កម្ពុជា

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នឹង​យាង​ទៅ​វៀតណាម

សម្តេចឪ នរោត្តម សីហនុ
សម្តេចឪ នរោត្តម សីហនុ © សុវណ្ណារ៉ា

លោក យន្ត ថារូ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្តេច​ព្រះ​នរោត្តម សីហនុ អំពី​ទុក្ខសោក​មួយ​ចំនួន​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជាង ១២ លាន​នាក់ ដែល​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ឬ​ទឹកដី កូសាំងស៊ីន។ អំឡុង​ពេល​ព្រះ​រាជទស្សនកិច្ច​របស់​សម្តេច​ឳ នៅ​វៀតណាម ដែល​គ្រោង ធ្វើ​នៅ​ខែ​មិថុនា​ខាង​មុខ​, លោក​តំណាងរាស្ត្រ យន្ត ថារូ បាន​ទូល​សុំ​ឲ្យ​ព្រះអង្គ​លើក​ឡើង​ពី​ការរំលោភ​សិទ្ធិ​លើ​ខ្មែរ​កម្ពុជា​ ក្រោម ប្រាប់​ដល់​រដ្ឋាភិបាល​វៀតណាម។​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ

លិខិត​របស់​អ្នក​តំណាងរាស្ត្រ យន្ត ថារូ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​១៨​ឧសភា​នេះ បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​ទទួល​ព័ត៌មាន​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ស្តេច​យាង​ទៅ​បំពេញ​ព្រះ​រាជទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​វៀតណាម នា​ខែ​មិថុនា ឆ្នាំ​២០១០ ខាង​មុខ។​

 
លោក​តំណាង​រាស្ត្រ យន្ត ថារូ បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​ព្រះ​រាជទស្សនកិច្ច​នៅ​វៀតណាម ព្រះករុណា ព្រះ​វររាជ​បិតា​នឹង​លើក​ឡើង​ពី​​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​កូន​ចៅ ចៅ​ទួត​របស់​ព្រះអង្គ។ ព្រះ​ករុណា ក៏​នឹង​ផ្តាំ​ផ្ញើ​ដល់​បក្ស និង​រដ្ឋាភិបាល​វៀតណាម ឲ្យ​ជួយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាក់​ជា​ពុំខាន​ឡើយ លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។​

តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី ក៏​បាន​បញ្ជាក់​ក្នុង​លិខិត ដោយ​សង្ឃឹមថា ព្រះករុណា ព្រះ​វររាជ​បិតា ច្បាស់​ជា​ឆ្លៀត​ឱកាស​ដ៏​វិសេសវិសាល នៅ​វៀតណាម ដើម្បី​យាង​សួរ​សុខទុក្ខ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​មាន​ខ្មែរ​រស់នៅ​ច្រើន ដូចជា ខេត្ត​ព្រះ​ត្រពាំង ខេត្ត​ឃ្លាំង ខេត្ត​ពលលាវ ខេត្ត​ទឹកខ្មៅ ខេត្ត​មាត់ជ្រូក និង​ខេត្ត​ក្រមួន​ស ជាដើម។​

តាម​អ្នក​តំណាងរាស្ត្រ យន្ត ថារូ ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួបប្រទះ​នឹង​ទុក្ខសោក​ជាច្រើន ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម មាន​ជាអាទិ៍ ការ​បាត់បង់​អត្តសញ្ញាណ មិន​ចេះ​អក្សរ​ខ្មែរ ទទួល​រង​នូវ​អំពើ​អយុត្តិធម៌ ការរំលោភ​សិទ្ធិ​ជំនឿ​សាសនា ការ​គំរាមកំហែង និង​ការផ្លាស់ប្តូរ​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ពង្សាវតា និងត្រកូល​ខ្មែរ ជាដើម។​

ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម មាន​ពលរដ្ឋ​ខ្មែរ​ជាង ១២ លាន​នាក់ រស់​នៅ​លើ​ផ្ទៃដី​ទំហំ ៦៨,៩៦៥ គីឡូម៉ែត្រ​ក្រឡា ក្នុង ២១ ខេត្ត។ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឬ កូសាំងស៊ីន ត្រូវ​បាន​រដ្ឋាភិបាល​បារាំង បាន​កាត់​ផ្ទេរ​ឲ្យ​វៀតណាម កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩។​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​ព្រះករុណា ព្រះ​វររាជ​បិតា បាន​មាន​បន្ទូល​ថា ជុំវិញ​ព្រះរាជ​ដំណើរ​របស់​ព្រះករុណា ព្រះវររាជ​បិតា សម្តេច​ព្រះ​នរោត្តម សីហនុ ទៅកាន់​ប្រទេស​វៀតណាម នៅ​ពេល​នេះ មិនទាន់​មាន​ការកំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ។​

ក៏ប៉ុន្តែ​ព្រះអង្គ​ម្ចាស់ បាន​បន្ថែម​ថា ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះករុណា ព្រះ​វររាជ​បិតា នៅ​ប្រទេស​វៀតណាម មាន​សារៈសំខាន់ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម ជាពិសេស ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា វៀតណាម មិន​ភ្លេច​សគុណ​របស់​អតីត​ព្រះ​មហាក្សត្រ ដែល​ព្រះអង្គ​បាន​ជួយ ជាពិសេស​ដល់​បដិវត្ត​វៀតណាម (សង្គ្រាម​អាមេរិក និង​វៀតណាម)។​

តាម​ព្រះអង្គម្ចាស់ ធម្មិកោ នៅ​ពេល​ព្រះករុណា បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​វៀតណាម​នា​ពេល​ខាងមុខ បើ​សិន​ព្រះអង្គ ត្រូវ​លើក​ឡើង​ពី​បញ្ហា​បងប្អូន​ខ្មែរ​ក្រោម ក៏​ជំហរ​របស់​ព្រះករុណា​នៅ​ដដែល។ នោះ​គឺ​ព្រះ​ករុណា មិន​បោះបង់​នូវ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ដ៏​ស្មោះត្រង់បំផុត ចំពោះ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI