ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ព្រំដែន ៖ អធិករណ៍​ដែល​មិន​អាច​រំលត់​បាន ?

សំឡេង ០៣:៥១
លោក សម រង្ស៊ី នាំ​ប្រជាជន​ដកតម្រុយ​​បង្គោល​ព្រំ​ដែន​ នៅ​ខេត្ត​ស្វាយរៀង ឆ្នាំ​២០០៩
លោក សម រង្ស៊ី នាំ​ប្រជាជន​ដកតម្រុយ​​បង្គោល​ព្រំ​ដែន​ នៅ​ខេត្ត​ស្វាយរៀង ឆ្នាំ​២០០៩ © សុវណ្ណារ៉ា/RFI

ការ​ប្រទូសរ៉ាយ​បាន​កើត​ឡើង​មួយ​ឈុត​ ទៀត​កាល​ពី​ថ្ងៃ​ទី​៣​មិថុនា​រវាង​តំណាង​រាស្រ្ត​​គណបក្ស​​សម​​រង្ស៊ី​ជាមួយ​ នឹង​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ដោយ​​មាន​អាជ្ញាធរ​នៅ​ពី ​ក្រោយ​ខ្នង។​​ ការ​ប្រទូសរ៉ាយ​នេះ​ បាន​កើត​ឡើង​ខណៈ​ពេល​​​ដែល​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​មួយ​ក្រុម​បាន​ ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ក្នុង​​ស្រុក​បូរីជលសា​​ខេត្ត​តាកែវ​​ប៉ុន្តែ​​ពួកគេ​​ត្រូវ​បាន​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​​រារាំង​ដំណើរ។​​ នេះ​ជា​សញ្ញា​នៃ​ការ​ផ្ទុះ​ឡើង​នូវ​អធិករណ៍​ ថ្មី​ទៀត​ជុំវិញ​បញ្ហា​ព្រំដែន​ ក្នុង​​ខេត្ត​តាកែវ​​ខណៈ​ដែល​បញ្ហា​នៅ​ឯ​ស្វាយរៀង​មិនទាន់​ទាំង​ដោះស្រាយ​ ចប់ផង។​​​ 

ផ្សាយពាណិជ្ជកម្ម

ការ​មិន​ចុះ​សម្រុង​គ្នា​ស្តីពី​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​​គឺជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ។​​ជំងឺ​នេះ​ចេះ​តែ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​​មួយ​ទៀត​ឥត​ឈប់ឈរ​​និង​តែង​ក្លាយ​ជា​ដើមចម​នៃ​ជម្លោះ​ដ៏​ជូរចត់​រវាង​អ្នក​នយោបាយ​ខ្មែរ​​ដែល​ម្នាក់ៗ​សុទ្ធ​តែ​អះអាង​ថា​​ខ្លួន​ជា​អ្នក​ស្នេហាជាតិ​​និង​ការពារ​ទឹកដី​មិន​ឲ្យ​​បាត់បង់។

 
         អស់​ពី​ខេត្ត​ស្វាយរៀង​​ឥឡូវ​នេះ​​ជំងឺ​ព្រំដែន​បាន​រាលដាល​ដល់​ខេត្ត​តាកែវ​ទៀត​​ហើយ។​​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​មួយ​ក្រុម​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ស្រុក​បូរីជលសា​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ត្រូវ​បាន​រារាំង​ឃាំង​ដំណើរ​​ដោយ​ក្រុម​អ្នកភូមិ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច។​​ការ​រារាំង​នេះ​បណ្តាល​ឲ្យ​កើត​​រឿងរ៉ាវ​តឹង​សរសៃ​ក​ដាក់​គ្នា​​តែ​មិន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​អ្វី​ទេ។​​យ៉ាង​ណា​ក៏​ដោយ​​សម្រាប់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​​នេះ​ជា​សញ្ញា​នៃ​ការ​​រាលដាល​ដំបៅ​ចាស់​ស្តីពី​បញ្ហា​ព្រំដែន។

         មក​ដល់​ត្រង់​នេះ​​គេ​គួរ​ងាក​ក្រោយ​បន្តិច​ទៅ​មើល​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ខេត្ត​​ស្វាយរៀង។​​កាល​ពី​ថ្ងៃ​ទី​២៥​​តុលា​​ឆ្នាំ​២០០៩​​លោក​​សម​​រង្ស៊ី​​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​​នាំ​អ្នកភូមិ​មួយ​ក្រុម​ទៅ​ដក​បង្គោល​ឈើ​ដែល​គេ​បោះ​បណ្តោះ​អាសន្ន​ដើម្បី​កំណត់​ដែន​​សីមា​រវាង​កម្ពុជា​​និង​វៀតណាម​​នៅ​ក្នុង​ភូមិ​កោះក្បាន​កណ្តាល​​ស្រុក​សំរោង​​ខេត្ត​ស្វាយ​រៀង។​បង្គោល​ឈើ​ទាំង​នោះ​ត្រូវ​បាន​មេដឹកនាំ​បក្ស​ប្រឆាំង​​និង​ពលរដ្ឋ​អម​ដំណើរ​ដក​គ្រវាត់​ចោល​ដោយ​ពួកគេ​ចោទ​ថា​បាន​បោះ​នៅ​លើ​ដី​របស់​​កសិករ​ខ្មែរ។

         ផ្តើម​ចេញ​ពី​ការ​ដក​បង្គោល​នេះ​​​លោក​សម​​រង្ស៊ី​ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​​រីឯ​អ្នកភូមិ​ពីរ​នាក់​ទៀត​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​​ពន្ធនាគារ​មួយ​ឆ្នាំ។​​ជា​ផលវិបាក​​លោក​សម​​រង្ស៊ី​​ត្រូវ​និរទេស​ខ្លួន​ឯង​ទៅ​ជ្រកកោន​នៅ​​ឯ​បរទេស​​រីឯ​កសិករ​ពីរ​នាក់​ដែល​គ្មាន​លទ្ធភាព​ចេញ​ទៅ​ក្រៅ​ប្រទេស​កំពុង​ជាប់​ក្នុង​​ពន្ធនាគារ។​រឿងរ៉ាវ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ។​​លោក​សម​​រង្ស៊ី​​ត្រូវ​បាន​មេធាវី​រាជ​​រដ្ឋាភិបាល​ប្តឹង​បន្ថែម​ទៀត​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។​ពាក្យ​បណ្តឹង​នេះ​ត្រូវ​​បាន​ដាក់​ចូល​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​លោក​សម​​រង្ស៊ី​បាន​ផ្សព្វផ្សាយ​​ឯកសារ​ផែនទី​ដែល​បង្ហាញ​ពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន។​​ប៉ុន្តែ​អំណះ​អំណាង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុក​ជា​ការ​ក្លែង​បន្លំ។

         ឥឡូវ​នេះ​​រឿង​​ភាគ​នៃ​បញ្ហា​ព្រំដែន​បាន​រាលដាល​ដល់​ខេត្ត​តាកែវ​ហើយ។​​ពិត​ណាស់​ថា​​រដ្ឋាភិបាល​មាន​អំណះ​អំណាង​ថា​​គេ​មិន​ចង់​ឲ្យ​បក្ស​ប្រឆាំង​ទៅ​ឆាឆៅ​​ការងារ​របស់​គេ​ឡើយ​ព្រោះ​គេ​ជា​អ្នក​ដឹកនាំ​ប្រទេស។​​ប៉ុន្តែ​​ការ​រារាំង​តំណាង​រាស្រ្ត​បក្ស​​ប្រឆាំង​មិន​ឲ្យ​ទៅ​ពិនិត្យ​មើល​បង្គោល​ដែល​គេ​បាន​បោះ​រួច​ទៅ​ហើយ​នោះ​​វា​ហាក់​ដូច​ជា​​បើក​ឧិកាស​ឲ្យ​គណបក្ស​ប្រឆាំង​មាន​មន្ទិល​សង្ស័យ​​អំពី​តម្លាភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​វិញ​ទេ​ហើយ​បាន​ប្រើប្រាស់​ក្តី​មន្ទិល​នេះ​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល។

         សុភាសិត​បុរាណ​មួយ​បាន​ពោល​ថា​«មាសសុទ្ធ​មិន​ខ្លាច​ភ្លើង»​ ​យ៉ាង​ណា​មិញ​​រដ្ឋាភិបាល​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​ខ្លាច​ឬ​លាក់បាំង​ឡើយ​ប្រសិន​បើ​ការងារ​របស់​ខ្លួន​ពិត​ជា​​ត្រឹម​ត្រូវ​​តាម​បច្ចេកទេស​ហើយ​នោះ។​​ផ្ទុយ​ទៅ​វិញ​​ការ​បិទ​បាំង​គឺជា​ប្រភព​នៃ​ក្តី​មន្ទិល​​សង្ស័យ​គ្រប់​បែប​យ៉ាង​​ជា​ពិសេស​បញ្ហា​ព្រំដែន​ដែល​ជា​រឿង​ដ៏​រសើប​បំផុត​មួយ​នោះ​​ក្តី​មន្ទិល​សង្ស័យ​ងាយ​នឹង​ក្លាយ​ជា​បញ្ហា​ធំ​បាន។

         សរុប​មក​វិញ​​នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​ដ៏​រសើប​​និង​ជា​បញ្ហា​រួម​របស់​ជាតិ​ទាំង​​មូល​​​រដ្ឋាភិបាល​​និង​បក្ស​ប្រឆាំង​គួរ​តតាំង​គ្នា​តាម​លក្ខណៈ​បច្ចេកទេស​​ជាជាង​ការ​តតាំង​​តាម​បែប​នយោបាយ។​ការ​លាក់បាំង​មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ​​តែ​វា​បែរ​ជា​​បង្កើន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ។​​រីឯ​ការ​ប្រែក្លាយ​បញ្ហា​ព្រំដែន​ឲ្យ​ទៅ​ជា​រឿង​​នយោបាយ​ក៏រឹត​តែ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ប្រទេសជាតិ​ថែម​ទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI