កម្ពុជា

សាលក្រម​ឌុច​នឹង​ត្រូវ​ប្រកាស នៅ​អំឡុង​វស្សានរដូវ

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ទទួល​បន្ទុក​កាត់ទោស​អតីត​មេដឹកនាំ ខ្មែរក្រហម
អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ទទួល​បន្ទុក​កាត់ទោស​អតីត​មេដឹកនាំ ខ្មែរក្រហម ©សុវណ្ណារ៉ា

មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​ចៅក្រម​អាច​នឹង​ធ្វើ​ការប្រកាស​សាលក្រម​លើ​សំណុំ​រឿង ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​សង្ស័យ​លើ​ការសម្លាប់​មនុស្ស​ជាង​១៤​០០០ នៅ​អំឡុង​ខែ​មិថុនា ឬ​កក្កដា ខាង​មុខ​នេះ។ ចំណែក​ឯ សំណុំ​រឿង​ ០០២​ គ្រោង​នឹង​បើក​ការជំនុំ​ជម្រះ​ក្តី នៅ​ដើម​ឆ្នាំ ​២០១១​ ខណៈ​ដែល​តុលាការ​ចម្រុះ​កម្ពុជា-អង្គការ​សហប្រជា​ជាតិ​នេះ​កំពុង​តែ​រត់​ ប្រណាំង​នឹង​ពេល​វេលា ​និង​វិបត្តិ​ខ្វះ​ថវិកា។

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់​នេត្រ ភក្រ្តា

បើ​តាម​ការឲ្យ​ដឹង​របស់​លោក​ឌឹម សុវណ្ណារុំ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​អាទិត្យ​នេះ ការប្រកាស​សាលក្រម​គ្រោង​នឹង​ធ្វើ​ឡើង នៅ​ក្នុង​អំឡុង​វស្សាន​រដូវ​ឆ្នាំ​នេះ ពោល​គឺ​នៅ​ចន្លោះ​ពី​ខែ​មិថុនា ដល់​ខែ​សីហា។ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ ចៅក្រម​ត្រូវការ​ពេល​វេលា​ច្រើន​ក្នុង​ការសរសេរ​សាលក្រម​លើ​ករណី​ឌុច​នេះ ពីព្រោះ​ថា វា​ជា​ការងារ​ដែល​ពិបាក​ស្មុគស្មាញ ដោយសារ​មាន​ការជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ ដូចជា ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​ដើម។ ចៅក្រម​ត្រូវ​ពិចារណា​លើ​អង្គហេតុ និង​អង្គ​ច្បាប់​ មុននឹង​សម្រេច​កំណត់​ទោស​ពៃរ៍​ដែល​តម្រូវ​ឲ្យ​មាន​ការយល់​ស្រប​គ្នា​ពី​ចៅក្រម​ជាតិ និង​អន្តរជាតិ ទើប​ចំណាយ​ពេល​យូរ​យ៉ាង​ដូច្នេះ។

 
ចំណែក​សំណុំរឿង ០០២ ប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​វិញ មាន​ការវិវឌ្ឍន៍​ច្រើន​ហើយ។ ឥឡូវ​នេះ គឺ​ស្ថិតនៅ​ក្នុង​ដំណាក់​កាល​តវ៉ា និង​ជំនុំ​ជម្រះ ឧទ្ធរណ៍​លើ​ការតវ៉ា​ផ្សេងៗ​របស់​ភាគី​នានា ​ក្នុង​សាលាក្តី​រួម​មាន​សហព្រះរាជ​អាជ្ញា មេធាវី​ការពារ​ក្តី​លើ​ការសម្រេច​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត។ គួរ​បញ្ជាក់​ថា ការិយា​ល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​បានបិទ​ការស៊ើប​អង្កេត​លើ​សំណុំរឿង ០០២ ប្រឆាំង​នឹង​លោក​នួន ជា អតីត​ប្រធាន​ រដ្ឋសភា​តំណាង​ប្រជាជន លោក ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ និង​គូ​ភរិយា​លោក​អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​លោក​ស្រី​អៀង ធីរិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច កាល​ពី​ថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ​២០១០ កន្លងទៅ។

បើ​តាម​អ្នកនាំពាក្យ​សាសាក្តី​ខ្មែរក្រហម លោក​ឌឹម សុវណ្ណារុំ អង្គ​បុរេ​ជំនុំជម្រះ​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នានា នៅ​ចុង​ខែ​ឧសភា​នេះ និង​ដើម​ខែ​មិថុនា ដោយ​ធ្វើ​ឡើង​ជា​អសាធារណៈ។ ទោះ​បី​ជា​មាន​ការស៊ើប​អង្កេត​បន្ថែម ឬ​មាន​បណ្តឹង​ឧទ្ធរណ៍​ក៏​ដោយ​ ក៏​សហ​ចៅក្រម​ស៊ើប​អង្កេត​ព្យាយាម​ធ្វើ​ដីកា​បញ្ជូន​រឿង​ជំនុំ​ជម្រះ​ឲ្យ​បាន​មុន​ខែ​កញ្ញា​ឆ្នាំ ​២០១០។

ការបញ្ជូន​ឲ្យ​បាន​មុន​ខែ​កញ្ញា​ឆ្នាំនេះ គឺ​ជា​ការចាំបាច់​បំផុត សម្រាប់​សហចៅក្រម​ស៊ើប​អង្កេត ព្រោះ​ខែ​កញ្ញា ​គឺ​ជា​ខែ​មួយ​ដែល​ទាក់ទង​នឹង​ការឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​ជន​ត្រូវ​ចោទ​ នួន ជា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៩​ ខែ​កញ្ញា​ឆ្នាំ​ ២០០៧។ មន្ត្រី​សាលាក្តី​ខ្មែរក្រហ​
បាន​ឲ្យ​ដឹង​ថា យោង​តាម​វិធាន​ផ្ទៃក្នុង ប្រសិន​បើ​ជន​ត្រូវ​ចោទ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ជំនុំ​ជម្រះ​ក្នុង​ចន្លោះ​ពេល​បួន​ខែ ​ចាប់​ពី​ថ្ងៃ​បញ្ជូន​ដីកា​ទៅ​ជំនុំ​ជម្រះ ​នោះ​ជន​ត្រូវ​ចោទ​អាច​ត្រូវ​បន្ត​ឃុំ​ខ្លួន​នៅ​សាលាក្តី​ខ្មែរ​ក្រហម​រង់ចាំ​ការជំនុំ​ជម្រះ បើ​ទោះ​បី​ជា​រយៈពេល​នៃ​ការឃុំ​ខ្លួន​អស់​សុពលភាព​ក៏​ដោយ។

ប៉ុន្តែ ករណីដែល​ជន​ត្រូវ​ចោទ​មិន​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ជំនុំ​ជម្រះ នៅ​ក្នុង​រយៈ​ពេល​បួន​ខែ ក្រោយ​ពេល​សហ​ចៅក្រម​ស៊ើប​អង្កេត​បញ្ជូន​ដីកា​ឲ្យ​ជំនុំ​ជម្រះ​ទេ​ ពេល​នោះ ​ជន​ត្រូវចោទ​នឹង​ត្រូវ​ដោះលែង​ឲ្យ នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​ការកាត់ក្តី​ជំនុំ​ជម្រះ ខណៈ​ដែល​សាលាក្តី​បាន​ច្រាន​ចោល​ជា​ច្រើន​លើក​ច្រើន​សា មក​ហើយ លើ​បណ្តឹង​ឧទ្ធរណ៍ សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​រួប​នេះ ​និង​មេខ្មែរ​ក្រហម​ដទៃ​ទៀត។ មេខ្មែរ​ក្រហម​ទាំង​នោះ​ត្រូវ​បាន​សាលាក្តី​ឲ្យ​ដឹង​ថា មាន​សុខភាព​ជា​ធម្មតា ទោះបី​មាន​ជំងឺ​រួតរឹត​ខ្លះ​ក៏​ដោយ។

គេ​រំពឹង​ថា ការជំនុំ​ជម្រះ​នឹង​អាច​ធ្វើ​ឡើង​នៅ ​ដើម​ឆ្នាំ ​២០១១​ ខាង​មុខ​នេះ។ សំណុំ​រឿង​ ០០២​នេះ ​មាន​អ្នកតាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ចំនួន​ជាង​ ៤០០០​នាក់។

បើ​តាម​ការឲ្យ​ដឹង​របស់​មន្ត្រី​សាលាក្តី​ខ្មែរក្រហម ទាក់ទង​នឹង​បញ្ហា​កង្វះ​ថវិកា​វិញ បុគ្គលិក​ជាតិ​ខ្មែរ​នៃ​សាសា​ក្តី​ខ្មែរ​បាន​ទទួល​ប្រាក់​ខែ​ត្រឹម​តែ​៥០%​នៃ​ប្រាក់ខែ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ខែ​ឧសភា​នេះ ​បុគ្គលិក​ទាំង​អស់​មិន​ទាន់​ដឹង​ថា ខ្លួន​នឹង​អាច​ទទួល​បាន​ប្រាក់ខែ​ពាក់​កណ្តាល ឬ​១០០%​នៅ​ឡើយ​ទេ។

​មន្ត្រី​សាលាក្តី​ឲ្យ​ដឹង​ថា ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ ​២០១០ និង​២០១១​ដែល​មាន​ទឹកប្រាក់ ៩២,៣​ លាន​ដុល្លារ​ដែល​ក្នុង​នោះ​ភាគី​ជាតិ​ទទួល​បាន ២៣,១ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០១០។ ប៉ុន្តែ​ដោយសារ​តែ​មាន​នីតិវិធី​ផ្សេងៗ លំហូរ​សាច់ប្រាក់​ពី​សំណាក់​ប្រទេស​ម្ចាស់​ជំនួយ​ដែល​ផ្តល់​វិភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​ដល់​ភាគី​ជាតិ​ មិន​ទាន់​ធ្លាក់​មក​នៅ​ឡើយ​ទេ។ គេ​រំពឹង​ថា ​បញ្ហា​វិបត្តិ​ថវិកា​នេះ​អាច​នឹង​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​ នៅ​ចុង​ខែ​ឧសភា​នេះ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួម​ទាំង​លោក​អគ្គលេខា​ធិការ​អ.ស.ប ផង​ដែរ​Ban Ki-moon៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI