កម្ពុជា

ស្ត្រី​មនុស្ស​ព្រៃ​រត់​ចូល​ព្រៃ​វិញ​ហើយ

នាង រចំ ផ្ងៀង​បាត់​ខ្លួន​ក្នុង​ព្រៃរយៈពេល ១៨​ឆ្នាំ ត្រូវ​បាន​អ្នកភូមិ​រកឃើញ នៅ​ឆ្នាំ​២០០៧
នាង រចំ ផ្ងៀង​បាត់​ខ្លួន​ក្នុង​ព្រៃរយៈពេល ១៨​ឆ្នាំ ត្រូវ​បាន​អ្នកភូមិ​រកឃើញ នៅ​ឆ្នាំ​២០០៧ ©AP

ស្ត្រីមនុស្សព្រៃដែលបានចូលមករួមរស់ជាមួយគ្រួសារបាន៣ឆ្នាំ ឥឡូវត្រូវ​បានសង្ស័យថា បានរត់​ចូល​ទៅក្នុងព្រៃវិញហើយ។ ក្រុមគ្រួសារ​របស់​ស្រ្តី​កំពុងដើរ នៅក្នុងព្រៃ ខេត្តរតនគិរីដើម្បីនាំគេមក​រស់ក្នុងគ្រួសារវិញ។ ស្រ្តីមនុស្សរូបនេះបានបាត់ខ្លួនពីគ្រួសាររស់នៅក្នុងព្រៃរយៈពេល ១៨ឆ្នាំ មុន​ពេលដែលឪពុកម្តាយរបស់នាងរកនាងឃើញ កាលពីឆ្នាំ ២០០៧។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច

កាល​ពី​ឆ្នាំ​១៩៨៩ រចំ ផ្ងៀង អាយុ​ទើប​តែ​៨​ឆ្នាំ​ជា​កូនស្រី​ជនជាតិ​ភាគតិច​ព្នង​នៅ​ខេត្ត​រតនគិរី បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ដែល​នាង​កំពុង​ឃ្វាល​ក្របី។ ១៨​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​២០០៧ អ្នកភូមិ​បាន​ចាប់ខ្លួន រចំ ផ្ងៀង​ដោយសារ​តែ​នាង​បាន​ចូល​មក​លួច​ម្ហូប​អាហារ​របស់​អ្នក​ភូមិ។ នៅ​ពេល​នោះ រចំ ផ្ងៀង មាន​រូបរាង​ស្គមស្គាំង អាក្រាត មិន​ចេះ​និយាយ​ភាសា​មនុស្ស​ឡើយ។ នាង​ចេះ​តែ​ធ្វើ​សម្លេង​សត្វ និង​មាន​អកប្បកិរិយា​ដូច​សត្វ​ស្វា។ នៅ​ពេល​ចាប់​ខ្លួន​ស្ត្រី​មនុស្ស​ព្រៃ​នេះ​បាន ទើប​ឪពុក​ម្តាយ​នាង​អះអាង​ថា គឺ​ជា​កូនស្រី​របស់​ពួកគេ​ដែល​បាន​បាត់​ខ្លួន​កាល​ពី​១៨​ឆ្នាំ​មុន។

តាំង​ពី​ឆ្នាំ​២០០៧​នោះ​មក ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​បាន​ព្យាយាម​យក រចំ ផ្ងៀង​មក​រស់នៅ​ជាមួយ បើ​ទោះ​ជា រចំ ផ្ងៀង​បាន​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​ក៏​ដោយ។ ដំបូង​ឡើយ រចំ ផ្ងៀង​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​តែ​នាង​មិន​បរិភោគ​អាហារ។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ រចំ ផ្ងៀង​បាន​ទម្លាប់​រួមរស់​ជួបជុំ​គ្រួសារ​វិញ​ចំនួន​៣​ឆ្នាំ​ហើយ។

នៅ​ពេល​នេះ ក្រុម​គ្រួសារ និង​អាជ្ញាធរ​សុទ្ធ​តែ​អះអាង​ថា​នាង រចំ ផ្ងៀង​បាន​រត់​ចូល​ព្រៃ​វិញ​ហើយ ហើយ​ពួកគេ​មិន​បាន​រកឃើញ​ដាន​អ្វី​ឡើយ បើ​ទោះ​ជា​ពួកគេ​កំពុង​ស្វែង​រក​នាង​រចំ ផ្ងៀង​ជាច្រើន​ថ្ងៃ​រួច​មក​ហើយ។ លោក សុល លូ​ជា​ឪពុក​របស់​នាង​រចំ ផ្ងៀង​បាន​អះអាង​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានAFPថា កូនស្រី​របស់​លោក​បាន​បាត់​ខ្លួន​សារ​ជា​ថ្មី​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ៍​សប្តាហ៍​នេះ នៅ​ពេល​ដែល​នាង​ទៅ​ងូត​ទឹក។ លោក​សុល លូ​សន្និដ្ឋាន​ថា កូនស្រី​របស់​លោក​អាច​រត់​ត្រលប់​ចូល​ក្នុង​ព្រៃ​វិញ​ហើយ។

យោងតាមAFPប៉ូលីស​មូលដ្ឋាន​លោក ម៉ា វិចិត្រ​បាន​ថ្លែង​អោយ​ដឹង​ថា កំលាំង​ប៉ូលីស​របស់​លោក​ក៏​បាន​ចាប់​ផ្តើមស្វែង​រក​នាង​រចំ ផ្ងៀង​ហើយ​ដែរ តែ​មិន​មាន​ពន្លឺ​អ្វី​សោះ​ឡើយ។

យោង​តាម​ការ​អះអាង​របស់​លោក​សុល លូ កូនស្រី​របស់​លោក​បាន​ចាប់ផ្តើម​និយាយ​ភាសា​មនុស្ស​បាន​ខ្លះ​ហើយ ជំនួស​អោយ​ការ​ធ្វើដៃ​ជើង​ជា​សញ្ញា និង​សម្លេង​ដូច​សត្វ​នោះ។ នាងក៏​អាច​ជួយ​ធ្វើ​កិច្ច​ការងារ​ផ្ទះ​បាន​ខ្លះ​ហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI