កម្ពុជា

លោកហ៊ុន សែន​ចូលរួម​ប្រជុំវេទិកា​សេដ្ឋកិច្ច​នៅហូជីមិញ​

លោកនាយករដ្ឋមន្ត្រីខ្មែរ​ ហ៊ុន សែន​
លោកនាយករដ្ឋមន្ត្រីខ្មែរ​ ហ៊ុន សែន​ © : Reuters

លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែន​នឹង​ចេញ​ដំណើរ​ទៅ​ចូល​រួម​វេទិការ​សេដ្ឋកិច្ច​ក្នុង​ក្របខណ្ឌ​​តំបន់​​អាស៊ី​បូព៌ា​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​​នៅ​ក្នុ​ង​​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។​ លោកហ៊ុន សែន​​គ្រោងនឹង​ធ្វើសេចក្តី​ថ្លែងការណ៍​មួយ​លើប្រធាន​បទ៖​ ប្រែក្លាយ​មេគង្គ​ជាតំបន់​លូតលាស់​និង​ភាព​​ជា​​អ្នកដឹកនាំ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ស្តី​ពី​អាស៊ី​បូព៌ា​ឆ្នាំ​២០១០។ វេទិកា​សេដ្ឋកិច្ច​នេះ​នឹង​ប្រព្រឹត្តិ​​ទៅ​រយៈ​ពេល​២​ថ្ងៃ​នៅក្នុង​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​៦និង​ទី​៧​មិថុនា​នេះ។

 
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នឹង​ធ្វើ​សុន្ទរកថា​មួយ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ និង​ចូលរួម​ពិភាក្សា​ក្នុង​ប្រធាន​បទ "ប្រែ​ក្លាយ​មេគង្គ​ជា​តំបន់​លូតលាស់និង​ភាព​ជា​អ្នក​ដឹកនាំ"។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​លោក កុយ គួង​បាន​ថ្លែង​អោយ​ដឹង​ថា កិច្ច​ប្រជុំ​ជា​អន្តរជាតិ​ផ្តោត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់។

យោងតាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​វៀតណាម នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ី​បូព៌ា​នេះ។ តាម​គម្រោង មាន​មនុស្ស​មិនតិច​ជាង​៤០០​នាក់​ជា​មេដឹកនាំ​ប្រទេសជា​អ្នក​ជំនួញ​ធំៗនិង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផងដែល​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​២ថ្ងៃ​នេះ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​កាសែត​ថៃ​The Nation ​នាយក​រដ្ឋមន្ត្រី​ថៃ​អាប់ភីស៊ីត វីចាជីវ៉ា​ក៏​នឹង​ចេញ​តំណើរ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម​នេះ​ផង​ដែរ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ថា ក្រៅ​ពី​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ក៏​មាន​គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ផងដែរ។ ផ្ទុយ​ទៅ​វិញ បើ​ទោះ​ណា​ជា​មាន​វត្តមាន​លោក​​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទី​ក្រុង​ហូជីមិញ​ក៏​ដោយ មិនមាន​ព័ត៌មាន​ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​អាច​ជួបគ្នា ឬ​យ៉ាង​ណាដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការ​ស្តារ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI