ជំនួញ​នយោបាយ​លែង​ត្រូវ​ប៉ាន់​ទៀត​ហើយ

សំឡេង ០៤:០៤
ការ​ឃោសនា​បោះឆ្នោត​របស់គណបក្ស​នរោត្តម​រណឫទ្ធិ
ការ​ឃោសនា​បោះឆ្នោត​របស់គណបក្ស​នរោត្តម​រណឫទ្ធិ © លី​ ម៉េងហួរ

នៅ​បាំង​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​​ការ​បោះឆ្នោត​នឹង​ឈាន​ចូល​មកដល់​ជា​បន្ត​បន្ទាប់ ​​នោះ​គឺការ​បោះឆ្នោត​ជ្រើស​រើស​ ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​នៅ​ឆ្នាំ​២០១២​​និង​ការ​បោះឆ្នោត​​ជ្រើស​រើស​តំណាង​រាស្រ្ត​ឆ្នាំ ​២០១៣។​​ប៉ុន្តែ​​រហូត​មក​ទល់​នឹង​ ថ្ងៃ​នេះ​​នៅ​មិន​ទាន់​ឃើញ​​មាន​ គណបក្ស​នយោបាយ​ថ្មី​ណា​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឡើយ​ទេ។​​ផ្ទុយ​ទៅ​វិញ​​ពេល​នេះ​​បែរ​ជា​លេច​ចេញ​នូវ​ និន្នាការ​នៃ​ការ​បង្រួម​គណបក្ស​នយោបាយ​បញ្ចូល​គ្នា​​ទៅ​វិញ​​រីឯ​គណបក្ស​តូចៗ​មួយ​ចំនួន​ទៀត​ក៏​មិន​ទាន់​មាន​ សកម្មភាព​អ្វី​ដែរ។​​ព្រឹត្តិការណ៍​ ​នេះ​បង្ហាញ​ថា​​ជំនួយ​គណបក្ស​នយោបាយ​លែង​ត្រូវ​ប៉ាន់​ទៀត​ហើយ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

 

ការ​បោះឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ​​ទំនង​ជា​គ្មាន​គណបក្ស​​នយោបាយ​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ឈឺ​​ក្បាល​ក្នុង​ការ​ចុះ​បញ្ជី​បក្ស​នយោបាយ​​និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​​ដូច​កាល​ពី​លើក​មុនៗ​ទៀត​ឡើយ។

         រហូត​មក​ទល់​នឹង​ពេល​នេះ​​ពោល​គឺ​មួយ​ឆ្នាំ​មុន​នឹង​ការ​បោះឆ្នោត​ឈាន​មក​ដល់​​គេ​ដូច​ជា​គ្មាន​លឺ​សូរ​អ្នក​នយោបាយ​ណា​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​ឡើយ​ទេ។​​មិន​ត្រឹម​តែ​គ្មាន​គណបក្ស​ថ្មី​ប៉ុណ្ណោះ​ទេ​​ប៉ុន្តែ​​គណបក្ស​មួយ​ចំនួន​ដែល​ធ្លាប់​​បាន​ចូល​រួម​បោះឆ្នោត​កាល​ពី​លើក​មុនៗ​​តែ​មិន​បាន​ទទួល​កៅអី​ក្នុង​រដ្ឋសភា​នោះ​​ក៏​ហាក់​ដូច​ជា​នៅ​ស្ងាត់​ស្ងៀម​នៅ​ឡើយ។​​ភាព​ស្ងប់ស្ងៀម​ដែល​គេ​សង្ស័យ​ថា​​គណបក្ស​​ទាំង​នោះ​ទំនង​ជា​បោះបង់​ការ​ប្រកួត​នៅ​លើ​សមរភូមិ​សន្លឹក​ឆ្នោត​ដ៏​លំបាក​លំបិន​នោះ​​ចោល​ទៅ​ហើយ​​ពី​ព្រោះ​តែ​ពួកគេ​គ្មាន​សង្ឃឹម​ថា​​នឹង​ទទួល​បាន​ជ័យជំនះ​ឡើយ។

         ចំណែក​ឯ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​ឯណោះ​វិញ​​ក៏​​កំពុង​តែ​បំផុស​ចលនា​ឲ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​ដើម្បី​បង្កើន​កម្លាំង​ពលំ​សម្រាប់​តតាំង​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ជាប់​ឯកទគ្គកម្ម​ក្នុង​ការ​កាន់​អំណាច​យូរ​​ជាង​គេ​នៅ​កម្ពុជា។​​ជាក់​ស្តែង​ការ​ព្យាយាម​ចង​សម្ពន្ធ័ភាព​រវាង​គណបក្ស​សម​​រង្ស៊ី​​និង​​គណបក្ស​​សិទ្ធិមនុស្ស​​និង​ការ​បង្កើត​សម្ពន្ធ័ភាព​នៃ​គណបក្ស​រាជានិយម​​ហ៊្វុនស៊ិនប៉ិច​​ជាមួយ​គណបក្ស​ជាតិនិយម​​ដែល​មាន​ដើម​កំណើត​ចេញ​ពី​គណបក្ស​​នរោត្តម​​រណប្ញទ្ធិ​ជា​ឧទាហរណ៍​ស្រាប់។

         ព្រឹត្តិការណ៍​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ជំនួញ​នយោបាយ​លែង​ត្រូវ​ប៉ាន់​​ដូច​កាល​ពី​មុន​ទៀត​ហើយ​​តែ​ជំនួញ​នេះ​កំពុង​តែ​ដាំក្បាល​ចុះ​និង​បាន​ធ្វើ​ឲ្យ​អ្នក​នយោបាយ​ជាច្រើន​ខ្លាច​រអា​ព្រោះ​តែ​ការ​ខាត​បង់​ដែល​មិន​នឹក​ស្មាន​ដល់។​​គួរ​រំលឹក​ថា​​កាល​ពីការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​​មាន​គណបក្ស​ចំនួន​២០​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​​គ្នា។​ចំនួន​បក្ស​នយោបាយ​បាន​កើន​ឡើង​រហូត​ដល់​៣៩​នៅ​ឆ្នាំ​១៩៩៨​​គឺជា​ឆ្នាំ​ដែល​គេ​​ចាត់​ទុក​ថា​​មាន​សភាព​ផុលផុស​បំផុត​សម្រាប់​ការ​បង្កើត​បក្ស​នយោបាយ។​​ប៉ុន្តែ​​ចាប់​ពី​​ពេល​នោះ​មក​​សញ្ញា​ព្រួញ​នៃ​ចំនួន​បក្ស​នយោបាយ​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុគ​ពោល​​គឺ​ចុះ​ពី​៣៩​មក​នៅ​ត្រឹម​២៣​នៅ​ឆ្នាំ​២០០៣​​និង​​នៅ​សល់​តែ​១១​​គណបក្ស​​ប៉ុណ្ណោះ​នៅ​​ឆ្នាំ​២០០៨។​​បើ​យោង​តាម​និន្នាការ​នេះ​​គេ​សង្ឃឹម​ថា​​គណបក្ស​នយោបាយ​នឹង​កាន់​តែ​មាន​តិច​ជាង​នេះ​ទៀត​សម្រាប់​ការ​បោះ​​ឆ្នោត​ឆ្នាំ​២០១២​​និង​​២០១៣​​ខាង​មុខ។

         ក្រុម​អ្នក​វិភាគ​និង​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​​បាន​មើល​ឃើញ​​ថា​​ក្នុង​២​ឬ៣​អាណត្តិ​ខាង​មុខ​នេះ​​ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​គណបក្ស​ដឹកនាំ​ប្រទេស​​ទេ​នោះ​​គេ​ព្រួយ​បារម្ភ​ថា​​អ្នក​នយោបាយ​ប្រឆាំង​​និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​​អាច​នឹង​អស់​​កម្លាំង​ទន់​ដៃ​និង​នឿយ​ណាយ​ក្នុង​ឆាក​នយោបាយ​ក្នុង​ពេល​ណា​មួយ។​​ដូច្នេះ​​តើ​កម្ពុជា​​អាច​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​វិញ​មែន​ទេ​ដឹង?​ ​ប្រសិន​បើ​ដូច្នេះ​មែន​​វា​ប្រហែល​ជា​មិន​មែន​ជា​សញ្ញា​ល្អ​ឡើយ។

         ជាការ​ពិត​​កម្ពុជា​មិន​ចាំបាច់​មាន​បក្ស​នយោបាយ​ច្រើន​ពេក​ទេ​​ប៉ុន្តែ​​វត្តមាន​​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​មួយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​រក្សា​តម្លៃ​ប្រជាធិបតេយ្យ​​នៅ​ក្នុង​ប្រទេស​នេះ។​​ប៉ុន្តែ​​បើ​មាន​វត្តមាន​បក្ស​ប្រឆាំង​ដែរ​​តែ​បក្ស​ប្រឆាំង​នោះ​ខ្សោយ​​វា​ក៏​គ្មាន​ន័យ​អ្វី​ដែរ​ពោល​គឺ​វត្តមាន​បក្ស​ប្រឆាំង​ក្នុង​ស្ថានភាព​នេះ​មិន​ខុស​អ្វី​ពី​បុប្ផា​សម្រាប់​លម្អ​សួន​​ប្រជាធិបតេយ្យ​ឲ្យ​បក្ស​កាន់​អំណាច​នោះ​ឡើយ។

         សរុប​មក​វិញ​​ការ​បង្កើត​គណបក្ស​នយោបាយ​លែង​ក្លាយ​ជា​រឿង​ពេញ​និយម​​ទៀត​ហើយ​​ហើយ​កម្ពុជា​ហាក់​ដូច​ជា​កំពុង​ដើរ​ទៅរក​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​​បក្ស​នយោបាយ​តែ​មួយ​វិញ​ហើយ​​ប្រសិន​បើ​គណបក្ស​ប្រឆាំង​មិន​អាច​ដើរ​តួនាទី​ជា​អ្នក​ផ្លាស់​វេន​​ជាមួយ​គណបក្ស​ប្រជាជន​ក្នុង​ការ​កាន់​អំណាច​​ឬ​មិន​អាច​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយ​ជា​បក្ស​​ប្រឆាំង​ដ៏​ខ្លាំង​មួយ​ដែល​អាច​រក្សា​តុល្យភាព​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​បាន​ទេ​នោះ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI