កម្ពុជា

បញ្ហា​ព្រំដែន​រាលដាល​ពី​ស្វាយរៀង​ដល់​តាកែវ

ពិធី​សម្ពោធ​ដាក់​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាមជាលើក​ទី​មួយ​នៅ​ខេត្ត​ស្វាយរៀង
ពិធី​សម្ពោធ​ដាក់​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាមជាលើក​ទី​មួយ​នៅ​ខេត្ត​ស្វាយរៀង © សុវណ្ណារ៉ា/RFI

សំណុំ​រឿង​ដក​បង្គោល​ព្រំដែន​នៅ​ខេត្ត​ ស្វាយរៀង​មិន​ទាន់​ទាំង​ចប់​ផង​​ឥឡូវ​នេះ​បញ្ហា​​បាន​រាលដាល​ដល់​ខេត្ត​ តាកែវ​ទៀត​ហើយ។​ គណបក្ស​ប្រឆាំង​បាន​បរិហារ​ថា​​ការ​បោះ​​បង្គោល​ព្រំដែន​លេខ​២៧០​ ក្នុង​ស្រុក​បុរីជលសា​ ​ខេត្ត​តាកែវ​​បាន​ធ្វើ​ឲ្យ​​បាត់បង់​ដីស្រែ​របស់​កសិករ​ខ្មែរ​រាប់សិប​ ហិចតា។​ ​ប៉ុន្តែ​​អាជ្ញាធរ​រដ្ឋាភិបាល​អះអាង​ថា​​ដី​នៅ​ទីនោះ​ជា​វាល​ស្មៅ​​និង​ មិនមែន​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ណា​ឡើយ។​ ​យ៉ាង​ណា​​ក៏ដោយ​​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​​មួយ​រយៈ​សិន​ដើម្បី​សិក្សា​ឡើង​វិញ​ឲ្យ​បាន​ ច្បាស់លាស់។ 

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់ ប៉ែន បូណា

ជម្លោះ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ស្តីពី​បញ្ហា​ព្រំដែន​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៅ​ក្នុង​​ខេត្ត​តាកែវ​​ខណៈ​ដែល​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​នៅ​​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។

 
        ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ គណបក្ស​ប្រឆាំង​បាន​បរិហារ​អំពី​ការ​បាត់បង់​ទឹកដី​នៅ​​ក្នុង​ខេត្ត​តាកែវ​ ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​លេខ​២៧០​ នៅ​ក្នុង​ឃុំ​ជ័យជោគ​ ​ស្រុក​បុរីជលសា។​ ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​មួយ​ចំនួន​បាន​តវ៉ា​ថា​​ បង្គោល​ត្រូវ​បាន​បោះ​​នៅ​លើ​ដី​ស្រែ​របស់​ពួកគេ។​​ ពួក​អ្នក​ភូមិ​ទាំង​នោះ​បាន​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ដីស្រែ​​របស់​ខ្លួន​ដែល​ធ្លាប់​បាន​កាន់កាប់​ជា​យូរ​មក​ហើយ។

        កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​មួយ​ក្រុម​ដែល​មាន​គ្នា​ជាង​​២០​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញត្តិ​មួយ​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន ​ដើម្បី​សុំ​​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​តាកែវ​ ជា​បណ្តោះ​អាសន្ន​សិន​ ដើម្បី​​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ចាប់​ផ្តើម​ការងារ​ជា​ថ្មី។​​ បើ​យោង​តាម​ញ្ញត្តិ​​របស់​តំណាង​រាស្រ្ត​គណបក្ស​​សម​​រង្ស៊ី​ ​ដីស្រែ​របស់​កសិករ​ខ្មែរ​រាប់សិប​ហិកតា​​នៅ​ស្រុក​​បុរីជលសា​បាន​បាត់បង់​ចូល​ក្នុង​ទឹកដី​វៀតណាម​ដោយសារ​តែ​ការ​បោះ​បង្គោល​​ព្រំដែន។

        ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​តាកែវ​​ ក៏​ដូច​ជា​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​​របស់​រដ្ឋាភិបាល​ដែរ​ បាន​បដិសេធ​ព័ត៌មាន​នេះ​​ដោយ​ពួកគេ​អះអាង​ថា​​ដីដែល​គេ​បាន​បោះ​​បង្គោល​នោះ​គឺជា​ដី​វាល​ស្មៅ​នៅ​តាម​ជាយដែន​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ឡើយ។​ ​អ្នក​ជំនាញការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​​ថា​​បាន​បំផ្លោង​ព័ត៌មាន​ ដើម្បី​ញុះញង់​ប្រជា​ពលរដ្ឋ​ឲ្យ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។​

        បញ្ហា​ក្នុង​ខេត្ត​តាកែវ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​បញ្ហា​ក្នុង​ខេត្ត​ស្វាយរៀង។ ​លោក​ សម​ ​រង្ស៊ី​ ​មេដឹកនាំ​បក្ស​ប្រឆាំង​​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​បន្ទាប់​ពី​លោក​បាន​ដក​​បង្គោល​ព្រំដែន​នៅ​ក្នុង​ស្រុក​សំរោង។​​ កសិករ​ពីរ​នាក់​ដែល​បាន​ចូល​រួម​ដក​បង្គោល​​ជាមួយ​លោក​ សម​ ​រង្ស៊ី​ ​ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​មួយ​ឆ្នាំ​​ផង​ដែរ។​ ​ឥឡូវ​នេះ​​លោក​ ​សម​ ​រង្ស៊ី​ ​កំពុង​ជាប់​បណ្តឹង​មួយ​ផ្សេង​ទៀត​ នៅ​តុលាការ​រាជធានី​ភ្នំពេញ​ ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ បន្ទាប់​ពី​លោក​បាន​ផ្សព្វផ្សាយ​ផែនទី​​ដែល​បង្ហាញ​ពី​ការ​បាត់បង់​ទឹកដី។​ ​ប៉ុន្តែ​​មេធាវី​រដ្ឋាភិបាល​បាន​ប្តឹង​លោក​ សម​ ​រង្ស៊ី​ ថា​​បាន​ផ្សាយ​ផែនទី​ដែល​មាន​និយាមការ​មិន​ត្រឹម​ត្រូវ។

តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​គ្រោង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​​តាកែវ​នា​ពេល​ឆាប់ៗ​នេះ។​ នៅ​ឯ​ក្រៅ​ប្រទេស​ឯណោះ​វិញ​​ លោក​ សម​​ រង្ស៊ី​ ​ដែល​បាន​​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខ្មែរ​​បាន​​និង​កំពុង​បើក​យុទ្ធនាការ​​ប្រឆាំង​​រដ្ឋាភិបាល​យ៉ាង​ខ្លាំង​ក្លា​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI