កម្ពុជា

កម្ពុជា​ប្រារព្ធ​ទិវា​ចង​ចាំ ថ្ងៃ​២០ ឧសភា

ការ​ប្រារព្ធ​ទិវា​ចង​កំហឹង​នៅ​ជើង​ឯក ថ្ងៃទី ២០ ឧសភា ២០១០
ការ​ប្រារព្ធ​ទិវា​ចង​កំហឹង​នៅ​ជើង​ឯក ថ្ងៃទី ២០ ឧសភា ២០១០ ® សុវណ្ណារ៉ា

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ សិស្សានុសិស្ស និង​ព្រះសង្ឃ​បាន​ជួបជុំ​គ្នា​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើង​ឯក​នៅ​ព្រឹក​ថ្ងៃ​ទី ​២០​ឧសភា​នេះ ដើម្បី​ប្រារព្ធ​ទិវា​នៃ​ការ​ចងចាំ​លើ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។ ជា​ពិធី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​រៀបចំ​ជា​រៀងរាល់​ ឆ្នាំ។ 

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​អ្នក​រៀបចំ​កម្មវិធី​តាម​បែប​សាសនា​នៅ​ឯ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើងឯក ដែល​ស្គាល់​ថា​ជា​អតីត​វាល​ពិឃាត​ជើងឯក។ នៅ​ទី​នោះ កាល​ពី​ព្រឹកមិញ​នេះ​គឺ​ទាំង​មន្ត្រី​រាជការ ទាំង​ប្រជាពល​រដ្ឋ​នៅ​ក្បែរ​សារមន្ទីរ​នោះ​បាន​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ព្រះសង្ស​២៧០អង្គ ដើម្បី​ឧទ្ទិស​ដល់​ព្រលឹង​អ្នក​ដែល​ត្រូវ​បាន​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម និយាយ​ជារួម និង​អ្នក​ដែល​ត្រូវ​បាន​យក​ពី​គុក​ទួលស្លែង ហើយ​ត្រូវ​នាំ​យក​សម្លាប់​នៅ​ជើងឯក​នេះ និយាយ​ដោយឡែក។ ហើយ​បើ​តាម​ការ​អះអាង​កន្លងមក មាន​មនុស្ស​ប្រមាណ​៩​ពាន់នាក់​ដែល​ត្រូវ​បាន​សម្លាប់ និង​កប់​ក្នុង​រណ្តៅ​ជាច្រើន​នៅ​ជើងឯក​នេះ។

            ព្រឹកមិញ​នេះ មុន​នឹង​រៀបចំ​ពីធី​រាប់បាត្រ ក៏​មាន​ឈុត​សម្តែង​ល្ខោន​ខ្លី​មួយ​ដែរ ស្តី​ពី​ការ​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ប្រជាជន​ប្រឈម​នឹង​ការ​សម្លាប់​ជា​រៀងរាល់​ថ្ងៃ រហូត​ដល់​មាន​ថ្ងៃរំដោះ៧ មករា​១៩៧៩។

            កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​១៩៧៦​ គឺ​ជា​ថ្ងៃ​ដែល​បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ក្រុម​ពួក​ប៉ុលពត​បាន​ប្រកាស​ដាក់​ចេញ​ការ​អនុវត្តន៍​គោលនយោបាយ​របស់​ខ្លួន​ ស្តី​ពី​ការ​រស់​នៅ​ក្នុង​ជីវភាព​ជា​សមូហភាព គ្មាន​កម្មសិទ្ធ​ឯកជន ដែល​ប្រជាជន​ខ្មែរ​អ្នក​ធ្លាប់​ឆ្លងកាត់​របប​ប៉ុលពត​ស្គាល់​ថា ជា​សហករ​នោះ។ អត្ថន័យ​នៃ​ការ​រម្លឹក​ថ្ងៃ​២០​ឧសភា វា​មិន​ទៅ​ណា​ឆ្ងាយ​ពី​ការ​រម្លឹក​អំពី អំពើ​កាប់​សម្លាប់​ដែល​ប្រព្រឹត្ត​ដោយ​របប​ខ្មែរ​ក្រហម និង​រម្លឹក​ដល់​ព្រលឹង​អ្នក​ស្លាប់​នោះ​ទេ។

            ក្រោយ​ពី​ការ​ធ្លាក់​ចុះ​របប​ខ្មែរ​ក្រហម ក្នុង​ទសវត្សន៍​ទី​៨០ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថ្ងៃ​ទី​២០​ឧសភា​នេះ ជា​ទិវា​ចង​កំហឹង។ ហើយ​រហូត​ដល់​ដើម​ទសវត្សន៍​ទី​៩០ ថ្ងៃ​ទី​២០​ឧសភា ក៏​ត្រូវ​ចាត់ទុក​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដែល​អនុញ្ញាត​អោយ​មន្ត្រី​រាជការ សិស្ស​សាលា​ឈប់​សម្រាក​ផង​ដែរ។
            ក្រោយ​មក ដោយ​ប្រវត្តិសាស្ត្រ​ប្រែប្រួល ក្រោយ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ពិសេស​ដោយ​យោង​តាម​ស្មារតី​នៃ​ការ​ផ្សះផ្សារ​ជាតិ​ផង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ទិវា​ចង​កំហឹង​បាន​ប្រែ​ក្លាយ​ឈ្មោះ​ទៅ​ជា​ទិវា​នៃ​ការ​ចងចាំ​វិញ។

            ទោះ​យ៉ាង​ណា​ក្តី នេះ​គ្រាន់​តែ​ជា​ការ​សម្រាល​អត្ថន័យ​នៃ​ពាក្យពេជន៍​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ថា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​បំភ្លេច​មិន​ធ្វើ​សោះ​នោះ គឺ​មិន​បាន​ទេ។ ជា​រៀងរាល់​ឆ្នាំ តូច​ឬ​ធំ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​រៀបចំ​ពិធី​នេះ ដោយ​ចាត់​ទុក​ថា ជា​ថ្ងៃ​កាន់​ទុក្ខ​ជា​ប្រវត្តិសាស្ត្រ​ផង។

            អត្ថន័យ​សំខាន់​នៃ​ទិវា​នេះ គឺ​ការ​រម្លឹក​អំពី​របប​ដ៏​យង់ឃ្នង​របស់​កម្ពុជា​ប្រជាធិបតេយ្យ។ បើ​ប្រជាជន​ខ្មែរ​រូប​ណា​ក៏​ជា​ជន​រងគ្រោះ​នៃ​របប​នេះ​ដែរ​នោះ អ៊ីចឹង​ប្រជា​ពលរដ្ឋ​រូបណា​ក៏​អាច​ចូលរួម​រៀបចំ​ពិធី​នេះ​តាម​មធ្យោបាយ​រៀងៗ​ខ្លួន​បាន​ដែរ។

            និយាយ​ពី​ពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​វិញ។ ថ្ងៃ​ទី​២០​ឧសភា គ្រាន់​តែ​ជា​ជម្រើស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ក្នុង​ការ​រៀបចំ​ពិធី​រម្លឹក​ឧទ្ទិស​ដល់​អ្នក​ស្លាប់។ តែ​បញ្ហា​ចង​កំហឹង​ប្រឆាំង​របប​ប៉ុលពត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជានិច្ច។ គណបក្ស​នេះ​នៅ​មាន​ថ្ងៃ​៧​ខែ​មករា​មួយ​ទៀត​ដែល​ត្រូវ​រៀបចំ។ ទាំងនេះ​គឺ​ជា​មាន​សរសេរ​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​ទៀត​ផង។

            តាម​ពិត ទាក់ទង​នឹង​ការ​ប្រឆាំង​របប​ប៉ុលពត​ដូចគ្នា គណបក្ស​សម រង្ស៊ី​ដែល​ជា​គណបក្ស​ប្រឆាំង ជា​រៀងរាល់​ឆ្នាំ គេ​បាន​រើស​យក​ថ្ងៃ​ទី​១៧​មេសា ដែល​ជា​ថ្ងៃ​ឡើង​កាន់​អំណាច​របស់​បន​ភឿន​ប៉ុល ពត​នោះ ជា​ថ្ងៃ​ដែល​គណបក្ស​សម រង្ស៊ី​រម្លឹក​វិញ្ញាណក្ខន្ត​ប្រជាជន​ខ្មែរ​ដែល​បាន​បាត់បង់​ជីវិតក្នុង​របប​អាវ​ខ្មៅនោះ។ ដូច្នេះ​សរុប​មក​វិញ រម្លឹក​ការ​ឈឺចាប់​របស់​អ្នក​រស់​ផុត​ពី​ការ​កាប់​សម្លាប់ និង ចង​កំហឹង​ប្រឆាំង​របប​ខ្មែរ​ក្រហម ពលរដ្ឋ​ខ្មែរ​អ្នក​រងគ្រោះ​ម្នាក់​ណា​ក៏​មាន​សិទ្ធិ​ដែរ ហើយ​ចង់​រៀបចំ​ធ្វើ​ពិធី​ថ្ងៃ​ណា​ក៏​បានទៅទៀត។ គ្រាន់​តែ​ថា ថ្ងៃ​ទី​២០​ឧសភា គឺ​វា​មាន​ប្រវត្តិ​របស់​វា។ សូម​រម្លឹក​ថា ថ្ងៃ​ទី​២០​ឧសភា​ឆ្នាំ​១៩៧៦ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច រដ្ឋាភិបាល​នេះ​បាន​ប្រកាស​ដាក់ចេញ​គោល​នយោបាយ​សមូហភាព រស់​នៅ​រួម គ្មាន​កម្មសិទ្ធ​ឯកជន​ចំពោះ​ប្រជាជន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI