កម្ពុជា

អត្រា​នៃ​អ្នក​ជក់​បារី​នៅ​កម្ពុជា​ថយ​ចុះ​យឺតៗ

ការ​ដង្ហែក្បួន​ក្នុង​ថ្ងៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់
ការ​ដង្ហែក្បួន​ក្នុង​ថ្ងៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ © សុវណ្ណារ៉ា

នៅ​ថ្ងៃ​ស្អែក​នេះ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ នឹង​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ​​ អ្នក​ជំនាញ​ពាក់ព័ន្ធ​បាន​និយាយ​ថា អត្រា​អ្នក​ជក់បារី​មាន​ការ​ថយ​ចុះ​យឺតៗ។ ដូចេះ​ពួកគេ​ទាមទារ​អោយ​រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​គ្រប់គ្រង​និង​ត្រួត​ពិនិត្យ​ថ្នាំជក់​អោយ​បាន​ លឿន​បន្តិច។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ គី សុខលីម

អត្រា​នៃ​អ្នក​ជក់​បារី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​បន្តិច​ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​ប្រជាជន​ពិត​វិញ​អាច​នៅ​មាន​ចំនួន​ដដែល។ នេះ​គឺ​ជា​ការ​អះអាង​បញ្ជាក់​របស់​លោក​ស្រី​ យ៉ាវ​ ផល្លីន​ ប្រធាន​កម្មវិធី​គម្រោង​នៃ​អង្គការ​ចលនា​ ដើម្បី​សុខភាព​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ​មួយ​ថ្ងៃ​មុន​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ស្អែក​នេះ។

លទ្ធផល​ស្តី​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៤​កន្លងមក​​បាន​បង្អាញ​ថា បុរស​ខ្មែរ​៥៤​ភាគរយ​មាន​ទម្លាប់​ជក់​បារី​ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​៤៨​ភាគរយ​នៅ​ឆ្នាំ​២០០៩​កន្លងមក។​ ​ក្នុង​រយៈ​ពេល​ដូច​គ្នា ចំនួន​ស្រ្តី​បាន​ថយ​ចុះ​ពី​៦​ភាគរយ​មក​នៅ​ត្រឹម​តែ៣,៦​ភាគរយ​ប៉ុណ្ណោះ។

លោក​ស្រី យ៉ាវ ផល្លីន ប្រធាន​កម្មវិធី​គម្រោង​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​បន្ត​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​គេ​ពិនិត្យ​លើ​តួលេខ​នេះ​​គេ​ពិត​ជា​អាច​និយាយ​បាន​ថា អត្រា​នៃ​អ្នក​ជក់​បារី​មាន​ការ​ថយចុះ​មែន​ ប៉ុន្តែ​ដោយសារ​ចំនួន​ប្រជាជន​ខ្មែរ​មាន​ការ​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​នោះ​ដូច្នេះ​ចំនួន​ពិត​នៃ​អ្នកជក់​បារី​នៅ​មាន​ចំនួន​ច្រើន​ដដែល។

លោកស្រី យ៉ាវ ផល្លីន ទទួល​ស្គាល់​ថា​អត្រា​នៃ​អ្នក​ជក់​បារី​មាន​ការ​ថយចុះ​បន្តិច​មែន​ ប៉ុន្តែ​ល្បឿន​នៃ​ការ​ថយចុះ​មាន​កម្រិត​យឺត​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​និង​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត។ ភាព​យឺតយ៉ាវ​នេះ​ត្រូវ​បាន​លោកស្រី យ៉ាវ ផល្លីន ទម្លាក់​កំហុស​ទៅ​លើ​ភាព​គ្មាន​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់។ អវត្តមាន​នៃ​ច្បាប់​នេះ​បាន​ជំរុញ​អោយ​ឈ្មួញ​រកស៊ី​លក់​បារី​អាច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​យ៉ាង​សេរី។ មន្រ្តី​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​រូបនេះ​បាន​ត្អូញត្អែរ​ថា យុទ្ធសាស្រ្ត​ទីផ្សារ​របស់​ក្រុមហ៊ុន​បារី​មាន​លក្ខណៈ​ខ្ពស់​ណាស់។ ក្រៅ​អំពី​ការ​ផ្សព្វផ្សាយ​ពាណិជកម្ម​តាម​កាសែត​វិទ្យុ ​ឬ​តាម​ផ្ទាំង​ពាណិជកម្ម​ធំៗ​ពួកគេ​បាន​ប្រើប្រាស់​ស្រ្តី​ស្អាតៗ​ដើរ​ចែក​បារី​អោយ​បុរស​ជក់​សាកល្បង​ដោយ​មិន​យក​កម្រៃ។

របាយការណ៍​នា​ពេល​កន្លងមក​បាន​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំៗ​ប្រជាជន​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​៧០​លាន​ដុល្លារ​ដើម្បី​ទិញ​បារី​ជក់​ប៉ុន្តែ​គេ​មិន​បាន​ដឹង​ទេ​ថា តើ​ប្រជាជន​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​ដើម្បី​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​សុខភាព​នោះ។

លោក ស៊ុង វិនតៈ អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ក្រសួង​សុខាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​យ៉ាង​សកម្ម​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​អំពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ ប៉ុន្តែ​លោក​មិន​ទាន់​ហ៊ាន​បញ្ជាក់​ប្រាប់​ថា តើ​ពេល​ណា​ទើប​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​ជាតិ​នោះ។

លោកស្រី យ៉ាវ ផល្លីន ប្រធាន​កម្មវិធី​គម្រោង​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​បញ្ជាក់​ទៀត​ថា ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រប់គ្រង​ថ្នាំ​ជក់​នេះ​មាន​សារៈ​សំខាន់​ណាស់​ពីព្រោះ​វា​អាច​ជួយ​ទប់ស្កាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​បារី​វា​អាច​ជួយ​ដំឡើង​ពន្ធ​បារី​និង​អាច​ជួយ​កំណត់​កន្លែង​ជក់​បារី។ល។

អ្នក​ជំនាញ​​ខាង​ថ្នាំ​ជក់​បាន​បញ្ជាក់​ថា ជាទូទៅ​បុរស​ជក់​បារី​មាន​ចំនួន​ច្រើន​ជាង​ស្រ្តី​លើស​លប់​​ប៉ុន្តែ​របាយការណ៍​បាន​បញ្ជាក់​ថា ស្រ្តី​ចុក​ថ្នាំ​មាន​ចំនួន​ច្រើន​ជាង​បុរស​ទៅ​វិញ។ ចុក​និង​ជក់​បើ​យោង​តាម​អ្នកជំនាញ​ប៉ះពាល់​សុខភាព​ដូច​តែ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI