិន​ហើយ។

សរុប​មក​វិញ​​បំណែក​តូចៗ​នៃ​គណបក្ស​រាជានិយម​​ គឺ​ប្រាកដ​ជា​មិន​អាច​យក​មកផ្គុំគ្នា​ឲ្យ​ទៅ​ជា​គណបក្ស​ធំមួយ​វិញ​បាន​ឡើយ​ ប្រសិន​បើ​អ្នក​នយោបាយ​ម្នាក់ៗ​​នៅ​តែ​​តាំង​ខ្លួន​ជា​អ្នក​ខ្លាំង​ បើ​ទោះ​បី​ជា​ពួក​គេ​បែក​បាក់​ខ្ទេច​ខ្ទី​ស្ទើរ​តែ​​នៅ​សល់​តែ​ខ្លួន​មួយ​ហើយ​ក៏​ដោយ​នោះ។​ ​ការ​ធ្លាក់​ពី​កំពូល​មក​ដល់​បាត​ក្រោម​បំផុត​​នៃ​គណបក្ស​«រាជានិយម»​​គួរ​តែ​អង្រួន​ពួក​គេ​ឲ្យ​ភ្ញាក់​ពី​សន្លប់​វិញ​បាន​ហើយ​នៅ​ពេល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI