កម្ពុជា

សម្តេច​ឪ​យាង​ទស្សនកិច្ច​នៅ​វៀតណាម​ចុង​ខែ​មិថុនា​នេះ

សម្តេចឪ នរោត្តម សីហនុ
សម្តេចឪ នរោត្តម សីហនុ © សុវណ្ណារ៉ា

អតីត​ព្រះមហាក្សត្រ​​សម្តេចឪ​​នរោត្តម​​ សីហនុ​នឹង​យាង​ទៅ​បំពេញ​ព្រះរាជ​ ទស្សនកិច្ច​​នៅ​ប្រទេស​វៀតណាម​នា​ចុង​ខែ​មិថុនា​នេះ។​​នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ព្រះបរម​​រាជវាំង​ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ។ ​​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ សម្តេចឪ​ត្រូវ​​បាន​រៀបចំ​ធ្វើ​ឡើង​ទៅ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ វៀតណាម​​លោក​Nguyên​ Minh Triêt ​​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។ ​​គណបក្ស​ប្រឆាំង​បាន​ឆ្លៀត​​ឱកាស​នេះ ​ដើម្បី​ស្នើ​ឲ្យ​សម្តេចឪ​លើក​ឡើង​ពី​បញ្ហា​ព្រំដែន។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​ ប៉ែន បូណា

កាលបរិច្ឆេទ​នៃ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចឪ​​នរោត្តម​​សីហនុ​​ទៅ​កាន់​​​ប្រទេស​វៀតណាម​នៅ​មិនទាន់​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ​​ ប៉ុន្តែ​​ព្រះអង្គ​នឹង​យាង​​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​នៅ​ចុង​ខែ​មិថុនា​នេះ។ ​​​នេះ​បើ​យោង​​តាម​បន្ទូល​របស់​អ្នក​អង្គម្ចាស់​​ស៊ីសុវត្ថិ​​ធម្មិកោ​​មន្ត្រី​ជំនួយការ​ផ្ទាល់​របស់​សម្តេចឪ​​ដែល​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ។

 
         ព័ត៌មាន​ស្តីពី​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ទៅ​កាន់​​ប្រទេស​វៀតណាម​បាន​លេចលឺ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​​ ព្រះរាជ​ដំណើរ​ទស្សនកិច្ច​​ដ៏កម្រ​នេះ​បាន​ធ្វើឲ្យ​មហាជន​ជា​ទូទៅ​ចាប់​អារម្មណ៍​​និង​ចោទ​សួរ​អំពី​ខ្លឹមសារ​នៃ​​ព្រឹត្តិការណ៍​នេះ។​​អ្នក​អង្គម្ចាស់​ស៊ីសុវត្ថិ​​ធម្មិកោ​​បាន​ពន្យល់​ថា​​នេះ​គឺជា​ព្រះរាជ​ដំណើរ​​ទស្សនកិច្ច​ជា​មិត្តភាព​​និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​​វៀតណាម​​លោក​Nguyên​ Minh​ Triêt​​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។​បើ​យោង​តាម​ប្រភព​​ដដែល​​អតីត​ព្រះមហាក្សត្រ​​គ្រោង​នឹង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​រយៈ​ពេល​បី​ឬ​​បួន​ថ្ងៃ​នៅ​លើ​ទឹកដី​វៀតណាម។

         ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះមហា​វរក្សត្រ​ខ្មែរ​បាន​ធ្វើ​ឡើង​ជួន​ចំពេល​ដែល​​គណបក្ស​ប្រឆាំង​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​​កម្ពុជា​​និង​វៀតណាម។​​​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​បាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​​សរសេរ​លិខិត​មួយ​ច្បាប់​​ទូល​ស្នើ​សម្តេចឪ​ឲ្យ​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ជាមួយ​មេដឹក​នាំ​ទីក្រុង​ហាណូយ។​

         ប៉ុន្តែ​​សំណើ​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ព្រះ​បរម​រាជវាំង​ឡើយ។​អ្នក​អង្គ​ម្ចាស់​​ស៊ីសុវត្ថិ​​ធម្មិកោ​​បាន​មាន​បន្ទូល​ដោយ​មិន​សប្បាយ​ព្រះទ័យ​ថា​​គណបក្ស​​សម​​រង្ស៊ី​គួរ​មើល​រដ្ឋធម្មនុញ្ញ​សិន​មុន​នឹង​ធ្វើ​សំណើ​បែប​នេះ។​​ជំនួយ​ការ​​របស់​សម្តេចឪ​​ទ្រង់​ពន្យល់​ថា​​ព្រះមហាក្សត្រ​មិន​អាច​លូក​លាន់​ចូល​ក្នុង​កិច្ចការ​នយោបាយ​បាន​​ឡើយ។​​ ម្យ៉ាង​ទៀត​​សម្តេចឪ​ទ្រង់​ចូល​និវត្តន៍​ទៅ​ហើយ​តាំង​ពី​ឆ្នាំ​២០០៤​មក​ម៉្លេះ។ ​ដូច្នេះ​ព្រះអង្គ​រឹតតែ​មិន​អាច​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI