ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១០
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្នាំជក់ គឺជាឃាតករសម្លាប់មនុស្ស ជាបុព្វហេតុនាំឲ្យខូចសុខភាពទាំងអ្នកជក់ និងអ្នកស្រូបផ្សែងពីគេ ប៉ុន្តែក្រុមហ៊ុនផលិតបារី បានខិតខំកែច្នៃផលិតផលថ្មីៗ មានរសជាតិ ទម្រង់ដើមបារី ប្លែកៗគ្នា រូបភាពកញ្ចប់បារីទៀតសោតត្រូវបានសម្អិតសម្អាង យ៉ាងពិសេស គួបផ្សំនឹងពាក្យឃោសនាបោកបញ្ឆោតជាច្រើន។ នេះជាការបរិហាររបស់អង្គការសុខភាពពិភពលោក OMS ក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១០។ ចុះនៅប្រទេសកម្ពុជា តើកម្ពុជាមាននយោបាយយ៉ាងណាខ្លះក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំ ជក់ នេះ ?! សូមរង់ចាំស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងលោកវេជ្ជបណ្ឌិត ឃុន សូគ្រីន ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាលកម្ពុជា។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣១ ឧសភា អង្គការសុខភាពពិភពលោក រួមជាមួយបណ្តាប្រទេសជាសមាជិក តែងរៀបចំទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីការពារសុខភាពបណ្តាជនទូទៅ។ បារីជាឃាតករសម្ងាត់សម្លាប់ជីវិតមនុស្ស ដោយអាថ៌កំបាំងបំផុត និងច្រើនជាងមនុស្សស្លាប់ព្រោះជំងឺស៊ីដា របេង បូកជាមួយជំងឺរបេង គ្រោះថ្នាក់ចរាចរណ៍ ទារកស្លាប់ពេលកើត និងឃាតកម្ម ... ទៅទៀត។ ការស្លាប់នេះ បានធ្វើឲ្យឈ្មួញធ្វើពាណិជ្ជកម្មថ្នាំជក់ ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីទាក់ទាញរកភ្ញៀវថ្មី ឬជនរងគ្រោះ ថ្មី។ ជនរងគ្រោះថ្មី គឺស្ត្រី។ ហេតុដូច្នេះហើយបានជាឆ្នាំនេះ អង្គការសុខភាពលោកផ្តោតអារម្មណ៍ជាពិសេសទៅលើស្ត្រី និងយុវតី។
អង្គការសុខភាពពិភពលោក បានសន្និដ្ឋានថា ពីពេលនេះ រហូតដល់ឆ្នាំ ២០២០ ថ្នាំជក់ (បារី) នឹងក្លាយជាបុព្វហេតុចម្បងបំផុតនៃការស្លាប់ និងអសមត្ថភាពរបស់មនុស្ស។ ព្រោះក្នុងមួយឆ្នាំៗ មានជនរងគ្រោះព្រោះថ្នាំជក់ដល់ទៅជាង ១០លាននាក់។
កម្ពុជាក៏ដូចជាបណ្តាប្រទេសជាសមាជិកអង្គការសុខភាពពិភពលោក OMS ផ្សេងទៀត ដែរ បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់។
នៅថ្ងៃទី ៣១ ឧសភា២០១០ ដែលជាទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំនេះ មានប្រធានបទ”Gender និងស្ត្រី” ដោយផ្តោតទៅលើ “ការផ្សាយពាណិជ្ជកម្ម និងលក់ដូរថ្នាំជក់ទៅឲ្យស្ត្រី”។ និយាយឲ្យចំ គឺការប្រយុទ្ធប្រឆាំងនឹងយុទ្ធសាស្ត្រនៃការផ្សាយពាណិជ្ជកម្ម ដែលជាបច្ចេកទេសមួយជម្រុញឲ្យស្ត្រីចង់ជក់បារី។
តាមពិតអ្នកជក់បារីភាគច្រើនជាបុរស ស្ត្រីអ្នកជក់បារីមានប្រមាណតែជាងបីភាគរយ ប៉ុណ្ណោះហេតុដូច្នេះហើយបានឧស្សាហកម្មបារី ឈ្មួញបារី តែងខិតខំរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីទាក់ទាញស្រ្តីចំណុចស៊ីបថ្មី ឲ្យក្លាយជាភ្ញៀវជក់បារីថ្មី មកជំនួសអ្នកជក់បារីមុនៗ ដែលបានស្លាប់ព្រោះបារី។ បើគ្មានការទប់ស្កាត់ឲ្យទាន់ពេលវេលាទេ នោះចំនួនស្ត្រីជក់បារីនឹងកើនឡើងប្រមាណ២០% នៅឆ្នាំ២០២៥។ គឺដោយយល់ពី គ្រោះថ្នាក់នេះទើប អង្គការសុខភាពពិភពលោកបានជ្រើសរើសប្រធានបទនេះឡើង។
សូមជម្រាបជូនថា គ្រោះថ្នាក់ដែលបង្កឡើងដោយថ្នាំជក់ ដោយការជក់បារី ឬដោយការស្រូបផ្សែងបារី មានដូចគ្នាមិនថាចំពោះស្ត្រី ឬបុរសទេ។ បារីងាយនឹងបង្កឲ្យមានជំងឺមហារីកសួត ហើមសួត រលាកផ្លូវដង្ហើម ជំងឺសសែឈាម ។ល។ និង។ល។ ចំពោះស្ត្រីគ្រោះថ្នាក់ អាចមានច្រើនលើសពីនេះទៅទៀត ព្រោះស្រ្តីអាចផ្តល់គ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃដែលមិនដឹងក្តី ធ្វើឲ្យទារកស្លាប់ក្នុងពោះ រលូត សម្រាលមុនកំណត់ ខ្វះទម្ងន់ ...
សូមចងចាំថា ថ្នាំជក់ទោះឋិតក្នុងទម្រង់ណា មានបច្ចេកវិទ្យាផលិតទំនើបបែបណា បារីសម្រាប់ស្ត្រីក្តី បារីសម្រាប់បុរស បារីថ្នាំខ្លាំង បារីស្រាលក៏ដោយ សុទ្ធតែផ្តល់គ្រោះថ្នាក់ដល់សុខភាពដូចគ្នាទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ