អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច​-​ជាតិ​និយម​លេច​ចេញ​ជា​រូបរាង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ

លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ
លោក​ញ៉ឹក ប៊ុនឆៃ (ឆ្វេង) មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក​យូ ហុកគ្រី មក​ពី​គណបក្ស​នរោត្តមរណឫទ្ធិ ©វណ្ណារ៉ា
ដោយ៖ គី សុខលីម
២០ នាទី

បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​រួច​មក​ គណបក្ស​ទាំង​ពីរ​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម​ នឹង​ចុះ​ហត្ថលេខា​បង្កើត​សម្ព័ន្ធភាព​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុន​នេះ។ ការ​បង្កើត​សម្ព័ន្ធភាព​​របស់ ​គណបក្ស​ជាតិនិយម​និង​ហ៊្វុនស៊ិនប៉ិច​នៅ​ពេល​នេះ​​ គឺ ​ក្នុង​គោលដៅ​ប្រមែប្រមូល​សំឡេង ​ឆ្នោត​ដែល​បាន​បាត់បង់​កាល​ពី​ការ​បោះឆ្នោត​នាពេល​កន្លងមក។ 

ផ្សាយពាណិជ្ជកម្ម

បទ​អន្តរាគមន៍​របស់ គី សុខលីម

ដើម្បី​បញ្ចប់​ការ​ទន្ទឹង​រង់ចាំ​មើល​របស់​មហាជន​​​នោះ តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ជាតិនិយម​ដែល​ជា​អតីត​គណបក្ស នរោត្តម​រណឫទ្ធិ បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ការ​ចុះ​ហត្ថលេខា​បង្កើត​សម្ព័ន្ធភាព​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ នៅ​វេលា​ម៉ោង​៣​រសៀល​នៅក្នុង​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

 
ការ​សម្រេច​ប្រកាស​សម្ព័ន្ធភាព​ជា​ផ្លូវការ​នៅ​ពេល​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​​បាន​ចំណាយ​ពេល​ជិត​៧​ខែ​ ដើម្បី​ធ្វើ​ការ​ចរចា ​​និង​បាន​ចំណាយ​កិច្ច​ប្រជុំ​ផ្លូវការ​ និង​មិន​ផ្លូវការ​ជា​ច្រើន​លើក​ច្រើនសា​ថែម​ទៀត​ផង។

សម្ព័ន្ធភាព​នេះ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម។ ជាតិនិយម​នេះ​​គឺ​ជា​ឈ្មោះ​ប្តូរ​មក​ពី​គណបក្ស នរោត្ត រណឫទ្ធិ ដែល​ធ្លាប់​ដឹក​នាំ​ដោយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ។

លោក ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស​ជាតិនិយម​បាន​និយាយ​ថា ការ​សម្រេច​ជ្រើសរើស​បេក្ខភាព​ថ្នាក់​ដឹកនាំ​សម្ព័ន្ធភាព​អាច​ធ្វើឡើង​នៅព្រឹក​ថ្ងៃ​ចន្ទ​ឯណោះ។​​​​

លោក ប៉ែន សង្ហា និង លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បញ្ជាក់​ប្រាប់​ដូចគ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ជា​គោលការណ៍​គណបក្ស​ទាំងពីរ​មាន​បំណង​ចង់​រំលាយ​បញ្ចូល​គ្នា​នៅមុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២​ ឬ​​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។​ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​ចរចា​អោយ​លម្អិត​នៅ​ឡើយ​ទេ។

​​លោក​ ប៉ែន​ សង្ហា​ បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​គណបក្ស​ទាំង​ពីរ​មិន​បែក​បាក់​គ្នា​ទេ​នោះ​ គណបក្ស​ទាំង​ពីរ​អាច​ទទួល​បាន​កៅអី​នៅក្នុង​រដ្ឋសភា​ជាតិ​រហូត​ទៅ​ដល់​១៧​កៅអី​ឯណោះ​ សម្រាប់​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០០៨​កន្លងមក​​ ប៉ុន្តែ​ដោយសារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បែក​ចេញ​ជា​ពីរ។ ដូច្នេះ​គណបក្ស​ជម្លោះ​ពីរ​នេះ​ទទួល​បាន​កៅអី​ម្នាក់​ៗតែ​ពីរ​ប៉ុណ្ណោះ។​

​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ទទួល​កៅអី​រដ្ឋសភា​​៥៨​កៅអី។​ ឆ្នាំ​១៩៩៨​គណបក្ស​ទទួល​បាន​៤៣​អាសនៈ។​ ​ឆ្នាំ​២០០៣​គណបក្ស​ទទួល​បាន​២៦​កៅអី​ ប៉ុន្តែ​ក្រោយ​ការ​បែកបាក់​ជា​ពីរ គណបក្ស​នីមួយៗ​ទទួល​បាន​កៅអី​ម្នាក់ៗតែ​២​ប៉ុណ្ណោះ។

លោក​ គល់​ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​Comfrel​បាន​ពន្យល់​ថា​​ការ​ចង​សម្ព័ន្ធភាព​នេះ​គឺ​ជា​ការ​ពង្រឹង​កម្លាំង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ខ្លួន​ឯង​ឡើង​វិញ​​ផង​ និង​ម៉្យាងទៀត​គឺ​ជា​ការ​ល្អ​ក្នុង​ការ​ថ្លឹង​កម្លាំង​នយោបាយ​ក្នុង​របប​នយោបាយ​សភា​ពហុបក្ស។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ