អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

អ្វី​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ?

សំឡេង ០៧:៥៨
© RFI
ដោយ៖ អៀង សុខម៉ិញ
២០ នាទី

ពាក្យ​ថា​ដុំ​សាច់​ ក្នុង​ខួរ​ក្បាល​ ជា​ពាក្យ​មួយ​ដែល​បង្កប់​ទៅ​ដោយ​ភាព​ភ័យ​ព្រួយ​ជា​អតិបរិមា​សម្រាប់​បណ្តា​​ជន​ទូទៅ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​គិត​ដល់​ជំងឺ​មហារីក ឬ​និយាយ​ដោយ​ខ្លី​ដល់​សេចក្តី​មរណៈ។ ម្យ៉ាង​វិញ​ទៀត នៅ​កម្ពុជា​ គ្រូ​ពេទ្យ​រក​ឃើញ​ករណី​កើត​ជំងឺ​នេះ​ភាគ​ច្រើន​តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​ ខ្លាំង​តែ​ម្តង។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ? តើ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ជា​ជំងឺ​អ្វី ? តើ​គេ​អាច​ព្យាបាល​បាន​ដែរឬ​ទេ ? នៅ​ក្នុង​ករណី​ណា​ខ្លះ​ដែល​គេ​គួរ​គិត​ដល់​ជំងឺ​នេះ ?

ផ្សាយពាណិជ្ជកម្ម

ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ Tumeur Célébral ជា​ដុំ​សាច់​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ Tumeur Primitif ឬ​ជា​ដុំ​សាច់​ សាយភាយ Métastase (ឧទាហរណ៍​៖ មាន​ជំងឺ​មហារីក​នៅ​ស្បូន វា​អាច​រីក​សាយ​ភាយ​ រហូត​បង្ក​ឲ្យ​មាន​កើត​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល)។ គេ​សម្គាល់​ឃើញ​ថា ដុំ​សាច់​ខ្លះ​រីក​ធំ​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ខ្លី​ ឬ​អាច​និយាយ​ជា​ពាក្យ​សាមញ្ញ​ថា ដុំ​សាច់​កាច និង​ដុំ​ខ្លះ​ទៀតស្លូត​​ធ្វើ​ការ​វិវឌ្ឍន៍​ធំ​ធាត់​ ដោយ​ប្រើ​រយៈ​ពេល​យូរ។​ ប៉ុន្តែ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​គេ​មិន​អាច​និយាយ​បាន​ជំងឺ​នេះ​ ​វិវឌ្ឍន៍​ទៅ​ជា​ជំងឺ​មហារីក​ទាំង​អស់​បាន​ឡើយ។

ចំណែក​សណ្ឋាន​នៃ​ដុំ​សាច់​វិញ ក៏​មាន​ច្រើន​ប្រភេទ​ដែរ។ ខ្លះ​ជា​ដុំ​សាច់ ខ្លះ​ទៀត​ជា​សរសៃ ដែល​ហៅ​ជា​ភាសា​បារាំង​ថា​ Tumeur Vasculaire។

បច្ចុប្បន្ន​នេះ មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ និង​មិត្តភាព​ខ្មែរ​រុស្ស៊ី អាច​មាន​លទ្ធភាព​ធ្វើ​ការ​វិភាគ ​និង​ព្យាបាល​អាការៈ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​បាន មិន​ដូច​កាល​មុន​ទេ។ ក្រៅពី​ការ​ធ្វើ​ថត​ឆ្លុះ គេ​អាច​ចាប់​អារម្មណ៍​គិត​ដល់​ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ប្រសិន​បើ​អ្នក​ជំងឺ​មាន​អាការៈ​ឈឺ​ក្បាល កន្ត្រាក់​ដៃ​កន្ទ្រាក់​ជើង មាន​អាការៈ​បាត់​ស្មារតី​ជា​ញឹក​ញាប់ ទន់​មួយ​ចំហៀង​ខ្លួន ​ព្រោះ​ដុំ​សាច់​ទៅ​សង្កត់​លើ​សរសៃ​​នៅ​ផ្នែក​នោះ។ ប៉ុន្តែ​ទាំង​នេះ​គ្រាន់​តែ​រោគ​សញ្ញា​ខ្លះៗ សម្រាប់​ជំនួយ​ការ​វិភាគ​របស់​គ្រូ​ពេទ្យ​ឯកទេស​តែប៉ុណ្ណោះ ហើយ​តាម​រយៈ​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ​ គេ​ត្រូវ​ធ្វើ​ការ​ថត​ឆ្លុះ​Scanner ឬIRM នោះ​គេ​នឹង​ទទួល​បាន​លទ្ធផល​ច្បាស់​លាស់។

ដុំ​សាច់​ក្នុង​ខួរ​ក្បាល អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់ មិន​ថា​ទារក កុមារ មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​ចាស់​ទេ។ អ្នក​ខ្លះ​ដុំ​សាច់​នេះ​មាន​ដុះ​តាំង​ពី​កំណើត​មក​តែ​ម្តង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​គេ​មាន​មធ្យោបាយ​ព្យាបាល​ទៅ​តាម​ករណី​របស់​អ្នក​ជំងឺ​ម្នាក់ៗ មាន​ជា​អាទិ៍​ការ​វះ​កាត់ ការព្យាបាល​ដោយ​ថ្នាំ​គីមី ឬ​ដោយ​វិទ្យុ​សកម្ម Radiothérapie៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ