កម្ពុជា

សុខភាព​លោកវ៉ាន់ ណាត​មិន​បាន​ប្រសើរ​ឡើង​ឡើយ

លោក​ វ៉ាន់ ណាត ពេល​នៅ​មាន​សុខភាព​ល្អ​នៅ​ឡើយ
លោក​ វ៉ាន់ ណាត ពេល​នៅ​មាន​សុខភាព​ល្អ​នៅ​ឡើយ ©RFI

អតីត​អ្នកទោស​គុក​ទួលស្លែង​ដែល​រួច​ផុត​ពី​សេចក្តី​ ស្លាប់​លោក វ៉ាន់ ណាត​ មិន​មាន​សុខភាព​ប្រសើរ​ឡើង​ច្រើន​ឡើយ បើ​ទោះ​ជា​លោក​បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ​ក៏​ដោយ។ ភរិយា​របស់​លោក វ៉ាន់ ណាត ​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ស្វាមី​របស់​លោកស្រី​សំរាក​មិន​បាន ហើយ​ពិសារ​ក៏​មិន​បាន​ច្រើន​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច

ភរិយា​របស់​លោក វ៉ាន់ ណាត​ បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​ឧសភា​នេះ​ថា លោកស្រី​នៅ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សុខភាព​របស់​ស្វាមី​លោកស្រី​នៅឡើយ​រហូត​ដល់​ពេល​នេះ។ ភរិយា​របស់​លោក វ៉ាន់ ណាត ​គឺ​លោកស្រី​ គិត អេង ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា រាល់ថ្ងៃ​ស្វាមី​របស់​លោកស្រី​នៅតែ​បរិភោគ​បបរ​បាន​បន្តិចបន្តួច ហើយ​សំរាន្ត​មិន​លក់​ឡើយ។ ប្រការ​ទាំងនេះ​ធ្វើ​អោយ​ស្វាមី​របស់​លោកស្រី គឺ​លោក វ៉ាន់ ណាត ​មាន​សុខភាព​មិន​រឹងប៉ឹង​ទាល់​តែ​សោះ។

លោកស្រី គិត អេង ​ភរិយា​លោក វ៉ាន់ ណាត​ បាន​បន្ត​ថា លោកស្រី​ត្រូវ​នាំ​លោក វ៉ាន់ ណាត​ ទៅ​លាង​ឈាម​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​នៅ​មជ្ឈមណ្ឌល​លាង​ឈាម​ជា ស៊ីម។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​លោក វ៉ាន់ ណាត​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​របស់​លោក។ ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក វ៉ាន់ ណាត​ មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ ទាក់ទង​នឹង​ក្រលៀន ក្រពះ ពោះវៀន និង​លំពែង​ផង។

លោក វ៉ាន់ ណាត ឥឡូវ​នេះ​វ័យ​៦៥​ឆ្នាំ គឺ​ជា​អតីត​អ្នកទោស​ក្នុង​គុក​ទួលស្លែង​ម្នាក់​ក្នុង​សម័យ​ខ្មែរ​ក្រហម ដែល​បាន​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ទាហាន​ខ្មែរ​ក្រហម។ លោក វ៉ាន់ ណាត​ គឺ​ជា​សាក្សី​រស់​មួយ​រូប​ដ៏​សំខាន់​សម្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​កំពុង​ដំណើរការ។ លោក វ៉ាន៉ ណាត​ ធ្លាប់​បាន​ធ្វើ​សក្ខីកម្ម​ម្តង​រួច​មក​ហើយ ក្នុង​ដំណើរការ​ជំនុំ​ជម្រះ​អតីត​មេគុគ​ទួលស្លែង​កាំង ហ្គេចអ៊ាវ ហៅ​ឌុច។

លោក វ៉ាន់ ណាត​ គឺ​ជា​សាក្សី​រស់​មួយ​រូប​ក្នុង​ចំណោម​សាក្សី​រស់​មួយ​ចំនួន​តូច​ទៀត​ដែល​បាន​រួច​ផុត​ពី​ការ​កាប់​សម្លាប់​នៅ​មន្ទីរ​ស២១ ឬ​គុក​ទួលស្លែង ហើយ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ចាស់​ជរា និង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ដូចគ្នា។

គួរ​បញ្ជាក់​ថា ដើម្បី​សម្រួល​បន្ទុក​នៃ​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​លោក វ៉ាន់ ណាត មជ្ឈមណ្ឌល​បុប្ជាណា​បាន​រៀបចំ​ការ​តាំង​ពិពណ៌​ដាក់​លក់​រូប​គំនូរ​ចំនួន​១២​ផ្ទាំង​ដែល​គូរ​ដោយ​លោក វ៉ាន់ ណាត​ ខ្លួនឯង​ស្តី​ពី​ជីវិត​របស់​លោក​ក្នុង​សម័យ​ខ្មែរ​ក្រហម ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​ក្រុម​គ្រួសារ​លោក វ៉ាន់ ណាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI