កម្ពុជា

កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​១,១០០​លាន​ដុល្លារ

លោក​គាត ឈន់​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ខ្មែរ​ប្រកាស​ថា​កម្ពុជា​ទទួលបាន​ប្រាក់​ជំនួយ​១១០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១០
លោក​គាត ឈន់​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ខ្មែរ​ប្រកាស​ថា​កម្ពុជា​ទទួលបាន​ប្រាក់​ជំនួយ​១១០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១០ ©សុវណ្ណារ៉ា

កិច្ច​ប្រជុំ​រវាង​រដ្ឋាភិបាល និង ​ដៃ​គូ​អភិវឌ្ឍន៍​បាន​បញ្ចប់​ហើយ នៅ​ថ្ងៃ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា លោកគាត ឈន់​បាន​ប្រកាស​ថា កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១០​ ចំនួន​មួយ​ពាន់ មួយ​រយ លាន​ ដុល្លារ។ តួលេខ​ជំនួយ​ជា​ហិរញ្ញប្បទាន​នេះ​បាន​កើន​ឡើង​លើស​ជំនួយ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​ជាង​៩០០​លាន ​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

 

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា លោក គាត ឈន់​បាន​ថ្លែង​ថា ការទទួល​បាន​ការសន្យា​ផ្តល់​ជំនួយ​សម្រាប់​ការកសាង​ប្រទេស​កម្ពុជា​ចំនួន​ដល់​ទៅ​១១០០​លាន​ដុល្លារ​នេះ គឺ​ជា​ជោគជ័យ​មួយ​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ក៏​ដូចជា​ជោគជ័យ​របស់​ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា​ដែរ។ លោក គាត ឈន់​បាន​បញ្ជាក់​ផងដែរ​ថា តួលេខ​ហិរញ្ញប្បទាន​ដែល​ដៃគូ​អភិវឌ្ឍន៍​បាន​សន្យា​ផ្តល់​អោយ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​កម្ពុជា​តែ​ម្តង។ សូម​បញ្ជាក់​ថា ហិរញ្ញប្បទាន​១១០០​លាន​ដុល្លារ​នេះ គឺ​ត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ​២០១០។

បើ​តាម​ការបញ្ជាក់​ដោយ​ការប្រុងប្រយ័ត្ន​របស់​លោកគាត ឈន់​នោះ គឺ​ប្រទេស​ជប៉ុន​ដែល​ស្ថិតនៅ​លំដាប់​ទី​មួយ ជា​អ្នក​ផ្តល់​ហិរញ្ញប្បទាន​ច្រើន​ជាង​គេ។ ប៉ុន្តែ​ថា ជាមួយ​នឹង​ទឹកប្រាក់​ប៉ុន្មាន​នោះ លោក​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​មិន​ចង់​ឆ្លើយ​ទេ។ កុំ​ថា​ឡើយ​ចំនួន​ហិរញ្ញប្បទាន​ដែល​រដ្ឋាភិបាល​ជប៉ុន​រំពឹងទុក​ថា នឹង​ផ្តល់​អោយ​កម្ពុជា សូម្បី​តែ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ណា​ផ្សេង​ទៀត​ដែល​ឈរ​លំដាប់​ថ្នាក់​ទី​២ និង​ទី​៣ ក៏​លោក​ឧបនាយក​រដ្ឋមន្ត្រី​គាត ឈន់​មិន​បាន​ប្រាប់​ដែរ។

លោក គាត ឈន់​បាន​ពន្យល់​ថា កម្ពុជា​មិន​ចង់​បែងចែក​អ្នក​ផ្តល់​ជំនួយ​ទី​១ ឬ​ទី​២ ឬ​ថា ជា​អ្នក​ផ្តល់​ជំនួយ​ច្រើន​ ឬ​ផ្តល់​តិច​នោះ​ទេ។ សំខាន់​គឺ​ការ​ផ្តល់​ជំនួយ​ចំ​ទិសដៅ ចំ​អ្វី​ដែល​កម្ពុជា​ត្រូវការ។ គឺ​ស្ថាប័ន​ផ្តល់​ជំនួយ​នោះ​មាន​តម្លៃ​ស្មើៗ​គ្នា​សម្រាប់​កម្ពុជា។

សង្គម​ស៊ីវិល និង​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល​បាន​សម្តែង​ការអបអរ​ចំពោះ​ជំនួយ​នេះ អបអរ​ជំនួស​ពលរដ្ឋ​កម្ពុជា​ជាទូទៅ។ លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធ​មនុស្ស អាដហុក​បាន​ទទួល​ស្គាល់​ថា ប្រទេស​ផ្តល់​ជំនួយ​បាន​គាំទ្រ​ការងារ​រដ្ឋាភិបាល​ហើយ បាន​ជា​នៅ​សន្យា​ផ្តល់​ជំនួយ​អោយ​រដ្ឋាភិបាល​ច្រើន​យ៉ាង​នេះ។ លោក ធន សារាយ​យល់​ថា ការ​ខ្វះខាត​របស់​កម្ពុជា​ពិត​ជា​នៅ​មាន ក៏​ប៉ុន្តែ​ប្រទេស​ផ្តល់​ជំនួយ​មិនអាច​ផ្តាច់​ជំនួយ​ទេ ប៉ុន្តែពួកគេ​នៅ​ជម្រុញ​អោយ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់។ ហើយ​ជំនួយ​គេ​នៅតែ​អោយ។ សម្រាប់​លោក​ធន សារាយ នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ល្អ។

ចំនែក​ឯ​លោក​ពុទ្ធា ហង្ស​ដែល​ជា​នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​ឈ្មោះ​និកហ្វិក​វិញ លោក​សប្បាយ​ចិត្ត​ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់។ ប៉ុន្តែ​លោក​អំពាវនាវ​អោយ​រដ្ឋាភិបាល​ប្រកាស​អ្វី​ដែល​ជា​ទឹក​ប្រាក់​កំចី ជា​សាធារណៈ​ដើម្បី​អោយ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង ហើយ​សូម​អោយ​រដ្ឋាភិបាល​ប្រើប្រាស់​ជំនួយ​អោយ​មាន​ប្រសិទ្ធភាព។

លោក​យ៉ែម បុញ្ញឬទ្ធិ​តំណាងរាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ថ្លែងស្វាគមន៍​ជំនួយ​បរទេស​ទាំងនេះ ស្នើ​អោយ​រដ្ឋាភិបាល​បំបាត់​អំពើ​ពុករលួយ លើកស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​កសិកម្ម ក៏​ដូចជា​តម្លៃ​កសិផល​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI