កម្ពុជា

ជំរឿន រក​ឃើញ​មន្ត្រី​រាជការ​ខ្មោច​ជាង ២០០០ នាក់

ជំរឿន​លើក​ទី​បី​រក​ឃើញ​មាន​មន្ត្រី​ខ្មោច​ជាង​ពីរ​ពាន់​នាក់
ជំរឿន​លើក​ទី​បី​រក​ឃើញ​មាន​មន្ត្រី​ខ្មោច​ជាង​ពីរ​ពាន់​នាក់ © សុវណ្ណារ៉ា

ជាជំហាន​ដំបូង​នេះ​ ការ​​ធ្វើ​​ជំរឿន​មន្ត្រី​​រាជការ ដែល​បាន​ចាប់​ផ្តើម កាលពី​ថ្ងៃ​ទី ៦ ខែ​មេសា មក​​ដល់​​ពេលនេះ​បាន​រក​​ឃើញ​​មន្ត្រី​​រាជការ​ខ្មោច​ ឬ​បុគ្គលិក​រដ្ឋ​ដែល​បាន​លា​​ឈប់​​ពី​ការងារ ប៉ុន្តែ​​នៅ​​មាន​​ឈ្មោះ​​ក្នុង​​តារាង​​បញ្ជី​​បើក​​ប្រាក់​​ខែ​​របស់​​រដ្ឋ​​ប្រមាណ​​២០០០​នាក់។ ឈ្មោះ​​មន្ត្រី​ខ្មោច​នេះ បាន​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាត​បង់​ប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ

ក្រុមប្រឹក្សាកំណែ​ទម្រង់រដ្ឋបាលនៃទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​ឧសភា ក្នុង​សប្តាហ៍​នេះ​ថា ជំរឿន​មន្ត្រី​​រាជការ​ស៊ីវិល ដែល​ចាប់​ផ្តើម​កាលពី​ថ្ងៃ​៦ ខែ​មេសា​កន្លង​មក បាន​រក​ឃើញ​មន្ត្រី​​រាជការខ្មោច ឬ បុគ្គលិករដ្ឋ ដែលបានលា​ឈប់ពីការងារ ប៉ុន្តែនៅមានឈ្មោះ ក្នុងតារាង​បញ្ជីបើកប្រាក់​ខែ​របស់រដ្ឋ​ប្រមាណ ២០០០ នាក់។ ឈ្មោះ​មន្ត្រី​ខ្មោច ២០០០ នាក់នេះ បានធ្វើឲ្យរដ្ឋាភិបាល ខាតបង់ប្រាក់ ប្រមាណជាង ២ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

 
ទិន្នន័យជាបឋមនេះ បានរកឃើញក្រោយពីការបញ្ចប់ជំរឿន​រាប់​ឈ្មោះ​បុគ្គលិក​រដ្ឋ នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល ចំនួន ២១ ក្នុង​ចំណោម​ក្រសួង​សរុប​ចំនួន ២៦។ ជំរឿន​មន្ត្រី​រាជការ​​ក្នុង​​ក្រសួង​សេសសល់​ចំនួន ៥ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​នេះ។

ក្រោយពីចប់ជំរឿន​នៅ​តាមក្រសួង មន្ត្រីរដ្ឋាភិបាល នឹងចុះធ្វើការត្រួត​ពិនិត្យ នៅតាម​មន្ទីរស្ថាប័ន​ថ្នាក់​ខេត្ត​នានា ដែល​កិច្ចការ​នេះ រំពឹងថា នឹង​អាច​បញ្ចប់​ប្រហែល​​ជា​នៅ​ក្នុង​ខែ​តុលា ឬ​វិច្ឆិកា។

នេះជាការធ្វើ​ជំរឿនមន្ត្រី​រាជការ លើកទី៣​ហើយ បន្ទាប់ពី​ការ​ធ្វើ​ជំរឿន​មន្ត្រី​​រាជការ លើកទី១ កាលពី​ឆ្នាំ១៩៩៥ ដែល​បាន​បង្ហាញ​ថា មាន​មន្ត្រី​ខ្មោច​ចំនួន ១៧៦៨៥ នាក់។ រីឯ​ជំរឿន​លើក​ទី​២ នៅ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ បាន​​បង្ហាញ​ថា មាន​មន្ត្រី​ខ្មោច​ចំនួន ៩៨១៤ នាក់។

របាយការណ៍បង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១០ មន្ត្រី​រាជការស៊ីវិលទូទាំង​ប្រទេស មាន​ចំនួន​​១៧៦.៨២៩ នាក់ ក្នុងនោះ​មាន​មន្ត្រី​រាជការ​ជា​ស្ត្រី ចំនួន ៦០.១៨២ នាក់។ មន្ត្រី​រាជការ​​ម្នាក់ ទទួល​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​ចំនួន ៨១,៤ ដុល្លារ​អាមេរិក។

ប្រាក់​​បៀវត្សរ៍ របស់មន្ត្រីរាជការខ្មោច​ទាំងនោះ ត្រូវ​បាន​បុគ្គល​ផ្សេង កេង​ចំណេញ​បើក​យក​រៀង​រាល់​​ខែ។ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល មិន​ទាន់​ច្បាស់ ថា​តើ​បុគ្គល ដែល​ទទួល​ប្រយោជន៍ បើក​ប្រាក់​ខែ​មន្ត្រី​ខ្មោច​នោះ នឹង​ត្រូវ​កាត់ទោស​តាម​ច្បាប់​ឬ​យ៉ាង​ណា​ទេ?

ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការ​ដាក់​​ទោស​លើ​ជន​ពុក​រលួយ​ដែល​បាន​បើក​ប្រាក់​ខែ​មន្ត្រី​ខ្មោច។ គេ​ត្រូវ​ចាប់​ផ្តើម​ពី​ថ្នាក់​​លើ​មិនមែន​ដាក់​ទោស​មន្ត្រី​រាជការ​តូចតាច​នោះ​ទេ។ កន្លង​មក​តុលាការ​កាត់ទោស​តែ​មន្ត្រី​តូចតាច​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តិចតួច​ប៉ុណ្ណោះ។ ចំណែក​អ្នកធំ មាន​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ តែង​តែ​​រួច​ខ្លួន​ជានិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI